ទស្សនាវដ្តី Forbes ទម្លាក់នាងខាយលី ជេនន័រ ចេញពីបញ្ជីមហាសេដ្ឋីពាន់លានដុល្លារ

194
ចែករម្លែក

នាងខាយលី ជេនន័រលែងជាមហាសេដ្ឋីពាន់លានទៀតហើយ។ ទស្សនាវដ្តី Forbes និយាយកាលពីថ្ងៃសុក្រទី២៩ឧសភាថា ខ្លួនចោទគ្រួសារតារាទូរទស្សន៍រូបនេះថា “បំប៉ោងតម្លៃអាជីវកម្មគ្រឿងសម្អាងរបស់នាងអស់ជាច្រើនឆ្នាំ”។

ទស្សនាវដ្តី Forbes បានប្រកាសតារាស្រីអាយុ២២ឆ្នាំរូបនេះជាមហាសេដ្ឋីពាន់លានកាលពីខែមីនាឆ្នាំ២០១៩ ដោយហេតុថាម៉ាកផលិតផល Kylie Cosmetics របស់នាងមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែបានដកនាងចេញពីបញ្ជីហើយ ដោយយោងតាមព័ត៌មានថ្មី។

នាងជេនន័របានលក់ភាគហ៊ុន ៥១ ភាគរយក្នុងម៉ាកសញ្ញាផលិតផលរបស់នាងឱ្យទៅក្រុមហ៊ុនគ្រឿងសម្អាងយក្ស Coty ក្នុងខែមករាសម្រាប់តម្លៃ ៦០០ លានដុល្លារនៅក្នុងកិច្ចព្រមព្រៀងមួយ ដែលធ្វើឱ្យក្រុមហ៊ុននាងមានតម្លៃ ១,២ ពាន់លានដុល្លារ។

Forbes និយាយនៅក្នុងអត្ថបទមួយចុះផ្សាយលើវេបសាយរបស់ខ្លួនថា សន្លឹកឯកសារនៃកិច្ចព្រមព្រៀងនោះបានលាតត្រដាងថា អាជីវកម្មរបស់នាង “មានទំហំតូចជាងនិងមានផលចំណេញតិចជាង” អ្វីដែលយើងបានជឿកន្លងមក។

ទស្សនាវដ្តីក៏ចោទគ្រួសារល្បីមួយនេះ ដែលនាងខាយលីជាកូនពៅ ថាបានបង្កើតរបាយការណ៍ពន្ធប្រាក់ចំណូលក្លែងក្លាយផងដែរ។

ទស្សនាវដ្តីសរសេរថា “ចំណាត់ការមិនធម្មតាដែលគ្រួសារជេនន័រហ៊ានធ្វើមិនកោតក្រែងនេះ…លាតត្រដាងឱ្យដឹងថាតើពួកអ្នកមានកប់ពពកខ្លះចង់ឱ្យគេមើលឃើញខ្លួនឯងកាន់តែមានដល់កម្រិតណា”។

ទស្សនាវដ្តីនិយាយថា ព័ត៌មានថ្មីនិងផលប៉ះពាល់នៃកូវីដ១៩លើការលក់ផលិតផលថែសម្រស់នាងនាងបាននាំឱ្យពួកគេជឿថានាងមិនមែនជាមហាសេដ្ឋីពាន់លាននោះទេ ទោះបីនាងបានកើបលុយប្រមាណ ៣៤០ លានដុល្លារក្រោយបង់ពន្ធពីការលក់ក៏ដោយ។

ទោះយ៉ាងណា នាងក៏មិនទៅណាឆ្ងាយពេកនោះដែរពីឋានៈមហាសេដ្ឋីពាន់លាន។ ទស្សនាវដ្តី Forbes ព្យាករណ៍ថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាងជេនន័រមានក្រោម ៩០០ លានដុល្លារ៕ ដោយ៖ កញ្ញាដាលីស

នាងខាយលី ជេនន័រលែងជាមហាសេដ្ឋីពាន់លានទៀតហើយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ