ធនាគារឯកទេសវីងនិងធនាគារ​អភិ​វឌ្ឍ​ន៍ជនបទនិងកសិកម្មគាំទ្រ​សហ​គ្រាសធុនតូចនិងមធ្យមនិងកសិ​ពាណិជ្ជកម្មនៅកម្ពុជា

233
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ធនាគារឯកទេសវីងនិងធនាគារអភិវឌ្ឍន៍ជនបទនិងក​សិ​កម្មកាលពី ថ្ងៃ​ទី២៧ខែឧសភាកន្លងទៅបានចាប់ដៃគូដើម្បីផ្តល់ភាពងាយស្រួលក្នុងកា​រ​ទ​ទួ​លបានសេវាកម្ម​ ហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យមនិងកសិពាណិជ្ជកម្មនៅកម្ពុជា​។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នឹងអាចធ្វើការ​ទូទាត់​​ការសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីងជាង៧៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជា​។ ទន្ទឹម​នឹងនេះផងដែរ ពួកគេអាចជ្រើសរើសការផ្ទេរប្រាក់ភ្លាមៗពីគណនីវីងរបស់ពួកគេ ឬប្រើលេខកូដ USSD Code *989# តាមរយៈទូរស័ព្ទចល័តបានគ្រប់ពេលវេលា។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា៖«​ភាព​ជា​ដៃគូនៅថ្ងៃនេះគឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសហគ្រាស​ធុនតូចនិង​មធ្យម និងកសិពាណិជ្ជកម្មនៅកម្ពុជា ដើម្បីផ្តល់នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ  ប្រកប​ដោយ​​ភាព​ងាយស្រួល។ បច្ចុប្បន្ននេះ ទោះបីជាលោកអ្នកនៅតាមបណ្តាខេត្តដាច់ស្រយាលក្តី លោក​អ្នកក៏នៅតែអាចទទួលបានការគាំទ្រពីយើងតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីងផងដែរ»។  

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ក្នុងគោលបំណង​បំពេញ​កង្វះខាតរវាងតម្រូវការ និង ការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតាមតំបន់ជនបទ និង ដើម្បី​រួម​ចំណែក​កាត់​បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ប្រតិបត្តិការរបស់ធនាគារនេះ​គឺស្ថិត​នៅ​ក្រោម​អាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថិត​នៅ​ក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមាន​ប្រសាសន៍ថា៖​«យើងជឿ​ជាក់​ថាភាពជាដៃគូរបស់យើងនៅថ្ងៃនេះ នឹងអនុញ្ញាតឱ្យយើងបម្រើសេវាផ្ទេរប្រាក់ចម្រុះនិង ការ​សងប្រាក់កម្ចីរបស់សហគ្រាសធុនតូចនិងមធ្យមនិងកសិពាណិជ្ជកម្មនៅកម្ពុជា ប្រកប​​ដោយ​សុវត្ថិភាព មានការធានា និងឆាប់រហ័ស។ វានឹងជួយឱ្យពួកគេផ្តោត​ការយកចិត្តទុក​ដាក់​បន្ថែម​ទៀតទៅ​លើការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេ​និងរួមចំណែកដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា»។

ធនាគារឯកទេសវីង និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចាប់ដៃគូដើម្បីផ្តល់ភាពងាយស្រួលក្នុង​ការទទួល​បាន​សេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យមនិងកសិពាណិជ្ជកម្មនៅកម្ពុជា(រូប៖សុផល)

ប្រទេសកម្ពុជាជាប្រទេសដែលមានសហគ្រាសធុនតូចនិងមធ្យមប្រមាណជាង៥០ម៉ឺនដែលរួម ចំណែកដល់កំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ បង្កើតប្រាក់ចំណូលសម្រាប់​​ប្រជាជន ដែលមានប្រាក់ចំណូលទាប ជំរុញស្ថិរភាពសង្គម និងការរីកចម្រើននៃវិស័យ​ឯកជនឲ្យ​កាន់តែ​មាន​ភាពរឹងមាំ។

ទាំងធនាគារឯកទេសវីង និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចែករំលែកនូវចក្ខុវិស័យ​ស្តីពី​ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុដល់សហគមន៍ដែល​ធ្វើឲ្យជីវភាព​របស់នៅរបស់ប្រជានកម្ពុជាកាន់តែប្រសើរ។វីង​បាន​បង្កើតម៉ាកយីហោរបស់ខ្លួនក្នុងនាមជា​ធនា​គារដែលផ្តល់សេវាកម្មផ្ទេរប្រាក់ប្រកបដោយ​សុវត្ថិភាព មានការធានា និងឆាប់រហ័សតាម​រយៈ​កម្មវិធីស្មាតហ្វូនវីងដ៏ទំនើបនិងបណ្តាញភ្នាក់ងារវីងប្រកប​ដោយជំនាញវិជ្ជាជីវៈនៅទូទាំង​ប្រទេ​ស​។ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ត្រូវបានទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង​ការ​រួមចំណែក​កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាម​ជន​បទ តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រាស សហគ្រាសធុនតូចនិងមធ្យមនិង​អង្គការ​កសិកម្ម ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕

ធនាគារឯកទេសវីង និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចាប់ដៃគូដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យមនិងកសិពាណិជ្ជកម្មនៅកម្ពុជា(រូប៖សុផល)