នារី​រូប​ស្រស់​បើករថយន្ត​ទៅបុក​រះ​កង់​បី​ឥណ្ឌា​ចំនួន ៣​គ្រឿង បណ្ដាល​ឲ្យ​ម្ចាស់​កង់​បី​ម្នាក់​រងរបួស​ធ្ងន់​

133
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នារី​ម្នា​ក់បាន​បើករថយន្ត Masda យ៉ាង​លឿន​ជ្រុល​ទៅបុក​រះ​​កង់​បី​ចំនួន ៣​គ្រឿង បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ និង​រងរបួស​ធ្ងន់​ម្ចាស់​កង់​បី​ម្នាក់ កាល​វេលា​ម៉ោង ៨​និង ៤០​នាទី​យប់​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​បុរី​ជីបម៉ុង នៅតាម​បណ្ដោយ​ផ្លូវ​១០១៥ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ម្ចាស់​កង់​បី​និង​រថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​ប្រភពពី​បុរស​ម្នាក់​ដែល​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​ឃើញ​កង់​បី​ឥណ្ឌា​ជាច្រើន​គ្រឿង​ដែល​ចត​ចាំ​ភ្ញៀវ​នៅ​ចិញ្ចើមផ្លូវ ស្រាប់​តែមាន​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ បើករថយន្ត​ម៉ា​ស្តា ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 2AX 1268 តាម​បណ្ដោយ​ផ្លូវ​១០១៥ ទិសដៅ​ពី​ជើង​មក​ត្បូង​បើក​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេចង្កូត​មក​ខាងស្តាំ​ដៃ​បុក​រះ​កង់​បី​ឥណ្ឌា​ចំនួន ៣​គ្រឿង​។ ដំបូង​បុក​ចំ​កង់​បី​ឥណ្ឌាពណ៌​ស ពាក់​ផ្លាក លេខ​ព្រៃវែង 1P 6828 បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ​។ រថយន្ត​បាន​បន្ត​ទៅបុក​កង់​បី​ឥណ្ឌាពណ៌​លឿង ពាក់​ផ្លាកលេខ ត្បូងឃ្មុំ 1F 7154 ខ្ទេច​មើល​លែង​យល់ និង​រងរបួស​ម្ចាស់​កង់​បី​ម្នាក់បែកក្បាល​ធ្ងន់ ហើយ​ក៏មាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​ផងដែរ​។ រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​ទៅបុក​កង់​បី​ឥណ្ឌាមួយទៀត ពណ៌​លឿង ពាក់​ផ្លាកលេខ ព្រៃវែង 1M 5956 ខូចខាត​យ៉ាងដំណំ​។ កង់​បី​ឥណ្ឌា​ទាំងអស់​បាន​ចត​នៅ​ចិញ្ចើមផ្លូវ​រង់ចាំ​ភ្ញៀវ​មុខ​បុរី​ជីប ម៉ុង​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​កង់​បី និង​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ