នាយករដ្ឋមន្ត្រី​បី​ប្រទេស​នឹង​មកកាន់​ប្រទេស​កម្ពុជា​ក្នុងសប្តាហ៍នេះ

1224
ចែករម្លែក
  • 307
    Shares

ដោយៈ​មុនី​រ័​ត្នៈ​ភ្នំពេញៈ​តប​តាម​ការអញ្ជើញ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត​(ThonglounSisoulith)​   នាយករដ្ឋមន្ត្រី​នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ , ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា​។

​តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​ដៃគូ​សន្ទនា​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ចិន និង​មី​យ៉ាន់​ម៉ា និង​ដៃគូ​អភិវឌ្ឍន៍​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ក៏​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផងដែរ​។​

ទន្លេមេគង្គជាប្រភពសេដ្ឋកិច្ចដ៏សំខាន(រូបគណៈកម្មការមេគង្គ)

​កិច្ចប្រជុំ​កំពូល​ក្រោម​ប្រធានបទ “​ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​អាង​ទន្លេមេគង្គ​-​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ​” ដែលមាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្វើជា​ប្រធាន​កិច្ចប្រជុំ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព និង​សមិទ្ធផល​ដែល​គណៈ​កម្មការ​ទន្លេមេគង្គ​សម្រេចបាន ក្នុងការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​តំបន់ ពិភាក្សា​លើ​បញ្ហា​ប្រឈម​ក្នុង​អាង​ទន្លេមេគង្គ និង​ដាក់ចេញ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ជម្រុញ និង​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នូវ​កិច្ច​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេ​
​មេគង្គ​។​

​កិច្ចប្រជុំ​កំពូល​នេះ​ត្រូវបាន​រំពឹងទុក​ថា នឹង​អនុម័ត​សេចក្ដីថ្លែងការណ៍​ក្រុង​សៀមរាប ដែល​ឆ្លុះបញ្ចាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​របស់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ក្នុងការ​បន្តធ្វើ​ឲ្យ​ប្រសើរ​នូវ​កិច្ចសហប្រតិបត្តិការ​តំបន់ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងធ្វើ​សន្និសីទ​សារព័ត៌មាន អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៣​។​

​នៅក្រៅ​កិច្ចប្រជុំ​កំពូល​នេះសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី ដាច់ដោយឡែក​ពីគ្នាជាមួយ​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក ព្រមទាំង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​របស់លោក ដា​តុ លីម ចូក ហួយ អគ្គលេខាធិការ​អាស៊ាន​ថ្មី ក៏ដូចជា​របស់​ប្រធាន​គណៈប្រតិភូ​ដទៃទៀត ផងដែរ​៕​មន

ទីតាំងផ្សាយពាណិជ្ជកម្ម