រដ្ឋាភិបាលហុងកុងព្រមានថាការដកចេញនូវឋានៈពិសេសរបស់ហុងកុងពីសំណាក់អាម៉េរិក ជា “កាំបិតមុខពីរ”

171
ចែករម្លែក

រដ្ឋាភិបាលហុងកុងបានព្រមានរបបក្រុងវ៉ាស៊ីនតោនថាការដកឋានៈពិសេសពីសំណាក់សហរដ្ឋអាម៉េរិក ដែលធ្លាប់បានគាំទ្រទីក្រុងនេះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក អាចជា “កាំបិតមុខពីរ” និងជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងស្របពេលដែលប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំគ្រោងនឹងប្រកាសនៅយប់ថ្ងៃសុក្រ ទី២៩ ឧសភា នូវការឆ្លើយតបរបស់លោកចំពោះការជំរុញអនុម័តច្បាប់សន្តិសុខជាតិរបស់ចិនសម្រាប់ទីក្រុងហុងកុង ដែលសកម្មជនប្រជាធិបតេយ្យនិងបណ្តាប្រទេសលោកខាងលិចបារម្ភថាអាចបំផ្លាញសេរីភាពរបស់ទីក្រុងនេះ។

អតីតអាណានិគមអង់គ្លេសមួយនេះទទួលបានស្វ័យភាពកម្រិតខ្ពស់ក្រោមរូបមន្ត “ប្រទេសមួយប្រព័ន្ធពីរ” ចាប់តាំងពីដែនដីនេះបានវិលត្រឡប់មកក្រោមការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ ១៩៩៧។

រដ្ឋាភិបាលរបស់ទីក្រុងហុងកុងបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “ទណ្ឌកម្មណាមួយគឺជាកាំបិតមុខពីរ ដែលនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ហុងកុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់ផលប្រយោជន៍អាម៉េរិកផងដែរ”។

រដ្ឋាភិបាលបានបន្ថែមទៀតថា ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ អតិរេកពាណិជ្ជកម្មអាម៉េរិកជាមួយហុងកុងគឺធំជាងគេក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់ហុងកុង ដែលមានទំហំពាណិជ្ជកម្មសរុបចំនួន ២៩៧ ពាន់លានដុល្លារ និង ក្រុមហ៊ុនអាមេរិកចំនួន ១.៣០០ មានមូលដ្ឋាននៅទីក្រុងនេះ។

រដ្ឋាភិបាលក្រុងប៉េកាំងនិយាយថាច្បាប់ថ្មីនេះនឹងដោះស្រាយនូវការបំបែករដ្ឋការធ្វើវិទ្ធង្សនាអំពើភេរវកម្មនិងការជ្រៀតជ្រែកពីបរទេសនៅក្នុងទីក្រុងហុងកុង។ ចិនក៏អាចបើកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៅទីនោះផងដែរ។

ផែនការនេះបានបញ្ឆេះការតវ៉ាទ្រង់ទ្រាយធំលើកដំបូងនៅហុងកុងក្នុងរយៈពេលជាច្រើនខែមកនេះខណៈមនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនានាក្នុងសប្តាហ៍នេះ ដែលជំរុញឱ្យប៉ូលិសបាញ់ម្រេចនៅចំកណ្តាលសង្កាត់ហិរញ្ញវត្ថុរបស់ទីក្រុងដើម្បីបំបែកហ្វូងមនុស្ស៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសប្រឆាំងកុបកម្មឈរការពារនៅមុខរដ្ឋសភាហុងកុងកាលពីថ្ងៃទី២៧ឧសភា

ទីតាំងផ្សាយពាណិជ្ជកម្ម