គុយ សា​វ៉ាន គណៈ​យោធា​ស្រុក​កំពង់ត្របែក (​ដកស្រង់​ចេញពី​ចម្លើយសារភាព​ឯកសារ J00255)

255
ចែករម្លែក

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត
​ភ្នំពេញៈ​ខ្ញុំ​មានឈ្មោះ គុយ យ៉ុ​ន នៅពេល​ចូលធ្វើ​បដិវត្តន៍​ក្នុង​ឆ្នាំ​១៩៦៩ ខ្ញុំ​បាន​ប្តូរ​ទៅ​ឈ្មោះ គុយ សា​វ៉ាន វិញ​។ ឪពុក​ខ្ញុំ​ឈ្មោះ គុយ យ៉ាន់ បាន​ស្លាប់​នៅក្នុង​ឆ្នាំ​១៩៦៨ និង​ម្ដាយ​ខ្ញុំ​ឈ្មោះ ព្រុំ ប៉ិច​។ ឪពុកម្តាយ​របស់ខ្ញុំ​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​។ ខ្ញុំ​កើត​នៅ​ភូមិ​ព្រៃ​ស្ទាំង ឃុំ​ពញា​លៀង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ នៅពេលដែល​ខ្ញុំ​មាន​អាយុ​៥​ឆ្នាំ ឪពុកម្ដាយ​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់នៅ​ភូមិ​ស្នាយ​ព្រឹម ក្នុង​ឃុំ​ពញា​លៀង​ដដែល ព្រោះ​កាលនោះ​ភូមិកំណើត​របស់ខ្ញុំ​មានការ​រា​ត្បា​ត​ពី​សំណាក់​កងទ័ព​វៀតណាម​។ រហូតដល់​ខ្ញុំ​មាន​អាយុ​១១​ឆ្នាំ ទើប​ខ្ញុំ​វិល​ត្រឡប់មក​រស់នៅក្នុង​ភូមិ​ស្ទាំង​វិញ​។ ក្រោយមក ម្ដាយ​របស់ខ្ញុំ​បាន​នាំ​ខ្ញុំ​មក​បួស​រៀន​នៅ​វត្ត​ថ្មី ស្ថិតនៅ​ឃុំ​ពញា​លៀង​ខ ដែល​នៅពេលនោះ​ខ្ញុំ​អាយុ​១៦​ឆ្នាំ​។ ខ្ញុំ​បាន​បួស​ជា​នេន​រយៈពេល​មួយឆ្នាំ និង​បួស​ជា​ភិក្ខុ​រយៈពេល​ពីរ​ឆ្នាំ​។ បន្ទាប់មក​ខ្ញុំ​បាន​ទៅ​រៀន​គម្ពីរ​ព្រះ​ត្រៃបិដក នៅ​វត្ត​ឃ្លាំង ស្ថិតនៅ​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ​។

យោធា​ខ្មែរក្រហម​កំពុងធ្វើដំណើរ​ទៅ​សមរភូមិ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅ​ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ភាសាបាលី​រង នៅ​ក្រុង​ព្រៃវែង​។ នៅ​ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​សឹក​មក​នៅផ្ទះ​វិញ ដោយសារ​ពេលនោះ​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត​។ អ្នកភូមិ​នៅ​ជិត​វត្ត​ទួល​ក្រសាំង ដែល​ធ្លាប់​ស្គាល់​ខ្ញុំ​កាល​ខ្ញុំ​នៅ​បួស​ជា​ព្រះសង្ឃ បាន​ឧបត្ថម្ភ​ដី គោក្របី ទុក​ឲ្យ​ខ្ញុំ​ភ្ជួរ​រាស់​ធ្វើស្រែ​ចម្ការ​។ ខ្ញុំ​បាន​ដាំពោត សណ្ដែក និង ល្ង​។ នៅ​ចុងឆ្នាំ​១៩៦៨ ឪពុកមារ​របស់ខ្ញុំ​ឈ្មោះ គុយ សាន់ បាន​ទិញ​អ៊ួ​ន​ទុក​ឲ្យ​ខ្ញុំ​នេសាទ​ត្រី​វិញ​។ នៅពេល​ខ្ញុំ​នេសាទ​ត្រី​ខ្ញុំ​បានទទួល​ការអប់រំ​នយោបាយ​បណ្ដើរៗ​ពី បង​ធុច (​លេខា​តំបន់​២៣) និង បង​ភន (​នៅ អង្គភាព​កសិកម្ម​តំបន់​២៤)​។​


​ខ្ញុំ​បាន​ចូល​បដិវត្តន៍​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៦៩ នៅ​ភូមិ​ព្រៃ​ស្ទាំង ដោយមាន បង​ភន ជា​អ្នក​នាំចូល និង​មាន បង​ធុច គឺជា​អ្នកទទួល​ស្គាល់​។ ក្រោយ​ចូល​បដិវត្តន៍​ខ្ញុំ​បានធ្វើ​សកម្មភាព ចលនា​យុវជន​-​យុវនារី បី​ភូមិ​គឺ ១) ភូមិ​ក្រសាំង​ទង ២) ភូមិ​ស្ទាំង និង ៣) ភូមិ​ទឹក​ជូរ ដោយ​ខ្ញុំ​មាន​តួនាទី​ជា​អនុប្រធាន​សាខា​យុវជន ។ នៅក្នុង​ខែកុម្ភៈ​ឆ្នាំ ១៩៧០ ខ្ញុំ​បាន​ចូល​អង្គការ​សម្ព័ន្ធ​យុ​វកក «​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​កម្ពុជា គឺជា​ដៃស្តាំ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​» ដោយមាន​សម​មិត្ត ខាំ សុខ ជា​អ្នក​ឧទ្ទេស និង សម​មិត្ត ម៉ុង ជា​អ្នកទទួល​ស្គាល់​។ ខ្ញុំ​បាន​ចូលបក្ស​នៅ​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​១៩៧០ នៅ​អង្គភាព​ស្រុក​កំពង់ត្របែក ដោយមាន​សម​មិត្ត សុខ សាន គឺជា​អ្នក​ឧទ្ទេសនាម​ទី​១ សម​មិត្ត ចាន់ ថន គឺជា​អ្នក​ឧទ្ទេសនាម​ទី​២ និង​សម​មិត្ត ជ័យ សារិន ជា​អ្នកទទួល​ស្គាល់​។ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​១៩៧១ ខ្ញុំ​បាន​ចូល​ជា​បេក្ខជន​ពេញសិទ្ធិ​។


​ក្រោយពី​ចូល​បដិវត្តន៍​ខ្ញុំ​បានទទួល​តំណែង​ជា​បន្តបន្ទាប់​រហូតដល់​ខែមិថុនា ឆ្នាំ​១៩៧៥ ខ្ញុំ​មាន​តួនាទី​ជា លេខា ឃ ក្នុងគណៈ​យោធា​ស្រុក​កំពង់ត្របែក​។
​ពេលនោះ​ខ្ញុំ​មាន​ប្រពន្ធ​ឈ្មោះ ឡុង ខឿន អាយុ​២៣​ឆ្នាំ​។ យើង​មិនទាន់​មានកូន​ទេ​។ ប្រពន្ធ​របស់ខ្ញុំ​កើត​នៅ​ភូមិ​គ្រស់ ឃុំ​ជ័យ​កំពក ស្រុក​កោះជ័យ មាន​នាទី​បុគ្គលិក​កាត់ដេរ នៅក្នុង​អង្គភាព​សេដ្ឋកិច្ច​ស្រុក​កំពង់ត្របែក​។
​ខ្ញុំ​មាន​បងប្អូន​ទាំងអស់​៨​នាក់​ក្នុងនោះ​ស្រី​៤​នាក់​។ គ្រួសារ​ខ្ញុំ​គឺជា​វណ្ណៈ​កសិករ ដូច្នេះ​យើង​បាន​ចូល​បដិវត្តន៍​ទាំងអស់គ្នា​លើកលែងតែ​ប្អូនស្រី​ពៅ​របស់ខ្ញុំ​អាយុ​១៤​ឆ្នាំ រស់នៅ​ជាមួយ​ម្ដាយ​បន្ទាប់ពី​ឪពុក​របស់ខ្ញុំ​បាន​ស្លាប់ទៅ​។ បងប្រុស​របស់ខ្ញុំ​ឈ្មោះ គុយ យុន គឺជា​លេខា​ឃុំ​រា​ធរ ស្រុក​កោះជ័យ និង​ប្អូន គុយ នា​ន ធ្វើការ​នៅ​អង្គភាព​ជាមួយ​គាត់​។ ប្អូន​គុយ ឈន និង គុយ ណាត គឺជា​បុគ្គលិក​វប្បធម៌ ក្នុងភូមិ​ព្រៃ​ស្ទាំង​។ ចំណែក​ប្អូន គុយ នៅ គឺជា​ពេទ្យ​នៅ​ឃុំ​ពញា​លៀង​ខ និង គុយ ហាន ពេទ្យ តំបន់​២៤​។​
កាលនោះ​ខ្ញុំ​មាន​មិត្ត​ភ​ក្កិ​ដែល​ជិតស្និទ្ធ នៅក្រោយ​ឆ្នាំ​១៩៧០ គឺមាន​សម​មិត្ត សុខ សាន គឺជា​ប្រធាន​សន្តិសុខ​ស្រុក​កំពង់ត្របែក​, សម​មិត្ត ម៉ី គឺជា​ប្រធាន​វប្បធម៌​ស្រុក​កំពង់ត្របែក និង​សម​មិត្ត អៀង ប៉ក់ គឺជា​ប្រធាន​ឡូត៍​នេសាទ តំបន់​២៤​។
​ខ្ញុំ​បានធ្វើ​សកម្មភាព​តាម​ការចាត់​តាំងរបស់ វិ​ន​។ នៅ​ខែកក្កដា ឆ្នាំ​១៩៧៦ មានការ​ប្រជុំ​នៅក្រោម​ផ្ទះ វិ​ន ដែលមាន​គ្នា​៤​នាក់​ចូលរួម គឺមាន វិ​ន​, សម​មិត្ត ម៉ី (​ប្រធាន​មន្ទីរ​ស្រុក​កំពង់ត្របែក​), តូច សារឹម (​ប្រធាន​យោធា ឃ របស់​ស្រុក​កំពង់ត្របែក​) និង​ខ្ញុំ​។ ការប្រជុំ​នោះ​គឺ​រៀបចំ​ផែនការ​ដែលមាន​ឈ្មោះថា «​ចលនា​សេ​រើ​និយម​» ដែល​យក​សមាជិកភាព​អ្នក​ជាប់​និន្នាការ​នយោបាយ​សង្គមចាស់ ដូចជា មេភូមិ មេកង ប៉ូលីស ទាហាន សមាសភាព​ពាលា​អាវ៉ាសែ និង​សមាសភាព​ស្ទាក់ស្ទើរ សម្ងំសុខ ដើម្បី​ធ្វើជា​ខ្នងបង្អែក​។ ខ្ញុំ​ក្ដាប់​មិនបាន​ដើមកំណើត​ដំបូង​នៃ​ចលនា​នេះ​កើតចេញពី​ណា​មក​ទេ​។ តាម​ការអប់រំ​ពី​ឈ្មោះ វិ​ន ក្បាលម៉ាស៊ីន​ដឹកនាំ​ក្នុង​ចលនា​នេះ​មានឈ្មោះ ចក្រី​, សុផាន​, សុជាតិ​, ឈូក ហៅ ម៉ែន និង គាត់ (​វិ​ន​) ហើយ​មាន​ប្រទេស​វៀតណាម និង​ប្រទេស​សូ​វៀត​ជា​អ្នកគាំទ្រ​ទាំង​ខាង​សម្ភារ​។ ឈ្មោះ បៃ​ម៉ាប់ គឺជា​គណៈ​ទាក់ទង​វៀតណាម​បានផ្ដល់​ឲ្យ​នូវ អា​អ៊ែ​១៥ (AR-15) ចំនួន​៧៥​ដើម​, សេ​កា​សេ (CKC) ចំនួន​៤០​ដើម​, អាកា (AK) ចំនួន​៦០​ដើម​, អឹម​៣០ (M-30) ចំនួន​៤​ដើម​, គ្រាប់បែក​ត្បាល់​៦០​មី​លី​ម៉ែត្រ ចំនួន​៣​ដើម​, បេ​៤០ (B-40) ចំនួន​២​ដើម​, អឹម​៧៩ (M-79) ចំនួន​៦​ដើម​, កា​៤៥, បេ​អា ចំនួន​១២​ដើម និង​ថ្នាំពេទ្យ​ចំនួន​៣​ធុង​។ សម្ភារ​ទាំងអស់នេះ​បានទទួល​នៅក្នុង​ខែតុលា ឆ្នាំ​១៩៧៥ គឺ​យោធា​ស្រុក​កំពង់ត្របែក តូច សារឹម ជា​អ្នកទទួលយក​ពី​ឈ្មោះ​ប៉ៃ​ម៉ាប់ នៅ​ផ្សារ​ពាម​បន្ទារ​។ ក្រោយមក​សម្ភារ​ទាំងនេះ​ត្រូវបាន​ដឹក​យកទៅដាក់​នៅក្នុង​ឃ្លាំង​ក​អណ្ដើក ស្ថិតនៅក្នុង​ឃុំ​ប្រសាទ ស្រុក​កំពង់ត្របែក​។

យុទ្ធ​នារី​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា​កំពុង​ជញ្ជូន​ស្រូវ​ជាមួយ​កងចល័ត​ពី​សមរភូមិ​មុខ ទៅ​ទុក​នៅ​សមរភូមិ​ក្រោយ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ខ្ញុំ​ត្រូវ​អង្គការ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​១៩៧៦ មូលហេតុ​ដោយសារ​ខ្ញុំ​ទទួលបាន​ការអប់រំ​ក្បត់ និង​ទទួល​ការចាត់តាំង​ក្បត់​ពី​ឈ្មោះ វិ​ន (​លេខា​ស្រុក​កំពង់ត្របែក​)​។ វិ​ន បាន​អប់រំ​ខ្ញុំ​ឲ្យ​អនុវត្ត​ផ្ទុយ​ពី​មាគ៌ា​របស់​បក្ស​ចាប់ពី​ឆ្នាំ​១៩៧៣​មក​។ ផែនការ​នេះ​គឺមាន​ទិសដៅ​វាយ​រំលំ​រដ្ឋអំណាច​បដិវត្ត​ន៍​ដើម្បី​ដណ្ដើម​រដ្ឋអំណាច​យ​កម​គ្រប់គ្រង និង​ចាត់ចែង​តាម​គោលជំហរ​សើរើ​និយម​។
កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ គុយ យ៉ុ​ន ហៅ គុយ សា​វ៉ាន ពិត​ឬ​យ៉ាងណា​នោះទេ​៕srn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ