ទឹកធ្លាក់​អូ​រជាំ​កំពុង​បង្ហាញ​សម្រស់​ធម្មជាតិ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ អន្តរជាតិ​

242
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ស្ថិតនៅ​ក្នុងភូមិ​អូរ​ជាំ​លើ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ​៩៩​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​។​

​លោក​អ៊ុក អ៊ុ​ភី​នី​ហ្សា​រ៉ា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល​។ នៅ​ទីនោះ​មាន​ដើមឈើ​ធំៗ​ចម្រុះ ផ្តល់នូវ​ម្លប់​យ៉ាង​ត្រជាក់ និង​ខ្យល់អាកាស​បរិសុទ្ធ​ល្អ​។ ទឹកធ្លាក់​ចុះមក​ពីលើ​ភ្នំ​ដែលមាន​ប្រភព​មកពី​បឹង​ដ៏​ធំ​មួយ​ទំហំ​ប្រមាណ​ជាង​២​ហិកតា លើ​កំពូលភ្នំ​ ដែល​អ្នក​នៅ​តំបន់​នោះ​ហៅថា​បឹង​ទន្លេ​ផែន ហូរ​កាត់​តាម​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ដំណាក់ ដែល​បង្កើត​អោយ​ទឹក​មាន​សភាព​ថ្លា​ឆ្វង់ និង​ត្រជាក់​ដូច​ទឹក​អ​ម្រឹ​ត​។ ទីតាំង​ដ៏​អំណោយផល​នេះ បានផ្តល់​នូវ​បរិស្ថាន​ដ៏​ប្រសើរ​ចំពោះ​ការរស់នៅ​របស់​មច្ឆា បក្សាបក្សី ប្លែកៗ​គួរ​ជាទី​គយគន់​។ ទី​ភ្នំ​ខ្ពស់ៗ​អមដោយ​រុក្ខជាតិ និង​ស្មៅ​ដុះ​ខៀវខ្ចី បាន​បង្កើន​នូវ​ថាមពល​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​សប្បាយ​។ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ផ្តល់នូវ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ជាច្រើន​ដូចជា​: សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ និង​ភេសជ្ជៈ សេវា​មគ្គុទេសក៍​ទេសចរណ៍​សហគមន៍​។ ដូចនេះ​ភ្ញៀវទេសចរ​មិនបាច់​បារ​ម្ភ​ថា​ខ្វះខាត​អ្វី​ឡើយ​។​

​លោក​ប្រធាន​មន្ទីរ​បន្តថា សកម្មភាព​កម្សាន្ត​នានា ក្នុង​សហគមន៍​នេះ រួមមាន​ដូចជា​: ការដើរ​ទស្សនា​កម្សាន្ត​តាម​លើ​ភ្នំ​និង​ទឹកជ្រោះ​ដែលមាន​ច្រើន​ដំណាក់ និង​ផ្តល់នូវ​រសជាតិ​អារម្មណ៍​ប្លែកៗ​ពីគ្នា ការ​ងូត​ទឹកជ្រោះ​កម្សាន្ត​ ការ​ពិសាអាហារ​ប្លែកៗ ក្នុង​តំបន់​ដែល​ចម្អិន​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​សហគមន៍​ផ្ទាល់ ការបោះ​តង់​ស្នាក់នៅ​ប្រកប​ដោយសុវត្ថិភាព​ខ្ពស់ ការ​ទស្សនា​ហ្វូង​មេអំបៅ ការកម្សាន្ត​ពេល​រាត្រី ដុត​ភ្នក់ភ្លើង​ជា​ក្រុមៗ ការសិក្សា​ស្រាវជ្រាវឈ្វេងយល់ពី​សហគមន៍ ការទទួលបាន​នូវ​បទពិសោធន៍​ថ្មី​ប្លែក ជាមួយនឹង​ធម្មជាតិ​នៃ​បេះដូង​របស់​ស្រុក​សំឡូត​។ ក្រៅពី​កន្លែង​កម្សាន្ត​ខាងលើនេះ ខេត្តបាត់ដំបង​មាន​ទីតាំង​លេង​ទឹក​និង​កម្សាន្ត​ជាច្រើន​ទៀត ដូចជា រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​ចម្ការ​ទុរេន​, រមណីយ​ដ្ឋាន​ទឹកធ្លាក់​ចម្ការស្វាយ​, រមណីយដ្ឋាន​ធម្មជាតិ​ថ្វាក​(​ស្រុក​រតនមណ្ឌល​), រមណីយដ្ឋាន​អាង​កំពីងពួយ​, សហគមន៍​អេកូ​ទេសចរណ៍​អូរ​ជាំ​(​ស្រុក​សំឡូត​), គោលដៅ​ទេសចរណ៍​ភ្នំ​កំពូល​(​ស្រុក​រត​មណ្ឌល​), រមណីយដ្ឋាន​អាងទឹក​កំពីងពួយ​, រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​សំពៅ​, ប្រាសាទភ្នំបាណន់​, ប្រាសាទឯកភ្នំ​, ដែន​ជម្រក​សត្វ​ស្លាប​ព្រែក​ទាល់ (​ស្រុក​ឯក​ភ្នំ​), មណ្ឌល​កម្សាន្ត​ឡូរី (​ស្រុក​បាណន់​), រមណីយដ្ឋាន​ប្រាសាទ​បា​សែត​, សំណង់ផ្ទះ​បុរាណ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​ជាដើម​។​ល​៕ /សរន/Ha