រថយន្ត​កុងតឺន័រ​ក្រឡាប់​ផ្ងារជើង​នៅ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​

119
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​ឡើង​ស្ពាន​ព្រះមុនីវង្ស​ចាស់ ហៅ​ស្ពាន​ច្បារអំពៅ បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ឡើយ កាលពី​វេលា​ម៉ោង ១១​និង ៤០​នាទី​យប់​ថ្ងៃ​សុក្រ ទី២៩ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​គល់ស្ពាន​ច្បារអំពៅ​ ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

​រថយន្ត​កុងតឺន័រ​ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ 3C 8196 បើកបរ​ដោយ​បុរស​ម្នាក់​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើតមក​លិច​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ផ្លូវ​កោង​ផង​នោះ បានបួង​ចង្កូត​មិនទាន់​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​។ ពេល​នោះគេ​ឃើញ​តៃកុង​បាន​លូន​ចេញ​ហើយក៏​រត់​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។ ពិតជា​សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។ នៅ​កន្លែងកើតហេតុ​គេ​បានឃើញ​រថយន្ត​ហូរ​ប្រេងម៉ាស៊ូត​​ហូរ​ពេញ​ផ្លូវ​លើ​ស្ពាន​ច្បារអំពៅ ក្រោយមក​ក៏មាន​ម៉ូតូ​មួយគ្រឿង​រអិលដួល​រង​របួសស្រាល ក៏​លើក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​មក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ