អ្នកគ្រប់គ្រង​ភ្ញៀវ​បន្ត​អំពាវនាវ​ដល់​ទេសចរ​ជិត​ឆ្ង​យ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩

179
ចែករម្លែក

ដោយ​: បូកគោ / កំពត​: មួយរយៈ​ចុងក្រោយ​នេះ បរិមាណ​ភ្ញៀវ​សម្រុក​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តកំពត ហាក់​ឡើង​ខ្ពស់​រហូត​ធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ ចាប់ផ្តើម​បើក​សេវាកម្ម​របស់ខ្លួន​ឡើងវិញ​យ៉ាង​ផុលផុស​។ ជំនួស​ឱ្យ​ក្តីបារម្ភ​ចំពោះ​ស្ថានភាព​បែប​នោះ មន្ត្រី​ជំនាញ​បាន​បន្ត​ណែនាំ និង​អំពាវនាវ​ដល់​ភ្ញៀវ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​អំពី​ជំងឺ​កូ​វីដ​១៩​ស្រម​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុល​បាន​រៀបរាប់ថា​ក្រោយពី​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ​នា​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ភ្ញៀវទេសចរ​ជាតិ​បាន​សម្រុក​មកលេង​កម្សាន្ត​ក្នុង​ខេត្តកំពត​យ៉ាងច្រើន​កុះករ​។ អំឡុងពេល​បី​សប្តាហ៍​នៃ​ខែឧសភា​នេះ បរិមាណ​ភ្ញៀវ​បាន​កើនឡើង​ស្ទើរ​ស្មើនឹង​មុន​ពេលដែល​កម្ពុជា ក៏ដូចជា​ពិភពលោក​មិនទាន់មាន​ជំងឺ​កូ​វីដ​១៩​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ព្រោះតែ​ស្ថានភាព​បែបនេះ​បានធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ចាប់ផ្តើម​បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ឡើងវិញ​។ លើកលែងតែ​នៅ​កន្លែង​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បរទេស​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ​ដែល​មិនទាន់បាន​បើក​បម្រើភ្ញៀវ​។

លោក សយ ស៊ី​ណុល បាន​បន្តថា ការកើនឡើង​នូវ​ភ្ញៀវទេសចរ​បង្កឱ្យមាន​កា​រ​ប្រមូលផ្តុំ​គ្នា​នៅតាម​ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​សំខាន់ៗ ហើយ​ភ្ញៀវ​ភាគច្រើន​ហាក់​ឃ្លាត​ចាក​ពី​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ទប់​ស្កាត់​ជំងឺ​កូ​វីដ​១៩​។ ដូច្នេះ​ក្នុងនាម​មន្ទីរ​ទេសចរណ៍ លោក​សូម​អំពាវនាវ​ដល់​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងអស់​មេត្តា​បន្ត​ចូលរួម​ការពារ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ព្រោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​អាច​ផ្ទុះ​ឡើងវិញ ខណៈដែល​បច្ចុប្បន្ន​ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​២​នាក់​បន្ថែមទៀត​។

​លោក​ប្រធាន​មន្ទីរ​ក៏បាន​សន្និដ្ឋាន​ផងដែរ​ថា ភ្ញៀវទេសចរ​នឹង​បន្ត​កើនឡើង​ក្នុង​ខែមិថុនា​ខាងមុខ​ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅជាប់​ទ្រឹង​ដោយ​គ្មាន​អ្នក​កើត​ថ្មី​នោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម