ម្ចាស់​មេដាយមាស ពិភពលោក ៤ ជំនាន់ សម្រេចចិត្ត​លាឈប់ ពី​អាជីព​កីឡា​ប៉េតង់​

127
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស ជើងឯក​ពិភពលោក ៤ ជំនាន់ បានប្រកាស​លាឈប់ ពី​អាជីព​កីឡា​ប៉េតង់​ហើយ ដោយសារ​បញ្ហា​សុខភាព របស់លោក​ស្រី មិនអាច​ទ្រាំទ្រ ត​ទៅមុខទៀត​បាន​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន លោកស្រី កែ ឡេង បាន​បញ្ជាក់ថា ការសម្រេចចិត្ត​លាឈប់ ពី​វិស័យ​កីឡា​ប៉េតង់​នេះ គឺ​អាស្រ័យ​ដោយ ស្ថានភាព​សុខភាព របស់​លោកស្រី​ផ្ទាល់ ចុះខ្សោយ មិនអាច​បន្ត​ស៊ូទ្រាំ​នឹង​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត ត​ទៅមុខទៀត​បាន​។​

​ស្ថិតនៅក្នុង​វ័យ ៥៧ ឆ្នាំ លោកស្រី កែ ឡេង បាន​អះអាងថា បច្ចុប្បន្ន វ័យ​កាន់តែ​ចាស់​ទៅហើយ ពុំ​អាច​បន្ត​ការចូលរួម​ប្រកួត លើ​ឆាក​អន្តរជាតិ ដណ្តើម​កិត្យានុភាព​ជាតិ មេដាយមាស ដូច​កាលពីមុនៗ​ទៀតឡើយ ពីព្រោះ​ការត្រៀម​ចូលរួម​ប្រកួត​ម្តងៗ ត្រូវតែមាន​ការហ្វឹកហាត់ យូរ​ម៉ោង ក្នុង​១​ថ្ងៃៗ ។ ម្យ៉ាងទៀត លោកស្រី ក៏​ជាប់រវល់​ច្រើន នៅ​អង្គភាព​របស់ខ្លួន ក្រោម​ចំណុះ​ក្រសួងការពារជាតិ ក្នុងឋានៈ​ជាម​ន្ត្រី​យោធា​ផ្កាយ​ពីរ ។ ទោះ​យ៉ាងនេះ​ក្តី ក៏​លោកស្រី មិនទាន់​បញ្ជាក់ថា ក្រោយពី​បញ្ចប់​អាជីព កីឡាការិនី​ប៉េតង់ ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​នេះ​ទៅ លោកស្រី នឹង​ធ្វើជា​គ្រូបង្វឹក ឬ​យ៉ាងណា​នោះដែរ​។​

វីរ​កីឡាការិនី កែ ឡេង នៅក្នុងពេលប្រកួត កន្លងទៅ

​កន្លងមក វីរ​កីឡាការិនី ប៉េតង់​កម្ពុជា លោកស្រី កែ ឡេង ដែល​លេចធ្លោ​យ៉ាងខ្លាំង លើ​វិញ្ញាសា​វាយយក​ពិន្ទុ តែងតែ​ប្រាប់ថា ការហ្វឹកហាត់ និង​ការប្រកួត លក្ខណៈ​អន្តរជាតិ​ម្តងៗ លោកស្រី សម្លឹងមើល​គោលដៅ (​ប៊ី​) ដើម្បី​វាយ​ឲ្យ​ចំ​គោលដៅ ហើយ​លោកស្រី តែងតែ​ទទួលបាន ការកោតសរសើរ ពី​មហាជន​ថា ម្ចាស់​មេដាយមាស ៤ ជំនាន់​ជាប់ៗ​គ្នា របស់​ពិភពលោក​រូបនេះ វាយ​ចំ​គោលដៅ បាន​យ៉ាង​ល្អ​បំផុត ដោយ​មិនទាន់មាន កីឡាការិនី​អន្តរជាតិ ណា​ម្នាក់ បំបែក​កំណត់ត្រា គ្រប់គ្រង ម្ចាស់​មេដាយមាស ពី​ការប្រកួត​ជើងឯក​ពិភពលោក រហូតដល់ ៤ សម័យកាល ជាប់ៗ​គ្នា​បែប​នេះឡើយ​។​

​លោកស្រី បាន​បន្ថែមថា មកដល់ពេលនេះ លោកស្រី មិនទាន់​សម្លឹង​ឃើញ មាន​កីឡាការិនី​ប៊ូល និង​ប៉េតង់​កម្ពុ​ជាណា​ម្នាក់ អាច​ស្នង​តំណែង​របស់​លោកស្រី បាន​នៅឡើយ​ទេ​។​

​សូម​រម្លឹកថា វីរ​កីឡាការិនី កែ ឡេង បានឈ្នះ​មេដាយមាស ពី​ការប្រកួត​ជើងឯក​ពិភពលោក ៤ ជំនាន់ ជាប់ៗ​គ្នា ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​រហូតដល់​ឆ្នាំ​២០១៩ ដែល​ភាពល្បីល្បាញ​នេះ បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​កីឡា​ប៉េតង់ មាន​ភាព​លេចធ្លោ​យ៉ាងខ្លាំង ហើយ​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ បានផ្តល់​សិទ្ធិ ឲ្យ​កម្ពុជា​ទទួល​សិទ្ធិ ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ជើងឯក​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ​។​

​នៅក្នុង​ឋានៈ ជា​ម្ចាស់ផ្ទះ​ជើងឯក​ពិភពលោក យុវជន និង​ស្ត្រី លើក​ទី​១៧ ឆ្នាំ ២០១៩ កីឡាការិនី​ជម្រើសជាតិ កែ ឡេង បានឈ្នះ​មេដាយមាស លើ​វិញ្ញាសា វាយយក​ពិន្ទុ ដែលជា​មេដាយមាស​ពិភពលោក ជំនា​ន់ទី​៤ ចុងក្រោយបង្អស់ របស់លោក​ស្រី​។ ក្រៅពី​ការ​ឈ្នះ មេដាយមាស​ជើងឯក ពិភពលោក លោកស្រី​កែ ឡេង ក៏​ធ្លាប់​បានឈ្នះ​មេដាយ​ស៊ី​ហ្គេម និង​ការប្រកួត​អន្តរជាតិ មួយចំនួនទៀត​ដែរ​៕​v

វីរ​កីឡាការិនី កែ ឡេង និងកីឡាករ កីឡាការិនីដទៃទៀត ថតរូបអនុស្សាវីយ៍ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ