មនុស្ស ៧ នាក់ត្រូវបានបាញ់របួសអំឡុងការតវ៉ានៅទីក្រុងល្វីសវីលជុំវិញប៉ូលិសស្បែកសបាញ់សម្លាប់ស្ត្រីស្បែកខ្មៅ

151
ចែករម្លែក

យ៉ាងហោចណាស់មានមនុស្ស ៧ នាក់ត្រូវបានបាញ់របួសនៅទីក្រុងល្វីសវីល ខណៈក្រុមអ្នកតវ៉ាបានចេញមកទាមទាររកយុត្តិធម៌ដល់នាង ប្រេអូនណា ថៃល័រ ជាស្ត្រីស្បែកខ្មៅដែលត្រូវប៉ូលិសបាញ់ស្លាប់នៅក្នុងផ្ទះរបស់នាងកាលពីខែមីនា។

ប៉ូលិសក្រុងល្វីសវីលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃសុក្រទី២៩ឧសភាថា យ៉ាងហោចណាស់មានជនរងគ្រោះនៃការបាញ់ប្រហារចំនួន ៧ នាក់ ក្នុងនោះមានម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍បាននិយាយថាមានការចាប់ខ្លួនមនុស្សមួយចំនួនប៉ុន្តែប៉ូលិសមិនបានប្រាប់ពីចំនួនចាប់ខ្លួននោះទេ។

អ្នកនាំពាក្យប៉ូលិស លោកពលបាល ឡាម៉ុន វ៉ាស៊ីនតោន បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន AP តាមរយៈអ៊ីមែលថា “គ្មានមន្ត្រីណាម្នាក់ដកអាវុធបាញ់នោះទេ”។ លោកវ៉ាស៊ីនតោននិយាយថា អ្នកទាំង ៧ ជាជនស៊ីវិល។

វេបសាយ Courier Journal សរសេរថា អ្នកតវ៉ាប្រមាណពី ៥០០ ទៅ ៦០០ នាក់បានដើរក្បួនតាមដងផ្លូវក្នុងទីប្រជុំជននៃរដ្ឋកេនថាក់គីកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៨ឧសភា។ ការតវ៉ាបានអូសបន្លាយពេលជាង ៦ ម៉ោងដោយបញ្ចប់នៅព្រឹកព្រលឹមថ្ងៃសុក្រទី២៩ឧសភានៅពេលមានភ្លៀងធ្លាក់។

ដោយចែករំលែកសារបង្ហោះលើបណ្តាញសង្គម Facebook សុំឱ្យមានសន្តិភាពដែលអភិបាលក្រុងល្វីសវីលលោក ក្រេក ហ្វីសស័រ និយាយថាបានសរសេរតាំងនាមឱ្យម្តាយរបស់នាងថៃល័រ លោកអភិបាលក្រុងបានសរសេរនៅលើ Twitter នៅមុនពាក់កណ្តាលអធ្រាត្រថា “គេអាចយល់បាន អារម្មណ៍ក្តុកក្តួលគឺពិតជាមានខ្ពស់។ តាំងនាងឱ្យម្តាយរបស់ប្រេអូនណា គាត់សូមឱ្យមានសន្តិភាពនៅពេលយើងកំពុងធ្វើការឆ្ពោះទៅរកការពិតនិងយុត្តិធម៌”។

ថៃល័រជាអ្នកបច្ចេកទេសវេជ្ជសាស្រ្តគ្រាអាសន្នអាយុ ២៦ ឆ្នាំត្រូវបានបាញ់ចំនួន ៨ គ្រាប់កាលពីថ្ងៃទី ១៣ ខែមីនាបន្ទាប់ពីក្រុមអ្នកស៊ើបការណ៍គ្រឿងញៀននៅក្រុងល្វីសវីលបានទម្លាយចូលតាមទ្វារមុខ។ ពុំរកឃើញថ្នាំញៀននៅក្នុងផ្ទះរបស់ថៃល័រនោះទេ។

ការចាប់អារម្មណ៍មកលើមរណភាពរបស់ថៃល័រកាន់តែមានច្រើនឡើង ក្រោយគ្រួសាររបស់នាងបានប្តឹងប៉ូលិសកាលពីដើមខែឧសភានេះ។ ករណីនេះបានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានទូទាំងប្រទេសរួមជាមួយការបាញ់សម្លាប់លោកអាម៉ូត អាបឺរី នៅរដ្ឋចចចាកាលពីខែកុម្ភៈ។

បាតុកម្មកាលពីថ្ងៃព្រហស្បតិ៍កើតឡើងខណៈបាតុករទូទាំងសហរដ្ឋអាម៉េរិក រាប់ចាប់ពីឡូសអ៊ែនជេឡេសរហូតដល់ទីក្រុងមេមហ្វីសនៃរដ្ឋថេណេសស៊ី និងរដ្ឋញូវយ៉ករហូតដល់រដ្ឋមីនីសូតា បានធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់បុរសស្បែកខ្មៅឈ្មោះ ចច ផ្លយ នៅពេលប៉ូលិសរដ្ឋមីនីសូតាចាប់ខ្លួន ហើយសង្កត់ករហូតដាច់ខ្យល់៕ ដោយ៖ កញ្ញាដាលីស

បាតុករ៥០០ទៅ៦០០នាក់ធ្វើបាតុកម្មតវ៉ានឹងការសម្លាប់នាងថៃល័រនៅក្រុងល្វីសវីលកាលពីយប់ថ្ងៃព្រហស្បតិ៍ឈានដល់ព្រឹកថ្ងៃសុក្រ