​អភិបាលខេត្ត​កំពង់ចាម​អំពាវនាវ​ជាថ្មី​រក​ថវិកា​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះធម្មជាតិ​

188
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​អំពាវនាវ​សាជាថ្មី​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​សូមជួយ​បន្ត​បរិច្ចាគ​នូវ​ថវិកា​ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​។​ខណ​:​ដែល​ថវិកា​ចំនួន​ប្រមាណ​៣១០.០០០​ដុល្លារ​អាមេរិក​បានទទួល​ពី​សប្បុរសជន​លើ​សកម្មភាព​មនុស្សធម៌​មួយ​នេះ​គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​២០២០​។​

លោក​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​បាន​អំពាវនាវ​បែបនេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​ជួប​ជា​អាជ្ញាធរ​ជា​អភិបាលស្រុក​,​ក្រុង​មន្ត្រីរាជការ​ជា​ប្រធាន​មន្ទីរ​អង្គភាព​នានា​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩​នៅក្នុង​សាលាខេត្ត​កំពង់ចាម​កាល​ពីថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍​ថាបើ​ពិនិត្យឃើញ​មេឃ​ពណ៌​ខ្មៅ​គឺ​ព្រឹក​ឡើង​រង់ចាំ​ទទួល​របាយការណ៍​ពី​ការរង​គ្រោះ​ខូចខាត​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដោយ​ខ្យល់​កន្ត្រាក់​ពី​បណ្តា​ស្រុក​។​ដូច្នេះ​យើង​សូម​អំពាវនាវ​សាជាថ្មី​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​ទាំងអស់​មេត្តា​ចូលរួម​សកម្មភាព​មនុស្សធម៌ ជួយឧបត្ថម្ភ​ថវិកា ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ដើម្បី​ត្រៀម​ទុក​ជួយសង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ទាំងនោះ​។​

លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ទៀតថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២០ គឺ​សប្បុរសជន​បាន​ជួយឧបត្ថម្ភ​ទាំង​ប្រាក់រៀល​និង​ដុល្លារ​ចំនួន​សរុប​ប្រមាណ​៣១០.០០០​ដុល្លារ​អាមេរិក​។​ក្នុងនោះ​សប្បុរសជន​ដែល​បាន​កៀងគរ​ថវិកា​ជួយឧបត្ថម្ភ​ច្រើនជាងគេ​គឺ​លោក​ហ៊ុន​ណេង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​នូវ​ទឹកប្រាក់​ចំនួន ១២៥.០០០ ដុល្លារ​។​


លោក​បាន​បន្តថា​ក៏​សូម​អរគុណ​ផងដែរ​ដល់​បណ្តា​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​ដែល​បាន​ចូលរួម​កាកបាទក្រហម នូវ​ទឹកប្រាក់​មួយអង្គ​ភាព​ចំនួន ពីរលាន រៀល​យ៉ាងតិច ក្រោយពី​ការអំពាវនាវ​របស់លោក ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​។​

ប៉ុន្តែ​យើង​ក៏​នៅតែ​សំណូមពរ​សុំ​ការចូលរួម​ឱ្យបាន​ផុលផុស​ពី​សប្បុរសជន​ទាំងអស់​ក្នុងការ​ប្រមែប្រមូល​ថវិកា​សម្រាប់​ទ្រទ្រុង​សង្គ្រោះ​គ្រួសារ​ជា​ជនរងគ្រោះ​ពី​ខ្យល់​កន្ត្រាក់​និង​គ្រោះធម្មជាតិ​ទឹកជំនន់​ទន្លេមេគង្គ​ដែល​នឹង​មកដល់​នា​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​៕S/​