ថ្នាក់ដឹកនាំ​ខេត្ត​កែប​ត្រូវ​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង​

72
ចែករម្លែក

ដោយ បូកគោ​/​កែបៈ​សម្តេច​ក្រឡាហោម​បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​កែប​ឱ្យ​បង្កើន​ការយកចិត្ត​ទុក ដាក់​លើ​កិច្ចអភិវឌ្ឍន៍​វិស័យ​នានា​ក្នុង​ខេត្ត​កែប ពិសេស​ផ្នែក​ទេសចរណ៍​ដែលជា​ស្នូល​គ្រឹះ​ដ៏​សំខាន់ ។
​នា​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​នៅ​សាលាខេត្ត​កែប​មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​អភិបាលរង​ខេត្ត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

ក្នុង​ពិធី​នោះ​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ក្រោម​ការដឹកនាំ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា​បច្ចុប្បន្ន​ពោរពេញ​ដោយ​សន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ​ជា​ដំ​ដាប់ ពិសេស​គ្មាន​ការភ័យព្រួយ​អំពី​សង្គ្រាម​ទៀតឡើយ​។​រាជរដ្ឋាភិបាល​បាន​ផ្តោតជាសំខាន់​លើ​ល្បឿន​នៃ​កិច្ចអភិវឌ្ឍន៍​ប្រទេស​។​ដូច្នេះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់​ត្រូវ​សហការ​រួមគ្នា​គិត​រួមគ្នា​ធ្វើ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍​បន្តថា​សម្រាប់​ខេត្ត​កែប​គ្រប់​ថ្នាក់ដឹកនាំ​ពិសេស​លោក​អភិបាលខេត្ត​ថ្មី និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​សហការ ប្រមូលផ្តុំ​ហើយ​ប្រើប្រាស់​បញ្ញា​ស្មារតី​ក្នុងការ​ដឹកនាំ​មន្ត្រី និង​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​គ្រប់​ដំណើរការ​អភិវឌ្ឍន៍​ទាំងអស់​។​អ្វីដែល​សំខាន់​សម្រាប់​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​គឺ​ការអភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ដែលជា​ស្នូល​គ្រឹះ​ដ៏​សំខាន់​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​។

សម្តេច​សខេង​បាន​ក្រើនរំលឹក​ផងដែរ​ថា​ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ត្រូវ​រួមគ្នា​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​កិច្ចការងារ​កែលម្អ​សោភ័ណភាព រក្សា​បរិស្ថាន​បៃតង អនាម័យ​ស្អាត បង្កើន និង​លើកកម្ពស់​សេវាកម្ម​ទេសចរណ៍​សណ្តា​ប់​ធ្នាប់​ល្អ​នៅតាម​ទីសាធារណៈ​រមណីយដ្ឋាន​នានា​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នោះ​។

​បន្ថែម​លើ​នេះ​សម្តេច​ក្រឡាហោម​បាន​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​លើ​ការងារ​ប្រាំមួយ​ចំណុច​ជា​ចម្បង​។​ក្នុងនោះ​រួមមាន​១.​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩,២.​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​,៣.​ការងារ​ដោះស្រាយ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​១៩​ពិសេស​ការងារ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​,៤.​ការងារ​កំណែទម្រង់​,៥.​ការងារ​ផ្តល់​សេវាសាធារណៈ និង​៦. ពង្រឹង​របៀបរបប​ធ្វើ​ការងារ​របស់​មន្ត្រី​។​

​សូមបញ្ជាក់ថា​ពិធី​នេះ​ត្រូវ​បានប្រកាស​តែងតាំង​លោក​សោម​ពិសិដ្ឋ​អភិបាលរង​ខេត្ត​កែប​ជា​អភិបាលខេត្ត​កែប​និង​លោក​វ៉ៅ​សុខា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កែប​ជា​អភិបាលរង​ខេត្ត​កែប​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ