​ប្រមុខ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ សាងសង់​មណ្ឌល​កីឡាហែលទឹក នៅ​ខេត្តបាត់ដំបង​

115
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​បាត់ដំបង​៖
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ដឹកនាំ​គណៈប្រតិភូ ចុះ​ពិនិត្យ​វឌ្ឍនភាព គម្រោង​សាងសង់ មណ្ឌល​កីឡាហែលទឹក ដែលមាន​ទីតាំង​ឋិត​នៅក្នុង បរិវេណ​នៃ​សាកលវិទ្យាល័យ ខេត្តបាត់ដំបង​។

​មណ្ឌល​ហែល​ទឹក​នេះ សាងសង់ឡើង តាម​ស្តង់​អន្តរជាតិ គ្រោង​ចំណាយ​ថវិកា ប្រមាណ ២ លាន​ដុល្លារ​អាមេរិក ដោយ​ចំណាយពេល សាងសង់ ប្រមាណ ២៤ ខែ ហើយ​គិត​រហូតមក​ដល់ពេលនេះ ការសាងសង់ សម្រេចបាន​ប្រមាណ ៦៩,៥ ភាគរយ​ហើយ​។

អាង​ហែល​ទឹក ដែល​កំពុង​សាងសង់

​មណ្ឌល​ហែល​ទឹក​នេះ សាងសង់​លើ​ផ្ទៃដី ទំហំ ១១២ ម៉ែត្រ គុណ​នឹង ៦៥ ម៉ែត្រ ក្នុងនោះ​រួមមាន​៖ អាង សម្រាប់​ប្រកួត ទំហំ ២៥ ម៉ែត្រ គុណ​នឹង ៥០ ម៉ែត្រ ជម្រៅ ២ ម៉ែត្រ អាង​លោតទឹក ទំហំ ២០ ម៉ែត្រ គុណ​នឹង ២៥ ម៉ែត្រ ជម្រៅ ៤,៥ ម៉ែត្រ អាង​ហែល​កំដៅ​សាច់ដុំ ទំហំ ១០ ម៉ែត្រ គុណ​នឹង ១៥ ម៉ែត្រ ជម្រៅ ១,៥ ម៉ែត្រ ប៉ម​លោតទឹក កំពស់ ១០ ម៉ែត្រ ចែកជា​ថ្នាក់​លោត​កំពស់ ៣ ម៉ែត្រ ៥ ម៉ែត្រ ៧ ម៉ែត្រ និង ១០ ម៉ែត្រ​។ អាង​ទាំងបី និង​ប៉ម​លោតទឹក ត្រូវ​សាងសង់ នៅលើ​ខឿន ទំហំ ៤០ ម៉ែត្រ គុណ​នឹង ១១២ ម៉ែត្រ ខ្ពស់ជាង​ដី​កំណើត ១,៥ ម៉ែត្រ អាងទឹក​ក្នុង​ដី សម្រាប់​រក្សា​តុល្យភាព​ទឹក​អាង ទាំងបី ទំហំ ១០ ម៉ែត្រ គុណ​នឹង ១៥ ម៉ែត្រ ជម្រៅ ២,៥ ម៉ែត្រ​។​

អាង​ហែល​ទឹក ដែល​កំពុង​សាងសង់

​លើសពីនេះ​ទៀត មណ្ឌល​ហែល​ទឹក​នេះ រួមមាន កន្លែង​អង្គុយ​ទស្សនា បន្ទប់​ម៉ាស៊ីន​ចម្រោះ បន្ទប់​ឃ្លាំង បន្ទប់​ផ្លាស់​សម្លៀកបំពាក់ បន្ទប់ទឹក​កីឡាករ​កីឡា​ការី​នី បន្ទប់ទឹក​សាធារណៈ ទីធ្លា​ចំណតរថយន្ត និង​ទោចក្រយានយន្ត អគារ​ពហុ​បំណង បន្ទប់​ពិសេស​សម្រាប់​គណៈអធិបតី បន្ទប់​បញ្ជាការ​ប្រកួត បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់​អាជ្ញាកណ្តាល កន្លែង​សម្រាក​រយៈពេល​ខ្លី ក្នុងពេល​ប្រកួត បន្ទប់​ស្នាក់នៅ​សម្រាប់ កីឡាករ​ទាំង​ពីរភេទ បន្ទប់​បរិភោគ និង​ចង្ក្រាន​ចំអិន​អាហារ ផងដែរ​។​

​មណ្ឌល​ហែល​ទឹក​នេះ សាងសង់ឡើង ក្រោម​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​ក្រឡាហោម ដើម្បី​អាចឱ្យ​កីឡាករ កីឡា​ការ​នី ទាំង​ជាតិ និង​អន្តរជាតិ ក៏ដូចជា មហាជន​ទូទៅ ធ្វើការ​ហ្វឹកហាត់​កីឡា ដើម្បី​សុខភាព ឬក៏​ដូចជា ដើម្បី​ត្រៀម​ចូលរួម​ដណ្តើមយក​មេដាយ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម (SEA GAME) ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​ធ្វើ​ម្ចាស់ផ្ទះ នៃ​ការប្រកួត​នេះ​៕v

អាង​ហែល​ទឹក ដែល​កំពុង​សាងសង់
​លោក ស៊ុន ចាន់ថុល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ