យុវជន​២​នាក់​ត្រូវ​ក្រុម​ចោល​កាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

176
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នាក់​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ឌ្រី​ម​សង់​ឆ្នាំ​២០២០​បានសម្រេច កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍ ទី​៣០ ខែឧសភា​ឆ្នាំ ២០២០ ត្រង់ចំណុច​មុខ​ផែស្ងួត​តេង​ឡាយ តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ បាន​បាត់​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​២០២០ មិន​ចាំ​ស្លាក​លេខ​ជនរងគ្រោះ​រងរបួស​ធ្ងន់ បន្ទាប់មក​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។​

​តាម​សម្តី​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​រ៉ាយរ៉ាប់​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​រូបគាត់​បាន​ជិះ​ម៉ូតូ​របស់​សង្សារ​ដើរលេង​ជាមួយគ្នា​រួចមក ក៏​ជូន​សង្សារ​ទៅផ្ទះ រួច​ហើយក៏​មិនមាន​ម៉ូតូ​ជិះ​ត្រឡប់មកវិញ គាត់​តេ​ហៅ​មិត្ត​ភ័ក្តិ​ឲ្យ​ជិះ​ម៉ូតូ​របស់គាត់​មក​យក​គាត់​ផង ដែល​ឈរ​ចាំ​នៅក្នុង​ចំណុចកើតហេតុ​ខាងលើ មិត្ត​ភ័ក្តិ​របស់គាត់​ក៏បាន​ជិះ​ម៉ូតូ តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយក៏​បត់​មក​ត្បូង​វិញ ដើម្បី​ទៅយក​រូបគាត់ ខណៈពេល​ទៅដល់​កំពុង​តែ​ឈប់​ម៉ូតូ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង​គ្នា​បួន​នាក់ បានមក​ដល់​ហើយ​ជនសង្ស័យ​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​មិត្ត​ភ​ក្កិ​របស់គាត់ ដែល​អង្គុយ​លើ​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក​រូបគាត់​ភ័យ​ពេក​បាន​រត់​ចេញពី​កន្លែងកើតហេតុ ហើយ​ជនសង្ស័យ​ក៏បាន​យក​ម៉ូតូ​របស់គាត់​ជិះ​ចេញទៅ​ទិស​ខាងត្បូង​បាត់ស្រមោល​។​
ក្រោយមក​ក៏មាន​រថយន្ត​សង្គ្រោះបាន​ដឹក​មិត្ត​ភ័​ក្កិ​របស់គាត់​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។​

​ក្រោយពី​កើតហេតុ រូបគាត់​ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង ដើម្បីឱ្យ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​យកមក ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕