វេន​រូ​នី ចូលរួម​ជាមួយ​ក្លិប​ចាស់ Everton

1112
ចែករម្លែក

អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស របស់​ក្លិប​បិសាច​ក្រហម Manchester United វេន រូ​នី កាលពី​ថ្ងៃអាទិត្យ ទី​៩ កក្កដា បាន​ចូលរួម​ជាមួយ​ក្លិប​ពី​កុមារភាព​របស់ខ្លួន Everton លើ​កិច្ចព្រមព្រៀង​រយៈពេល ២ ឆ្នាំ បន្ទាប់ពី​ចំណាយពេល ១៣ ឆ្នាំ​ឈ្នះ​ពាន​រាប់មិនអស់​នៅ​ទឹកដី Old Trafford​។​

​កីឡាករ​អាយុ ៣១ ឆ្នាំ ដែល​ផ្ទេរ​មក​ទឹកដី Goodison Park ក្នុងតម្លៃ​មិន​បញ្ចេញ​ឱ្យដឹង​រូបនេះ បាន​និយាយ​អំពី​ក្តីរំភើប​ដែល​បាន​វិល​ត្រឡប់មក​ក្លិប ដែល​គាត់​បានចាប់ផ្តើម​អាជីព បន្ទាប់ពី​ឆ្លងកាត់​ថ្នាល​យុវជន​។

រូ​នី​និយាយថា “​ការ​ឈ្នះ​ពាន​ជាមួយ Everton នឹង​ជា​ភាពជោគជ័យ​បំផុត​។ ខ្ញុំ​មាន​អារម្មណ៍​ថា ឥឡូវនេះ​ក្លិប​កំពុង​បោះជំហាន​ទៅរក​ទិសដៅ​ត្រឹមត្រូវ​ដោយ​នាំមក​នូវ​កីឡាករ​មាន​សមត្ថភាព​ចូលក្នុង​ក្លិប​។ ខ្ញុំ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​វា និង​សង្ឃឹមថា​ជា​ផ្នែក​នៃ​ភាពជោគជ័យ​របស់​ក្រុម Everton”​។

​រូ​នី​បន្តទៀតថា “​វា​ជា​អារម្មណ៍​អស្ចារ្យ​ណាស់​ដែល​បាន​ត្រឡប់មកវិញ​។ ខ្ញុំ​មិនអាច​ទ្រាំ​រង់ចាំ​ជួប​មិត្ត​រួម​ក្រុម ចូល​ហ្វឹកហាត់​លើ​ទីលាន និង បន្ទាប់មកទៀត ចូល​លេង​លើ​ទីលាន​នោះឡើយ​។ ខ្ញុំ​រំភើប​ខ្លាំងណាស់​។ ខ្ញុំ​មិនអាច​ទ្រាំ​រង់ចាំ​វិលត្រឡប់​ទៅលេង​សាជាថ្មី​ឡើយ​”​។

​រូ​នី​បានចាប់ផ្តើម​ល្បី​នៅក្នុង​ក្របខណ្ឌ​ព្រីម​ញឺ​លី​ក នៅពេល​រូបគេ​ស៊ុត​ចូល​គ្រាប់​បាល់​អស្ចារ្យ​ឱ្យ Everton ប៉ះ​ជាមួយ Arsenal នៅ​អាយុ ១៦ ឆ្នាំ ហើយ​រូបគេ​បាន​ផ្ទេរ​ទៅ United នៅ​ពីរ​ឆ្នាំក្រោយ ក្នុងតម្លៃ ៣២,២៣ លាន​ដុល្លារ​។

​ដោយ​ស៊ុត​ចូល ៣ គ្រាប់​តែឯង​នៅ​ថ្ងៃ​បង្ហាញមុខ​ដំបូង​ឱ្យ United ទល់នឹង​ក្រុម Fenerbahce ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​ស្ល៊ី​ក រូ​នី​បាន​បន្ត​លេង​បាន​រហូតដល់​ជាង ៥៥០ ប្រកួត ដោយ​ស៊ុត​ចូល ២៥៣ គ្រាប់​ក្លាយជា​អ្នក​ស៊ុត​ចូល​ច្រើនជាងគេ​ប្រចាំ​ក្លិប ដោយ​វ៉ា​ដាច់​កំណត់ត្រា​របស់​វីរបុរស​ក្លិប គឺ​លោក បប់​ប៊ី ឆាល​តុ​ន​៕ ដោយ ៖កញ្ញាដាលីស

រូ​នី វិលត្រឡប់​ទៅ Everton វិញ​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម