នាងថាយល័រ ស្វីហ្វពន្លះលោក ត្រាំយ៉ាងចាស់ដៃរឿងដុតបញ្ឆេះអំពើហិង្សាបន្ថែម

213
ចែករម្លែក

តារាចម្រៀងប៉ុប ថាយល័រ ស្វីហ្វ បានពន្លះលោកដូណាល់ត្រាំកាលពីថ្ងៃសុក្រ ទី២៩ឧសភា បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះបានស្នើឱ្យមន្ត្រីអនុវត្តច្បាប់ បាញ់ក្រុមបាតុករ ដែលខឹងសម្បានឹងការសម្លាប់បុរសស្បែកខ្មៅម្នាក់ដោយប៉ូលិស ក្រុងមីននីប៉ូលីស (Minneapolis)។

នាងស្វីហ្វបានសរសេរនៅលើ Twitter ដែលមានអ្នកគាំទ្រ ៨៦ លាននាក់យ៉ាងដូច្នេះ “បន្ទាប់ពីបង្កភ្លើងកំហឹងអំពីឧត្តមភាពរបស់ពួកស្បែកសនិងការរើសអើងជាតិសាសន៍ពេញមួយអាណត្តិប្រធានាធិបតីរបស់លោកឯង ឥឡូវលោកឯងមកធ្វើពុតអំពី ឧត្តមភាពខាងសីលធម៌ មុនពេលគំរាមប្រើអំពើហិង្សាចឹង?”។

នាងបានលើកឡើងពីធ្វីត (Tweet) ដ៏ចម្រូងចម្រាសរបស់លោកត្រាំ ដែលគាត់ បាននិយាយថា “នៅពេលណាដែលការលួចប្លន់ចាប់ផ្តើម ការបាញ់ប្រហារនឹងចាប់ផ្តើម” មុនពេលគំរាមទៅត្រាំវិញថា “យើងនឹងបោះឆ្នោត ទម្លាក់ដូណាល់ត្រាំនៅខែវិច្ឆិកា”។

លោកត្រាំបានបង្កឱ្យមានភាពចម្រូងចម្រាសជាមួយនឹងធ្វីតទាំងកណ្តាលយប់ជំទាស់ នឹងការធ្វើបាតុកម្មហិង្សាប្រឆាំងនឹងប៉ូលិសក្រុងមីននីប៉ូលីស នៅពេលគាត់ហៅ អ្នកតវ៉ាថា “ក្រុមជើងកាង” និងបានព្រមានអំពីអន្តរាគមន៍របស់យោធា។

ក្រុមហ៊ុន Twitter បានបោះជំហានមិនធ្លាប់មានពីមុនមកដោយលាក់ធ្វីត (Tweet) របស់លោកត្រាំ ព្រោះវាបានរំលោភលើគោលការណ៍របស់បណ្តាញសង្គម មួយនេះប្រឆាំងនឹង “ការជំរុញឱ្យមានអំពើហិង្សា”។

កងទ័ពរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវនៃទីក្រុងមីននីប៉ូលីសនិងទីក្រុងសេនផូល កាលពីថ្ងៃសុក្រ បន្ទាប់ពីមានកុបកម្មនៅយប់ទី ៣ ជុំវិញភាពសាហាវ ឃោរឃៅរបស់ប៉ូលិសប្រឆាំងនឹងជនជាតិអាម៉េរិកាំងដើមកំណើតអាហ្វ្រិក។

ក្រុមបាតុករមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការស្លាប់របស់លោកចច ផ្លយ អាយុ ៤៦ ឆ្នាំ​ខណៈត្រូវប៉ូលិសក្រុងមីននីប៉ូលីសសង្កត់កជាប់ពេលកំពុងជាប់ខ្នោះ​នៅលើដីកាលពីថ្ងៃចន្ទ។

គាត់បានស្លាប់បន្ទាប់ពីមន្ត្រីម្នាក់បានយកជង្គង់សង្កត់ករបស់គាត់អស់រយៈពេលជាង ៥ នាទី៕ ដោយ៖ កញ្ញាដាលីស/Ha

នាងស្វីហ្វ បបួលអ្នកគាំទ្របោះឆ្នោតទម្លាក់ត្រាំនៅខែវិច្ឆិកាខាងមុខ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ