មន្ទីរសាធារណការខេត្តព្រះវិហារកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើកំណាត់ផ្លូវម្លូព្រៃប្រវែង ២៥០០ម៉ែត្រដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

64
ចែករម្លែក

ដោយ:រ៉ាម៉ន/ព្រះវិហារ ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់ខ្លាំងណាស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តពិសេសលើការស្ថាបនា ការជួសជុលផ្លូវ ការដាក់បណ្ដាញលូនិងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលធ្វើអោយខេត្តព្រះវិហារដែលជាខេត្តមួយដាច់ស្រយាល មកជាខេត្តមួយនៅជិតបង្កើយ ដោយសារតែផ្លូវរលោងស្អាត ងាយស្រួលក្នុងការធ្វើដំណើរ។

ជាក់ស្តែងនៅក្នុងពេលនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើកំណាត់ផ្លូវម្លូព្រៃ មានប្រវែង ២៥០០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីលើកសោភណ្ឌភាពទីរួមខេត្តឱ្យមានសោភណ្ឌភាពស្រស់បំព្រងផងដែរ។

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែឧសភានេះថា ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសម្រាប់ថ្ងៃនេះគឺបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូ AC ក្នុងក្រុងព្រះវិហារ (គម្រោងគុណប្រយោជន៍ខេត្ត) ថ្ងៃនេះបន្តអ៊ុតកៅស៊ូនៅលើផ្លូវម្លូព្រៃ បានប្រវែង ៩៣ម៉ែត្របន្ថែមទៀតហើយ។ រីឯលទ្ធសរុបរួម ពេលនេះរួមមាន ផ្លូវម្លូព្រៃខាងស្តាំដៃ ប្រវែង២៤៨៦ ម៉ែត្រនិងខាងធ្វេងដៃប្រវែង៤១២ម៉ែត្រ។លោកបន្តថា៖ក្នុងពេលនេះដែរកំពុងអនុវត្តគម្រោងជួសជុល ពង្រីកតួផ្លូវក្រាលកៅស៊ូ រៀបចំសួនពុះទ្រូងផ្លូវ ដាក់បង្គោលភ្លើងបំភ្លើផ្លូវ លើកំណាត់ផ្លូវកោះកែរ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកសំ លាងទ្រីបានបញ្ជាក់ទៀតថា គម្រោងជួសជុលផ្លូវនេះមានប្រវែង២២៤០ម៉ែត្រពង្រីកទទឹងបន្ថែមសងខាងចំនួន២ម៉ែត្រ និងដាក់បង្គោលភ្លើងសរុបចំនួន៤៥ដើម ប្រើប្រាស់គម្រោងថវិកាខេត្ត អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ។

គួររំលឹកថា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ» កាលពីពេលថ្មីៗនេះ លោក សំ លាងទ្រី បានអោយដឹងផងដែរថា បច្ចុប្បន្ន មន្ទីរសាធារណការខេត្តព្រះវិហារ គ្រប់គ្រងផ្លូវថ្នល់ ក្នុងខេត្ដទាំងអស់ប្រវែង ៨០០គីឡូម៉ែត្រ ក្នុងនោះមានប្រមាណ៤០០គីឡូម៉ែត្រ ជាផ្លូវកៅស៊ូ (ផ្លូវជាតិ និងផ្លូវខេត្ត)។ការអភិវឌ្ឍន៍ផ្លូវពីចាក់កៅស៊ូ DBST ទៅជាផ្លូវប្រភេទ AC ខណៈផ្លូវមួយចំនួនក្នុងទីរួមខេត្ត អភិវឌ្ឍន៍ពីផ្លូវកៅស៊ូទៅជាផ្លូវចាក់បេតុងសរសៃដែក និងមានលូអម សង្ខាងផ្លូវជាដើម។ អ្វីដែលជាទិសដៅបន្ដសម្រាប់ពេលខាងមុខ លោកសំ លាងទ្រី បានគូសបញ្ជាក់ថា ខេត្តនឹងអភិវឌ្ឍន៍ផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ហើយផ្លូវក្រាលកៅស៊ូដែលហួសអាយុកាល គឺត្រូវពង្រឹងទៅជាផ្លូវបេតុងសរសៃដែក ឬផ្លូវចាក់កៅស៊ូ AC។

ដោយឡែក ផ្លូវដែលនៅសេសសល់ទាំងប៉ុន្មាន ខេត្តនឹងធ្វើការថែទាំ ជួសជុលមិនឲ្យមានក្រឡុកសំបុកមាន់នោះទេ ដោយសារមន្ទីរមានក្រុមការងារចំនួន៦ក្រុម បាននិងកំពុងធ្វើសកម្មភាពនៅតាមដងផ្លូវ ដើម្បីពិនិត្យ និងជួសជុលជាប្រចាំ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ