​ក្រុម​អ្នកជំនាញការ​ចិន​ចុះជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ​១៩​នៅ​ខេត្ត​កែប​

102
ចែករម្លែក

ដោយ​បូកគោ​/​កែបៈ​ក្រុម​អ្នកជំនាញ​អង្គការ​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​(BSR)​របស់​ប្រទេស​ចិន​ដោយមាន​កិច្ច សម្របសម្រួល​ពី​ក្រុមការងារ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​.) សហការ​ជាមួយ​រដ្ឋបាលខេត្ត​កែប និង​មន្ទីរ​សុខាភិបាល​ព្រមទាំង​ក្រុមការងារ​កង​សង្គ្រោះបន្ទាន់​៧១១​នៃ​កងពលតូច​លេខ​៧០​។​កាលពី​រសៀល​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ​១៩​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត​កែប​។

​លោក​សោម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត​កែប​បាន​រៀបរាប់ថា ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​បាន​ធូរស្បើយ​ពិតមែន តែ​រដ្ឋបាលខេត្ត និង​មន្ត្រី​ជំនាញ ព្រមទាំង​គ្រប់ផ្នែក​ពាក់​ព័ន្ធ ក៏ដូចជា​ក្រុមការងារ​យុវជន​កំពុង​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ ប្រជាពលរដ្ឋ គ្រប់​មូលដ្ឋាន​ទាំងអស់​។

ដោយឡែក​ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​របស់​ក្រុម​ជំនាញ​មកពី​ប្រទេស​ចិន​ធ្វើឡើង​នៅ​ទីតាំង​ដែល​ប្រឈម​ខ្លាំង​នាពេលនេះ​គឺជា​ការរួមចំណែក​ទប់​ស្កាត់​បង្ការ​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​ទាំងមូល​។​សកម្មភាព​ទាំងនេះ​ស្ថិតក្នុង​បំណង​ធានាថា​ខេត្ត​កែប​នឹង​មិនមាន​កន្លែង​ណាមួយ​ជា​គោលដៅ​សម្រាប់​ឱ្យ​មេរោគ​កូ​វីដ​១៩​ជ្រកកោន ឬ​បង្កប់​នូវ​ការសង្ស័យ និង​ព្រួយបារម្ភ​ទៀតឡើយ​។


​សូមបញ្ជាក់ថា​យុទ្ធនាការ​នៃ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ​១៩​ធ្វើឡើង​នៅ​ទីតាំង​សំខាន់ៗ​ចំនួន​បី​កន្លែង​ទូទាំង​ខេត្ត​កែប​។​ក្នុងនោះ​រួមមាន​១.​អនុវិទ្យាល័យ​សង្គមរាស្ត្រនិយម​ដោយបាន​បាញ់ថ្នាំ​លើ​ផ្ទៃដី​ទំហំ​៤៨០​ម៉ែត្រក្រឡា​។​២.​វិហារ​អ៊ិ​ស្លាម​អាល់​មូ​កា​រ៉​ម៉ាស់​ដែលជា​កន្លែង​រកឃើញ​ក​រ​ណី​ជំងឺ​កូ​វីដ​១៩​នាពេល​កន្លងមក​ដោយ​បាន​បាញ់ថ្នាំ​លើ​ផ្ទៃដី​ទំហំ​៣៩៣​ម៉ែត្រក្រឡា​។​៣.​ផ្សារ​កែប​បាន​បាញ់ថ្នាំ​លើ​ផ្ទៃដី​ទំហំ​៤.០០០​ម៉ែត្រក្រឡា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ