ករណីទាមទារដីទំនាស់នៅតំបន់អតីតខ្មែរក្រហមឃុំទួលពង្រស្រុកម៉ាឡៃ ៖ មន្ត្រីនឹងធ្វើអត្តសញ្ញាណកម្មមនុស្សនិងចុះវាស់វែង ធ្វើអត្តសញ្ញាណកម្មដី

160
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ករណីទាមទារដីទំនាស់ដែលសេចក្តីជូនដំណឹង​(សជណ)​របស់ទីស្តីការគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលបានធ្វើនិរាករណ៍ទៅហើយ១កន្លែងទៀតនៅតំបន់អតីតខ្មែរក្រហមឃុំទួលពង្រស្រុកម៉ាឡៃ ភាគីដើមបណ្តឹងអះអាងថាយល់ព្រមអោយមន្ត្រីអាជ្ញាធរដែនដីធ្វើអត្តសញ្ញាណកម្មមនុស្សដែលថាជាយោធិននិងគ្រួសារអតីតខ្មែរក្រហមដែលមិនទាន់បានគោលរបបដី និងក៏អោយមន្ត្រីសុរិយោដីចុះវាស់វែង ធ្វើអត្តសញ្ញាណកម្មដីផងដែរ ។

មន្ត្រីអាជ្ញាធរដែនដីនិងមន្ត្រីជំនាញសុរិយោដីប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២៨ខែឧសភាថា ៖ ការអនុវត្តដំណើរការនេះនឹងធ្វើក្នុងពេលឆាប់ៗនេះ តែសូមអោយដើមបណ្តឹងបណ្តឹងនិងចុងចម្លើយក្នុងរឿងដីទំនាស់នេះត្រូវសហការពេញបន្ទុកលើបច្ចេកទេស សណ្តាប់ធ្នាប់និងសន្តិសុខ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០ មានប្រជុំ១លើកទៀត លើការសម្របសម្រួលនិងដោះស្រាយទំនាស់ដីធ្លីដែលដើមបណ្តឹងឈ្មោះឌុច ណាវីននិងឈ្មោះបៅ ទុំ តំណាងគ្រួសារយោធិន យោធិនពលីពិការនិងគ្រួសារចំនួន១៤២គ្រួសារ ស្នើសុំដោះស្រាយប្រគល់ដីនិងចេញប័ណ្ណកម្មសិទ្ធិដីលើដីផ្ទៃដីទំហំ៦០១ហិចតាស្ថិតនៅចំណុចបឹង៧៥ភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។

លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកអាង ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោ លោកអែម សុខា អភិបាលស្រុកម៉ាឡៃ និងមន្ត្រី ,អ្នកអះអាងថាជាអតីតយោធិន យោធិនពិការពលីនិងក្រុមគ្រួសារ ពលរដ្ឋអតីតខ្មែរក្រហមតំបន់ម៉ាឡៃ ,អ្នកពាក់ព័ន្ធចូលរួម នៅសាលាឃុំទួលពង្រស្រុកម៉ាឡៃ ។

កិច្ចប្រជុំនោះធ្វើឡើងបន្ទាប់ពីដើមបណ្តឹងបានដាក់ពាក្យបណ្តឹងជាថ្មីទៀតទៅខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយខុទ្ទកាល័យបានបញ្ជូនបណ្តឹងនេះអោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីចាត់ការ ។
ហើយក្រសួងរៀបចំដែនដីក៏បញ្ជូនចុះមកអោយអាជ្ញាធរដែនដីនិងមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ពិនិត្យនិងដោះស្រាយ ។

អ្នកស្រីឌុច ណាវីន និងអ្នកស្រីបៅ ទុំ ភរិយាអតីតយោធិនខ្មែរក្រហមនិងជាតំណាងដើមបណ្តឹងបាននិយាយថា ៖ អ្នកស្រីនិងសមាជិកបណ្តឹងមិនអាចទទួលយកបានទេនូវស្មារតីខ្លឹមសារលិខិតលេខ១៥៥៣សជណចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាកិច្ចព្រមព្រៀងបញ្ចប់ទំនាស់រដីធ្លីរវាងអតីតវរសេនាតូចលេខ៦៧២និង៦៧៣ កងពលធំលេខ២០ (អតីតរណសិរ្សលេខ៤៥០ ខ្មែរក្រហមតំបន់ម៉ាឡៃ ) ព្រោះមន្ត្រីដែលចុះមកធ្វើពិនិត្យ ស្រាវជ្រាវមិនបានចុះដល់ទីតាំងជាក់ស្តែង ហើយរាយការណ៍ភូតភរកុហកសម្តេចនាយករដ្ឋមន្ត្រី ។

អ្នកស្រីបន្តថា ៖ ហេតុនេះហើយបានជាអតីតយោធិន យោធិនពិការពលីនិងក្រុមគ្រួសារខ្មែរក្រហមតំបន់ម៉ាឡៃរបស់ក្រុមអ្នកស្រី រួមទាំងអ្នកស្រីជាភរិយាយោធិនផងមិនបានទទួលគោលរបបដីធ្លីទំហំ៥ហិចតា/១គ្រួសារសម្រាប់បង្កបង្កើនផល ។

ក្នុងនាមតំណាងយោធិននិងក្រុមគ្រួសារចំនួន១៤២គ្រួសារ អ្នកស្រីសូមទាមទារដីទំហំ៦០១ហិចតា មកវិញទៅតាមស្មារតីនៃខ្លឹមសារលិខិតលេខ៩០៦សជណចុះថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១១និងលិខិតលេខ១៤០៦ សជណចុះថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ ។

ចំពោះដីធ្លីគោលរបបអតីតយោធិន យោធិនពិការពលីនិងក្រុមគ្រួសាររបស់ក្រុមលោកព្រាប សារុន អតីតមេបញ្ជាការរួមលើវរសេនាតូចលេខ៦៧២និង៦៧៣ (អតីតកងពលធំលេខ២១ ) និងជាតំណាងយោធិននិងក្រុមគ្រួសារនៃម្ចាស់ដីគោលរបប ដែលបានលក់អោយលោកលី អ៊ុតនី សូមអោយអ្នកទិញទៅយកដីពីឈ្មោះនោះទៅ កុំយកដីរបស់ពួកអ្នកស្រី ។ពោលគឺទីតាំងដីធ្លីនោះអាចនៅខុសចំណុចគ្នា ។

លោកភុំ ជិនរ៉ា មេធាវីនិងជាតំណាងលោកលី អ៊ុតនី បាននិយាយថា ៖ ភាគីចុងចម្លើយរបស់លោករក្សាជំហរគោរពអនុវត្តតាមស្មារតីអង្គប្រជុំសម្របសម្រួលដោះស្រាយរបស់អាជ្ញាធរដែនដីនិងជំនាញលើកនេះទៀត ក៏ដូចជាសូមតម្កល់ស្មារតីខ្លឹមសារលិខិត​លេខ១៥៥៣សជណចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថា ៖ កន្លងមកក្រុមការងារអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីនិងក្រុមការងារអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិនិងជំនាញសុរិយោដីខេត្ត ស្រុកបានចុះពិនិត្យ ស្រាវជ្រាវលើផលប៉ះពាល់នៃការអនុវត្តន៍ខ្លឹមសារលិខិតលេខ៩០៦សជណចុះថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១១និងលិខិតលេខ១៤០៦ សជណចុះថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អស់រយៈពេល៣ខែ ទើបធ្វើរបាយការណ៍លទ្ធផលជូនទីស្តីការគណៈរដ្ឋមន្ត្រីនិងសម្តេចនាយករដ្ឋមន្ត្រីតាមរយៈអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។

តមកសម្តេចនាយករដ្ឋមន្ត្រីបានសម្រេចតាមលទ្ធផលនោះ ។ ហើយទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើនិរាករណ៍ខ្លឹមសារលិខិតលេខ៩០៦សជណចុះថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១១និងលិខិតលេខ១៤០៦ សជណចុះថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១១ ហើយបានចេញលិខិតលេខ១៥៥៣សជណចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២ ហើយប្រគល់ភារកិច្ចអោយអាជ្ញាធរខេត្តបន្ទាយមានជ័យអនុវត្តអោយមានប្រសិទ្ធភាព ។

លោកលី សារី បាននិយាយបន្តថា យោងកិច្ចប្រជុំតាមVideo Conference

[Forwarded from Om Layom]
កាលពីថ្មីនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ថា រាលទំនាស់ដីធ្លីដែលរាជរដ្ឋាភិបាលនិងសម្តេចបានសម្រេចរួចហើយ ត្រូវរក្សានិងគោរព ហើយមិនអាចសើរើវិញបានទេ ។
ហេតុនេះ ក៏មិនអនុញ្ញាតអោយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចុះពិនិត្យ ស្រាវជ្រាវនិងធ្វើរបាយការណ៍ជាថ្មីនោះដែរ ។

លោកអាង ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យបាននិយាយថា ៖ ដើម្បីអោយភាគីទំនាស់អស់ចិត្តនិងអាចទទួលយកបាន មន្ត្រីជំនាញនិងអាជ្ញាធរដែនដីស្នើអោយភាគីទំនាស់ទាំងដើមបណ្តឹងនិងចុងចម្លើយសហការអោយមន្ត្រីជំនាញចុះវាស់វែង ធ្វើអត្តសញ្ញាណកម្មលើទីតាំងដីនិងអោយមន្ត្រីអាជ្ញាធរដែនដីចុះធ្វើអត្តសញ្ញាណកម្មលើអតីតយោធិន យោធិនពិការ ពលីនិងក្រុមគ្រួសារ ។

ភាគីទំនាស់ ពិសេសអ្នកស្រីឌុច ណាវីននិងអ្នកស្រីបៅ ទុំ បានយយល់ព្រម ។
មន្ត្រីអាជ្ញាធរនិងជំនាញបានស្នើអោយដើមបណ្តឹងនេះគោរពការសន្យាលើឯកភាពនេះ ហើយត្រូវសហការពេញបន្ទុកលើបច្ចេកទេស សណ្តាប់ធ្នាប់និងសន្តិសុខ ព្រមទាំងទប់ស្កាត់ចលនាក្រុមទី៣ ,ទី៤ មកអុកឡុកពេលមន្ត្រីចម្រុះចុះអនុវត្តការងារនេះ ។

លោកអែម សុខា អភិបាលស្រុកម៉ាឡៃបាននិយាយថា ៖ ក្រុមដែលអះអាងថា ជាយោធិន យោធិនពិការ ពលីនិងក្រុមគ្រួសារនោះ មានច្រើនក្រុម ហើយបានដើរប្តឹងផ្តល់ទៅច្រើនកន្លែង ។

ក្នុងនោះមាន ៖ ១- ក្រុមលោកព្រាប សារុន អតីតមេបញ្ជាការរងកងពលធំលេខ២១ ទទួលលើវរសេនាតូចលេខ៦៧២និងវរសេនាតូចលេខ៦៧៣ មានចំនួន១០៦គ្រួសារ ពោលគឺឆឆឆមានតែក្រុមនេះត្រូវបានអង្គភាពនិងមន្ត្រីអាជ្ញាធររដ្ឋាភិបាលទទួលស្គាល់ជាអតីតយោធិន យោធិនពិការ ពលីនិងក្រុមគ្រួសារខ្មែរក្រហមពិតប្រាកដ ។
២-អតីតយោធិនខ្មែរក្រហម ក្រុមលោកឃៀង ហ៊ុល មាន១.២០០គ្រួសារ ។និង៣- អតីតយោធិននិងគ្រួដារនៃក្រុមអ្នកស្រីឌុច ណាវីន មាន១៤២គ្រួសារ ។
ក្រុមទាំងពីរខាងក្រោមនេះ មិនមានឈ្មោះក្នុងបញ្ជីរបស់អង្គភាពទ័ពនៃវរសេនាតូចលេខ៦៧២និងវរ៦៧៣ កងពលលេខ២១នៃអតីតរណសិរ្សខ្មែរក្រហមលេខ៤៥០ តំបន់ម៉ាឡៃឡើយ ។

ហើយជាក់ស្តែង សមាសភាពអ្នកដែលអះអាងថា ជាយោធិននិងគ្រួសារខ្មែរក្រហមក្នុងក្រុមទាំង២ នេះ មួយចំនួនជាអ្នកបានទទួលដីគោលរបបរួចហើយ ហើយដើរទាមទារ តវ៉ាយករបបដីថ្មីទៀត ។
និងភាគច្រើន គ្រាន់តែជាកូនចៅរបស់អតីតយោធិនដែលទទួលរបបដីរួចហើយនិងអ្នកចំណាកស្រុកដែលដើរប្តឹងក្នុងគោលបំណង ” ឈ្នះបានដី ចាញ់បានលុយ ” ។

សូមរំលឹកថា យោងស្មារតីលិខិតលេខ១៥៥៣សជណចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តបន្ទាយមានជ័យក៏ចេញសជណចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៤ មានកិច្ចព្រមព្រៀងបញ្ចប់ទំនាស់រដីធ្លីរវាងអតីតវរសេនាតូចលេខ៦៧២និង៦៧៣ (អតីតយោធាខ្មែរក្រហមរណសិរ្សលេខ៤៥០ ) ត្រូវទទួលបានដីទំហំ១០១ហិចតានិងលោក លី អ៊ុតនី រស់នៅសង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានដី២២៨ហិចតានៅចំនុចបឹង៧៥ ភូមិអូរអំពិល ,ចំណុចបឹងក្របៅភូមិសន្តិភាពឃុំទួលពង្រ។
ដីនោះ គឺលោកលី អ៊ុតនី បានទិញពីអតីតយោធិននិងក្រុមគ្រួសារវរៈសេនាតូចលេខ៦៧២និង៧៦៣ តាមរយៈមេបញ្ជាការវរៈទាំង២និងលោកព្រាប សារុន ។

ពោលគឺទំនាស់ដីធ្លីនោះ ត្រូវបានបញ្ចប់ត្រឹមស្មារតីលិខិតលេខ១៥៥៣សជណចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចេញទទួលស្គាល់និងការពារក្រោយមន្ត្រីក្រុមការងារនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញសុរិយោដីខេត្តដល់មូលដ្ឋានបានចុះពិនិត្យ ស្រាវជ្រាវ ហើយធ្វើរបាយការណ៍លទ្ធផលជូនរាជរដ្ឋាភិបាល៕/B