កូវីដ ១៩ នៅកម្ពុជា ៖ ថ្ងៃ ៣០ ឧសភា ឆ្លងថ្មី មួយនាក់ ជាសះស្បើយមួយនាក់

94
ចែករម្លែក
រូបឯកសារ

ដោយៈ មេសា/ភ្នំពេញៈ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី ៣០ ខែឧសភានេះ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា មានករណីឆ្លងថ្មីមួយនាក់ ដែលជាបុរសជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ រស់នៅភូមិរកាពរ ៥ ឃុំ រកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកទៅចូលរួមសិក្សាសាសនានៅ ប្រទេសថៃ ដែលបានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី ២៨ខែឧសភានេះ ។ 

ប្រភពដដែលបន្តថា​បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីខេត្ត បន្ទាយមានជ័យ ។ ចំណែកមនុស្ស ៨ អ្នកផ្សេងទៀតដែលរួមដំណើរជាមួយគាត់ បានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែកំពុងត្រូវបានធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ហើយម្នាក់ទៀតកំពុងរង់ចាំលទ្ធផលធ្វើតេស្តសំណាក ។

ប្រភពបន្តថាទន្ទឹមនេះមានអ្នកជាសះស្បើយមួយនាក់និងពីរនាក់កំពុងសម្រាកព្យាបាល។

គប្បីរំឭកថា អ្នកជំងឺកូវីដ ១៩ នៅកម្ពុជា ធ្លាប់បានព្យាបាលឱ្យជាសះស្បើយចុងក្រោយម្តងហើយនៅត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ នេះ ។ ប៉ុន្តែប៉ុន្មានថ្ងៃមក ក៏បានរកឃើញ ៣ ករណីទៀត( រូមទាំងថ្ងៃនេះ១ ករណីផង ) ។ ប៉ុន្តែលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានពន្យល់ថា ការរកឃើញទាំង ( ៣ ) នេះ មិនមែនជា​រលកទី ២ នៃ ជំងឺកូវីដ ១៩ មកលើកម្ពុជាទេ ព្រោះសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជាក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក តែងតែបានក្រើនរំឭកដល់សាធារណជននៅកម្ពុជា ឱ្យរក្សាការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាលាងសម្អាតដៃ ពាក់ម៉ាស់ ( ក្នុងករណីចាំបាច់ ) នៅឱ្យឃ្លាតគ្នាពី១ ទៅ ២ ម៉ែត្រ ជាដើម ព្រោះកម្ពុជា មិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ ១៩ នៅឡើយទេ ហើយថាកម្ពុជា អាចនឹងរងការវាយប្រហារដោយរលកទី ២ ដែលអាចនឹងធ្ងន់ធ្ងរជាងនេះ ប្រសិនបើកម្ពុជាធ្វេសប្រហែស ៕សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ