២៩​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ជាង​បួន​ម៉ឺន​គ្រឿង , គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​១០៨​នាក់​

153
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រយៈពេល ២៩​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ មាន​ចំនួន​ជាង ៤២.០០០​គ្រឿង​និង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ២៩​ថ្ងៃ (១-២៩ ឧសភា​) បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០៨​នាក់ និង​របួស​ចំនួន​ជាង ៣០០​នាក់​។
​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល​២៩​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៩ ខែឧសភា យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៤២.៣៧៦​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៣០.៩២០​គ្រឿង និង​រថយន្ត​មាន​ចំនួន ១១.៤៥៦​គ្រឿង (​រថយន្ត​តូច​ចំនួន ៩.៧៧៧​គ្រឿង និង​រថយន្ត​ធំ​ចំនួន ១.៦៧៩​គ្រឿង​)​។​
​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា ដោយឡែក​សម្រាប់ ថ្ងៃទី​២៩ ខែឧសភា សមត្ថកិច្ច​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​ចំនួន ១.៤៨០​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១.០៦៩​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤១១​គ្រឿង (​រថយន្ត​តូច​ចំនួន ៣៧៧​គ្រឿង និង​រថយន្ត​ធំ ១១៦​គ្រឿង​)​។ បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តបន្ទាយមានជ័យ


​លោក​បាន​បន្តទៀតថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​២៩​ថ្ងៃ ពីថ្ងៃ​ទី​១-២៩ ខែឧសភា ឆ្នាំ​២០២០ លើកឡើង ១៩៨​លើក ស្លាប់ ១០៨​នាក់ របួស​ចំនួន ៣០៣​នាក់ ក្នុងនោះ​របួសធ្ងន់ ១៨៨​នាក់​។​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ កើតឡើង ៨​លើក ស្លាប់ ០៥​នាក់ និង​របួស ១៨​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ១១​នាក់​។​
​គួរ​បញ្ជាក់ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​កាលពី​ថ្ងៃទី​២៧ ខែឧសភា ថា ដំណើរការ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ចាប់តាំងពី​ថ្ងៃទី​១​ខែឧសភា​រហូតមកដល់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ មាន​អ្នក​រិះគន់​ប្រមាណ​មិន​ដល់​១​ភាគរយ​ទេ ដែល​បាន​យល់​ខុស​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​នគរបាល​ចរាចរណ៍​។ សម្ដេច​ក្រឡាហោម​បានបញ្ជាក់​ជាថ្មី​ទៀតថា ប្រសិនបើ​ពលរដ្ឋ​អ្នកដំណើរ​មិន​ប្រព្រឹត្ត​ខុស​អ្វី​ពេល​កំពុង​បើកបរ គឺ​គ្មាន​សមត្ថកិច្ច​ណា​ឃាត់​សួរនាំ​រក​ឯកសារ​នោះទេ​។​
​សម្ដេច​ក្រឡាហោម​បានបង្ហាញ​ភាព​រីករាយ​ចំពោះ​អត្រា​ធ្លាក់ចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គិត​ត្រឹម​រយៈពេល​២៦​ថ្ងៃ​កន្លងមក (១-២៦ ឧសភា​) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ និង​ធៀប​នឹង​ខែមេសា​ឆ្នាំ​២០២០​។ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ គឺ​គ្រោះថ្នាក់​បាន​ថយចុះ​១១២​លើក ស្មើនឹង​៣៨​ភាគរយ​, អ្នកស្លាប់​បាន​ថយចុះ​៣៤​នាក់ ស្មើនឹង​២៦​ភាគរយ​,​អ្នករបួស​ថយចុះ​១៦៥​នាក់ ស្មើនឹង​៣១​ភាគរយ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែមេសា​កន្លងទៅ មាន​អ្នកស្លាប់​ថយចុះ​៧​នាក់ រងរបួស​បាន​ថយចុះ​រហូតដល់​៨២​នាក់​។​
​ផ្អែកលើ​លទ្ធ​ផ​នេះ សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា វិធានការ​នេះ​នឹងមិន​ត្រូវ​ដកថយ​ជាដាច់ខាត គឺ​សមត្ថកិច្ច​ត្រូវ​បន្តធ្វើ និង​ប្រកបដោយ​ការយកចិត្តទុកដាក់​ក្នុង​ការគោរព​សីលធម៌​វិជ្ជាជីវៈ មាន​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ដើម្បី​បានការ​គាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។​
​សម្ដេច​បាន​មានប្រសាសន៍ថា​ពេលនេះ​ការគោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ដើរ​ដល់​របត់​ថ្មី​មួយ​ហើយ ហើយ​នេះ​គឺជា​កិត្តិយស​របស់​ជាតិ និង​ជាការ​ការពារ​អាយុជីវិត និង​សេចក្ដីសុខ​របស់​ប្រជាពលរដ្ឋ ដែល​យើង​ត្រូវតែ​បន្ត​បេសកកម្ម​នេះ​ដោយ​គ្មាន​ការដកថយ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ