ខេត្តពោធិសាត់ នឹងមាន​ពហុ​កីឡដ្ឋាន​ធំ​មួយ​

114
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
យោងតាម​ការចុះផ្សាយ លើ​ផេ​ក​ផ្លូវការ របស់​រដ្ឋបាល​ខេត្តពោធិសាត់​នោះ​ថា ពហុ​កីឡដ្ឋាន​មួយ ដែល​គេ​ប្រសិទ្ធ​នាម​ថា មជ្ឈមណ្ឌល​កីឡា សម្ដេច​តេ​ជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» នឹង​លេចចេញ​ជា​រូបរាង​នាពេល​ខាងមុខនេះ ។​

​គម្រោង​នេះ ត្រូវបាន​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ ពិភាក្សា​អនុម័ត លើ​ការសាងសង់ ដើម្បី​ជាការ​ឆ្លើយតប ទៅនឹង​ការរីកចម្រើន នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​។​

គម្រូ​ប្លង់​សាងសង់​ មជ្ឈមណ្ឌល​ សម្ដេច​តេ​ជោ ហ៊ុន សែន​

​តាម​គម្រោង​ពហុ​កីឡដ្ឋាន​នេះ អាច​សាងសង់ នៅលើ​ផ្ទៃដី ប្រមាណ ២៥ ហិកតា ស្ថិតនៅ​វាល​សម្តេច​យស ក្នុងភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ពហុ​កីឡដ្ឋាន​នេះ រួមមាន ទីលាន​បាល់ទាត់​ខ្នាត​អន្តរជាតិ​, ទីលាន​មហោស្រព​, ទីលាន​បាល់ទះ​, ទីលាន​បាល់បោះ​, ទីលាន​រត់ប្រណាំង​, ទីលាន​វាយ​សី​, កន្លែង​អង្គុយ​ទស្សនា​, កន្លែង​ហាត់ប្រាណ​, ប្រព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង , វាលស្មៅ​, កន្លែង​ក្មេង​លេង​, កន្លែង​អង្គុយលេង​, ស្រះ​ទឹក និង​កន្លែង​ចត​រថយន្ត ។​

​ការសម្រេចចិត្ត​សាងសង់ ពហុ​កីឡដ្ឋាន ថ្មី​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកភាព​គាំទ្រ ក្នុងឱកាស​ដែល សម្តេច​អញ្ជើញ ចុះសួរសុខទុក្ខ កម្មករ​-​កម្មការិនី នៅ​រោងចក្រ សហគ្រាស​នានា ក្នុង​ខេត្តពោធិ៍សាត់ កាលពីពេល​កន្លងទៅ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​របស់​កម្ពុជា និង​មួយផ្នែក​ទៀត សម្រាប់​កម្ពុជា ឈានឆ្ពោះ​ទៅធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា តំបន់​អាស៊ាន «Sea Game» នៅ​ឆ្នាំ​២០២៣​។​

គម្រូ​ប្លង់​សាងសង់​ មជ្ឈមណ្ឌល​ សម្ដេច​តេ​ជោ ហ៊ុន សែន​

​រដ្ឋបាលខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បើតាម​កិច្ចប្រជុំ​ពិភាក្សា គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​សាល​វីដេអូ ខុន​ហ្វើ​រិ​ន ( Conference Video Room ) សាលាខេត្ត​ពោធិ៍សាត់​, លោក កែវ រតនៈ និង​លោក ម៉ៅ ធនិន បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​នេះ សាងសង់ឡើង ដើម្បី​បន្សល់​ទុកជា​កេរ្តិ៍មរតក សម្រាប់​ខេត្ត​ផង និង​អាចជា​ការឆ្លើយតប ទៅនឹង​ភាព​រីកចម្រើន នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​ផងដែរ​។​

​បច្ចុប្បន្ន រដ្ឋបាលខេត្ត ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ មន្ទីរជំនាញ និង​ផ្នែក​ឯកជន កំពុង​សហការគ្នា​អនុវត្តន៍​គម្រោង​នេះ ដោយបាន​ឈូសឆាយ ចាក់ដី​បាន​មួយផ្នែក​ហើយ ដោយឡែក ចំពោះ​ថា តើ​ប្រើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ទើប​បញ្ចប់​នោះ ប្រភព​ដដែល​ខាងលើ ពុំបាន​បញ្ជាក់​ឡើយ ។ ចំពោះ ការសាងសង់ នឹង​បញ្ចប់​នៅពេលណា ក៏​មិនមាន​នរណា​ដឹង​ដែរ តែ​អ្វីៗ គេ​ប្រើពាក្យ​ថា សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ