ការងារ​ជួសជុល​ថែទាំ​ផ្លូវ​ពី​រង្វង់​មូល​ព្រលានយន្តហោះ​សៀមរាប​ដល់​ស្រុក​ក្រឡាញ់​សម្រេចបាន​៩៤​ភាគរយ​

69
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​គម្រោង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវ​លេខ​៦ ដែលមាន​ប្រវែង​សរុប​ចំនួន ៤៩,៨៨ គីឡូម៉ែត្រ​ចាប់ពី​ចំណុច​រង្វង់​មូល​ព្រលានយន្តហោះ​ខេត្តសៀមរាប​ដល់​ស្រុក​ក្រឡាញ់​ក្រាល​បេតុង​កៅស៊ូ​(AC)​ចន្លោះ​ពី​៥ ទៅ ១០​សង់ទីម៉ែត្រ សម្រេចបាន​៩៤​ភាគរយ​ហើយ​។​

​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៦​ដែល​បានចាប់ផ្ដើម​អនុវត្ត​គម្រោង​តាំងពី​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ទទួលបាន​ប្រាក់កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រមាណ​ជាង​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ចំណាយ​រយៈពេល​១៨​ខែ ជួសជុល​ថែទាំ​ដោយ​ក្រុមហ៊ុន​PolyChangdaEngineeringCo.,Ltd​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​Korea Consultants Internationai(KCI)​។​

​ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​និង​ក្រុម​អ្នកជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​គម្រោង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៦​កាលពី​ថ្ងៃទី​២៨​ឧសភា​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​គួសបញ្ជាក់​ថា​៖​ក្រោយពី​ការត្រួតពិនិត្យ​រួចមក​ឃើញថា​៖​ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ​អាច​ទទួលយកបាន​ស្របតាម​លក្ខណៈ​បច្ចេកទេស​ដែល​មានចែង​ក្នុង​សៀវភៅ​បន្ទុក​និង​បទដ្ឋាន​ដែល​យើង​ចង់បាន​។​


​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចុះ​តាមដាន​ត្រួតពិនិត្យ​ការសាងសង់​ជាប្រចាំ​លើ​អ្នកត្រួតពិនិត្យ​បច្ចេកទេស​ទើប​យើង​អាចធ្វើ​ផ្លូវ​មានគុណ​ភាពរឹងមាំ​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​លោក​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​សូម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​មិនត្រូវ​បើកបរ​ហួស​ល្បឿន​កំណត់ដោយ​ច្បាប់​។​កុំ​វ៉ា​ជែង​គ្មាន​ការប្រុងប្រយ័ត្ន​,​កុំ​ប្រើប្រាស់​គ្រឿងញៀន​,​កុំ​សេព​គ្រឿង​ស្រវឹង​ពេល​បើកបរ​,​កុំ​ប្រើ​ទូរស័ព្ទ​ពេល​បើកបរ​,​ពាក់​ខ្សែក្រវាត់​និង​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ​ពេល​បើកបរ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ