តុលាការ ICC អនុញ្ញាតឱ្យអតីតប្រធានាធិបតីកូតឌីវ័រចាកចេញពីបែលហ្ស៊ិក

194
ចែករម្លែក

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃព្រហស្បតិ៍ទី២៨ឧសភាបាននិយាយថា អតីតប្រធានាធិបតីកូតឌីវ័រលោក ឡូរ៉ង់ ក្បាកបូ (Laurent Gbagbo) អាចចាកចេញពីបែលហ្ស៊ិកក្រោមលក្ខខណ្ឌមួយចំនួនបន្ទាប់ពីការដោះលែងរូបលោកកាលពីឆ្នាំមុនជុំវិញអំពើហិង្សាក្រោយការបោះឆ្នោតដែលបានសម្លាប់មនុស្ស ៣០០០ នាក់។

លោកក្បាកបូ និងអនុប្រធានាធិបតីរបស់គាត់ លោក ឆាល ប្លេ ហ្គោត (Charles Ble Goude) ទាំងពីរនាក់ត្រូវបានកាត់ឱ្យរួចទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិកាលពីមួយឆ្នាំមុន ពោលគឺ ៨ ឆ្នាំបន្ទាប់ពីការចាប់ខ្លួនអតីតបុរសខ្លាំងអាហ្រ្វិកខាងលិចរូបនេះនិងផ្ទេរទៅកាន់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។

បែលហ្ស៊ិកបានយល់ព្រមទទួលលោកក្បាកបូអាយុ ៧៣ ឆ្នាំបន្ទាប់ពីគាត់ត្រូវបានដោះលែងកាលពីខែកុម្ភៈឆ្នាំមុនក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹងរួមទាំងថាគាត់នឹងត្រឡប់ទៅតុលាការវិញសម្រាប់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដោះលែងគាត់។

អ្នកនាំពាក្យរបស់តុលាការ ICC និយាយថាលោកក្បាកបូអាចធ្វើដំណើរបាន ប្រសិនបើប្រទេស ដែលគាត់ចង់ទៅនោះ យល់ព្រមទទួលគាត់។

ទោះយ៉ាងណា ការវិលត្រឡប់របស់លោកក្បាកបូទៅកាន់ប្រទេសកូតឌីវ័រវិញ កន្លែងដែលគណបក្សរណសិរ្សមហាជនកូតឌីវ័រ (FPI) របស់គាត់កំពុងត្រៀមលក្ខណៈដើម្បីប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីនៅខែតុលាខាងមុខនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ប៉ុន្តែអ្នកនាំពាក្យរបស់គណបក្ស FPI លោក ហ្វ្រង់ អ៊ែនឌ័រសុន មានក្តីសោមនស្សជាខ្លាំង។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងសប្បាយចិត្ត វាជាការសំខាន់ណាស់ដែលការរឹតត្បិតទាំងនេះត្រូវបានដកចេញ”។

លោកនិយយទៀតថា “យើងកំពុងរង់ចាំកាលបរិច្ឆេទនៃការវិលត្រឡប់របស់គាត់។ យើងនឹងស្វាគមន៍គាត់”។

មេធាវីរបស់លោកក្បាកបូបានប្តឹងឧទ្ធរណ៍សម្រាប់ការដោះលែងដោយគ្មានលក្ខខណ្ឌ ដោយអះអាងថា តុលាការ ICC មិនអាចកំណត់បំលាស់ទីរបស់មនុស្សដែលត្រូវបានដោះលែងនោះទេ។

តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេកាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការទាមទារនេះ ប៉ុន្តែបានដកហូតការរឹតត្បិតមួយចំនួនលើបំលាស់ទីរបស់គាត់ ក្នុងនោះរួមទាំងការហាមឃាត់ការធ្វើដំណើរហួសពីព្រំដែនកំណត់នៃទឹកដីរដ្ឋដែលបានទទួលគាត់ដោយគ្មានការអនុញ្ញាតច្បាស់លាស់ពីតុលាការផងដែរ។

ICC ក៏បានដកលក្ខខណ្ឌមួយចេញផងដែរ ដែលតម្រូវឱ្យបុរសទាំងពីរប្រគល់ឯកសារសម្គាល់ខ្លួនរបស់ពួកគេជាពិសេសលិខិតឆ្លងដែនទៅតុលាការនិងរាយការណ៍ប្រចាំសប្តាហ៍ទៅអាជ្ញាធរអនុវត្តច្បាប់នៅក្នុងប្រទេសដែលពួកគេរស់នៅឬទៅកាន់តុលាការ៕ ដោយ៖ កញ្ញាដាលីស

លោកក្បាកបូអាចចាកចេញពីបែលហ្ស៊ិកបានហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម