អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​បណ្តេញចេញ​ពី​បក្ស​ចំពេល​មាន​ការតស៊ូ​អំណាច​

153
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ត្រូវ​បាន​បណ្តេញចេញ​ពី​គណបក្ស​នយោបាយ​របស់​លោក នៅក្នុង​ការតស៊ូ​អំណាច​ចុង​ក្រោយ​មួយ​ជាមួយ​នឹង​អ្នក​ស្នង​តំណែង​ពី​លោក តែ​លោក​ប្តេជ្ញា​​ប្រឆាំង​នឹង​ចំណាត់ការ​នេះ​។​

​មហា​ធៀ វ័យ​៩៤​ឆ្នាំ ជាមួយនឹង​កូន​ប្រុស និង​សមាជិក​ជាន់ខ្ពស់​៣​នាក់​ទៀត ត្រូវ​បាន​បណ្តេញចេញ​ពី​គណបក្ស​Bersatu​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ឧសភា​។​

​គណបក្ស​នេះ​បាន​បែក​ជា​២​ក្រុម ចាប់តាំងពី​មាន​ការតស៊ូ​ដណ្តើម​អំណាច​គ្នា​យ៉ាង​តានតឹង ដឹកនាំ​ដោយ​មហាធៀ​ដើម្បី​លាឈប់​ពី​តំណែង​នាយករដ្ឋមន្ត្រី នៅ​ខែ​កុម្ភៈ ហើយ​ព្រះមហាក្សត្រ​បាន​តែង​​តាំង​សមាជិក​បក្ស​ជា​សហសេវិក​របស់លោក គឺ​លោក មូ​យីត​ឌីន យ៉ា​ស៊ីន ដើម្បី​ជំនួស​លោក ទោះ​ជា​មហា​ធៀ ជំទាស់​។​

​កូនប្រុស​របស់​មហាធៀ​លោក មុក​រី​ស មហា​ធៀ ចាប់តាំងពី​ពេលនោះ​មក​បាន​ប្រជែង​នឹង​លោកមូ​យីត​ឌីន ដើម្បី​យក​តំណែង​ប្រធាន​បក្ស​នៅក្នុង​ការបោះឆ្នោត​មួយ​ដែល​ត្រូវបាន​ពន្យារពេល​ដោយសារ​ការ​​ឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​មហា​ធៀ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​ចំណាត់ការ​ឯ​តោ​ភាគី​ពី​សំណាក់​ប្រធាន​Bersatu​ដើម្បី​បណ្តេញ​ពួក​យើង​ដោយ​គ្មាន​ហេតុផល​ជាក់លាក់​ដោយសារតែ​គាត់​ភ័យខ្លាច​ការបោះឆ្នោត​​ក្នុង​បក្ស ព្រមទាំង​មុខតំណែង​មិន​មាន​សុវត្ថិភាព​របស់​គាត់ ជា​នាយក​រដ្ឋមន្ត្រី​គ្មាន​លំនឹង​បំផុត​នៅក្នុង​ប្រវត្តិ​នៃ​រដ្ឋការ​ម៉ាឡេស៊ី​»​។​

លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត រួមគ្នាបង្កើតបក្សBersatuជាមួយ​លោក មូ​យីត​ឌីន(ឆ្វេង)នៅ​ឆ្នាំ​២០១៦

​មហា​ធៀ ជា​សហ​ស្ថាបនិក​នៃ​ការបង្កើត​គណបក្ស​Bersatu ជាមួយ​លោក មូ​យីត​ឌីន នៅ​ឆ្នាំ​២០១៦​និង​គណបក្ស​បាន​ចូលរួម​បង្កើត​សម្ពន្ធភាព​នយោបាយ​ប្រឆាំង​មួយ​ដែល​ឈ្នះ​ការបោះឆ្នោត​នៅ​​ឆ្នាំ​២០១៨ ដែល​នាំ​ដល់​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​ទទួលបាន​ឯករាជ្យ​ភាព​។​

​ទោះជា​យ៉ាងណា សម្ពន្ធភាព​កាន់​អំណាច​បាន​ដួលរលំ​ក្រោយពី​លោកមូ​យីត​ឌីន ងាក​ទៅ​សហការ​ជាមួយ​ក្រុម​រដ្ឋាភិបាល​មុន ដែល​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ធំធេង​។​ជា​ការប្រឆាំង​ជំទាស់ លោក​មហា​ធៀ​​បាន​លាឈប់​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ក្នុង​ល្បិច​នយោបាយ​មួយ​តែ​ទំនង​ជា​ចំណេះ​ជិះ​ក​ឯង​ទៅវិញ​។​

​លោក​បាន​និយាយថា លោក​នៅ​មាន​ការគាំទ្រ​ភាគច្រើន​ក្នុង​សភា និង​បាន​អំពាវនាវ​អោយមាន​ការប្រជុំ​និង​បោះឆ្នោត​សម្តែង​ការទុកចិត្ត​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ។​តែ​ការបោះឆ្នោត​បែប​នេះ​ត្រូវបាន​​ពន្យារពេល​ដោយ​សារកូ​វីដ​១៩ និង​អាច​ធ្វើបាន​នៅ​កិច្ចប្រជុំសភា​នៅ​ខែ​កក្កដា​ខាងមុខ​៕​ប្រែ​សម្រួល​៖​វាសនា​

មហា​ធៀ និង​សមាជិក​ដែល​ត្រូវ​បណ្តេញ​ចេញ​ផ្សេងទៀត​និយាយថា ចំណាត់ការ​នេះ​ខុសច្បាប់​និង​ពួក​លោក​ពាន​ប្តឹង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ