សម្តេច​ក្រឡាហោម ស ខេងៈ ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​មិនមែន​ធ្វើបាប​ប្រជាពលរដ្ឋ​ទេ​

128
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេងៈ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​មិនមែន​ធ្វើបាប​ប្រជាពលរដ្ឋ​ទេ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​មិនមែន​ធ្វើបាប​ប្រជាពលរដ្ឋ​នោះទេ គឺ​ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ​។ មិន​ដូច​អ្វីដែល​អ្នក​ប្រជា​និយម​​មួយចំនួន​បានលើកឡើង​នោះទេ​។ ប៉ុន្តែ​ទោះបី​អ្នក​ទិ​តៀន​យ៉ាងណា​ក៏​សម្តេច​មិន​ខ្វល់​ទេ ឲ្យ​តែ​យើង​មាន​ទឹកចិត្ត​ស្នេហា​ជាតិ ឧ​ត្ត​ម​គតិ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​​។


ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម ស ខេង នៅក្នុង​ពិធី​ប្រកាស​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា នៅ​សាលាខេត្ត​កែប ។


​សម្តេច​ក្រឡាហោម​បាន​បន្តថា ឆ្នាំ​២០២០ ជា​ឆ្នាំ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​មុន​ការ​រឹតបន្តឹង​នេះ យើង​ក៏បាន​ធ្វើ​កិច្ចការ​ជាច្រើន ជាពិសេស​ទាក់​ទាក​ការអប់រំ​ផ្សព្វផ្សាយ ប៉ុន្តែ​ដល់ពេល​យើង​កំណត់​ធ្វើ​មាន​អ្នកមួយ​ចំនួន​ថាឆាប់​ពេក អត់​បាន​អប់រំ​ផ្សព្វផ្សាយ ប៉ុន្តែ​តាមពិត​មិនមែន​ទេ ប្រហែលជា​គាត់​អត់​បាន​តាន​ដាន អត់​បាន​ស្តាប់ មិនបាន​យកចិត្តទុកដាក់​។ ដោយ​សម្តេច​បានបញ្ជាក់​ថា “​បំណង​តែមួយ​គត់​ដែល​យើង​ធ្វើ ​មិនមែន​ធ្វើបាប​ប្រជាពលរដ្ឋ​ទេ មិន​ដូចជា​អ្នក​ដែល​ប្រជា​និយម អ្នកបោក​ប្រាស់​ទេ គ្រាន់តែ​ថាដើម្បី​បាន​សំឡេង​”​។​


​សម្តេច​ក្រឡាហោម​បានបញ្ជាក់​ទៀតថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​មិន​ដកថយ​ទេ ប៉ុន្តែ​បញ្ហាសំខាន់​ត្រង់​ថា មន្ត្រី​របស់​យើង​អនុវត្ត​ច្បាប់ គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ វិជ្ជាជីវៈ សុភាពរាបសា ទន់ភ្លន់ ម៉ឺងម៉ាត់ មិនមែន​បាន​ឱកាស​ឆែក​ឆេរ​យកលុយ​ពី​ប្រជាពលរដ្ឋ គឺ​អត់​បានទេ​។ ដោយ​សម្តេច​សង្កត់ធ្ងន់​ថា “​មិនត្រូវ​ដាក់​ប៉ា​រាស់​ដើម្បី​ឆែក​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​តាមផ្លូវ​ទាំងអស់​នោះទេ គឺ​យើង​ឃាត់​តែ​អ្នកណា​ដែល​ខុសច្បាប់​ សូម​ចាំ​ឲ្យ​ច្បាស់​បញ្ហា​នេះ បើ​មិន​ចឹ​ង​វា​ទៅជា​ប៉ាតណាប៉ាតណី ហើយ​វា​ខុសពី​គោលការណ៍​ដែល​យើង​បានកំណត់​។ ឥឡូវនេះ​ជោគជ័យ​ធំ ត្រឹម​ថ្ងៃទី​២៨ ខែឧសភា ​បើ​ប្រៀបធៀប​ខែមេសា យើង​ចំណេញ​មនុស្ស​១៥​នាក់ មិន​ស្លាប់ ហើយ​អ្នករបួស​ចំណេញ​៨០​នាក់​ទៀត​…​គ្រាន់តែ​ធ្វើការ​ងារ​នេះ ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ ហើយ​អ្នក​ទិតៀន​យ៉ាងម៉េច​យើង​មិន​ខ្វល់​ទេ ឲ្យ​តែ​យើង​មាន​ទឹកចិត្ត​ស្នេហា​ជាតិ ឧ​ត្ត​ម​គតិ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ ទោះបី​អ្នកណា​ថា​ម៉េច​ក៏ដោយ យើង​ត្រូវធ្វើ​”​។​

ការដាក់​ប៉ា​រាស់​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នាពេល​កន្លងមក​(រូបឯកសារ)


​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា ទាក់ទង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​សម្តេច​ក៏បាន​ដាក់ពិន័យ​មន្ត្រី​មួយចំនួន ហើយ​បញ្ហា​នេះ​មិនអាច​ដកថយ​បានទេ ត្រូវ​បន្តទៅទៀត​។ សម្តេច​ក្រឡាហោម​មិនបាន​បញ្ជាក់​អំពី​ចំនួន​មន្ត្រី​ដែល​ត្រូវបាន​ដាក់ពិន័យ​នោះទេ​។​


​គួរ​បញ្ជាក់ថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល​២៨​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៤០.៨៩៦​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ២៩.៨៥១​គ្រឿង និង​រថយន្ត​មាន​ចំនួន ១១.០៤៥​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ៩.៤០០​គ្រឿង និង​រថយន្ត​ធំ​ចំនួន ១.៦៤៥​គ្រឿង​៕​សរន​/Ha