ស្រ្តីម្នាក់គ្រប់ខែឆ្លងទន្លេសម្រាលកូនក្នុងគ្លីនិកនិងសម្ភព អុីលីត នៅខណ្ឌមានជ័យតែបានពីរថ្ងៃក្រោយក៏ស្លាប់ចោលកូន

146
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ស្ត្រីម្នាក់បានចូលសម្រាលកូននៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព អុីលីត តែដោយសម្រាលតាមបែបធម្មជាតិមិនកើតក្រុមគ្រូពេទ្យបានធ្វើការវះកាត់បានកូនប្រុសម្នាក់ តែជាអកុសលក្រោយពេលវះកាត់បានពីរថ្ងៃក៏ម្តាយស្លាប់ចោលកូននៅក្នុងមន្ទីរពេទ្យតែម្ដង។ ក្រោយមកដោយភាគីខាងមន្ទីរពេទ្យនិងសាច់ញាត្តិ ជនរងគ្រោះបានសម្របសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់អ្វីទាំងអស់ ។

ករណីនេះដែរបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព អុីលឹត ផ្ទះលេខ៤៤៨ ផ្លូវកេខ៧C សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

បើតាមការរៀបរាប់ពីសាច់ញាត្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាលពីថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកមន្ទីរពេត្យ អុី លីត តែដោយសម្រាលតាមបែបធម្មជាតិមុនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីធ្វើការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ អុី លីត មានការធ្វេសប្រហែសមិនបានដាក់សុងទឹកនោមអោយជនរងគ្រោះ ធ្វើអោយជនរងគ្រោះដើរចូលបន្ទប់ទៅបត់ជើងក្នុងបន្ទប់ទឹកក៏ដួលស្លាប់ក្នុងបន្ទប់ទឹកតែម្ដង។

លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន លោក និងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែដោយភាគីខាងមន្ទីរពេទ្យនិងសាច់ញាត្តិជនរងគ្រោះបានសម្របសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់។

ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សពជនរងគ្រោះត្រូវបានសាច់ញាត្តិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕/B