​របួសធ្ងន់​ស្រាល​៤​នាក់​ដោយសា​រថយន្ត​បែក​កង់​រេ​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​

112
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​របួសធ្ងន់​ស្រាល​៤​នាក់​ដោយសារតែ​រថយន្ត​១​គ្រឿង​បែក​កង់​រេ​ចង្កូត​ទៅបុក​រថយន្ត​១​គ្រឿង​នេះ​បុក​គ្នា​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ស្ថិតនៅ​ក្នុងភូមិ​តា​ប៉ុន ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​៖​ដំបូង​មាន​រថយន្ត​មួយគ្រឿង​ម៉ា​កមី​ស៊ុយ​ប៊ី​ស៊ី​ពណ៌​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​.2A2376​បើកបរ​ដោយ​ឈ្មោះ​ឈុន​បឿ​ក​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​លៀប​ខាងកើត​ឃុំ​ភ្ន​លៀប​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​
​ពេល​បើក​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បែក​កង់​មុខ​ខាងស្តាំ​ក៏​រេ​ចង្កូត​ទៅ​ទទឹង​ទ្រូងផ្លូវ​។​ស្របពេលនោះ​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ម៉ាស់​ស្ដារ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BB9108​ក៏​បើក​ពី​ទិសដៅ​ច្រាស​គ្នា​មក​ដែរ​ក៏​បុក​គ្នា​ពេញទំហឹង​ចំ​ត្រង់​កាប៊ីន ។​

​រថយន្ត​នោះ បើកបរ​ដោយ​ឈ្មោះ គឹម ហោ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​ឈើទាល ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​ក្នុង​រថយន្ត​មាន​អ្នករួមដំណើរ​ចំនួន​ពីរ​នាក់​គឺមាន​ឈ្មោះ ទួន ពិ​ទូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ​វៀង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ឈ្មោះ​ហាយ​គឹម​ហ័ង​ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​នៅ​ភូមិ​ថ្មី​ឃុំ​សន្ទុក ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​ដែរ ។​

​ការបុក​បណ្ដាលឱ្យ​មនុស្ស​របួសធ្ងន់​ស្រាល​៤​នាក់​ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ព្យ​បាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​រួច​បន្តទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​។​ឯ​រថយន្ត​ទាំង​២​ត្រូវ​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕S/

​រូបថត ៖ របួសធ្ងន់ ស្រាល​៤​នាក់​ដោយសា​រថយន្ត​បែក​កង់​រេ​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ឃុំ​ទឹកជោរ (​រូប​៖ ប​.​ជ័យ )​