យន្តហោះ​ប្រយុទ្ធ​រុស្ស៊ី​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាម៉េរិក​នៅលើ​សមុទ្រ​ខ្មៅ​

358
ចែករម្លែក

​យន្តហោះ​ប្រដេញ​របស់​កងទ័ព​រុស្ស៊ី​បាន​ស្ទាក់​ផ្លូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អាម៉េរិក​នៅលើ​ដែនទឹក​អព្យាក្រិត​លើសមុទ្រ​ខ្មៅ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ឧសភា នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌​​មាន​ដេល្លី​ម៉េល​របស់​អង់គ្លេស​។​

​រូបភាព​វីដេអូ​ផ្សាយ​តាម​អន​ឡាញ បង្ហាញ​យន្តហោះ​រុស្ស៊ី​មួយ​ហោះ​សំដៅ​យន្តហោះ​B1-B Lancer របស់​អាម៉េរិក ហើយ​មន្ត្រី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​និយា​ថា យន្តហោះ Su-27 និង Su-30 របស់​ខ្លួន​ត្រូវ​​បាន​ប្រើ​ក្នុង​បេសកកម្ម​នេះ​។​

​អំពី​ឧបទ្ទវហេតុ​នេះ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​ថា បន្ទាប់​ពី​យន្តហោះ​រុស្ស៊ី​បើក​សំដៅ យន្តហោះ​អាម៉េរិក​បាន​ដូរ​ទិស​ហោះ​ចេញ​ពី​ព្រំដែន​សហព័ន្ធរុស្ស៊ី​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា​«​ដើម្បី​ស្ទាក់​គោលដៅ យន្តហោះ​Su-27P និង Su-30SM មក​ពី​កងកម្លាំង​ការពារ​អាកាស​ត្រូវបាន​បញ្ជូន​ចេញ ដោយ​បាន​រកឃើញ​យន្ត​ហោះ​អាម៉េរិក​​ភ្លាមៗ​។​ការហោះហើរ​នៃ​យន្តហោះ​ចម្បាំង​រុស្ស៊ី ធ្វើឡើង​ស្រប​តាម​ច្បាប់​អន្តរជាតិ​ស្តីពី​ការប្រើប្រាស់​ដែនអាកាស​»​។​

​ការ​ស្ទាក់ផ្លូវ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​យន្តហោះ​ប្រដេញ​រុស្ស៊ី​បាន​ហោះ​ក្នុង​«​លក្ខណៈ​មិន​សុវត្ថិភាព​និង​មិន​វិជ្ជាជីវៈ​»​ក្នុងពេល​ស្ទាក់​ផ្លូវ​យន្តហោះ​យក​​ការណ៍​អាម៉េរិក​មួយ​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​៕​ប្រែ​សម្រួល​៖​វាសនា​

រូបភាព​វីដេអូ​បង្ហាញ​យន្តហោះ​រុស្ស៊ី​Su-27​ហោះ​ទៅជិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាម៉េរិក B1-B Lancer​នៅលើ​សមុទ្រ​ខ្មៅ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ