ការតវ៉ា​ទាមទារ​រក​យុត្តិធម៌​សំរាប់​ក្រុម​ជន​ស្បែក​ខ្មៅ​នៅ​អាម៉េរិក​កាន់តែ​រាលដាល​ទោះ​ជា​ប៉ូលិស​ដៃដល់​ត្រូវបាន​ចោទប្រកាន់​

146
ចែករម្លែក

​មនុស្ស​ដែល​ពោរពេញ​ដោយ​កំហឹង​រាប់រយ​នាក់​ដែល​តវ៉ា​ប្រឆាំងនឹង​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដោយសារ​ការប្រើ​ដៃ​ធ្ងន់​របស់​ប៉ូលិស​នៅ​ក្រុង​មី​នី​ប៉ូលិស បាន​ជួបជុំគ្នា​នៅក្រៅ​សេត​វិមាន​កាលពី​​ថ្ងៃ​សុក្រ​ទី​២៩​ឧសភា នៅពេល​បាតុកម្ម​ស្រដៀង​គ្នា​ក៏​បាន​លេចឡើង​នៅ​ទីក្រុង​ជាច្រើន​ទូទាំង​សហរដ្ឋ​អាម៉េរិក​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ស្ថិតនៅ​សេត​វិមាន​ក្នុងអំឡុង​មាន​ការតវ៉ា​ប្រឆាំង​នៅ​ម្ខាង​នៃ​សេត​វិមាន ខណៈ​ភ្នាក់ងារ​សម្ងាត់​ជា​ច្រើន​ឈរ​ត្រៀម​នៅក្បែរៗ​នោះ​។​

​បាតុករ​ដែល​កាន់​បដា​សរសេរថា «​ឈប់​សម្លាប់​ពួក​យើង​» និង​អំពាវនាវ​អោយ​រក​យុត្តិធម៌​ជូន​បុរស​ស្បែក​ខ្មៅ ច​ច ផ្ល​យ ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ក្រោយ​នាយ​ប៉ូលិ​ស្បែក​សម្នាក់​យក​ជង្គង់សង្ក​ត់ក​យូរ​​រហូត​ដល់​ថប់ដង្ហើម​ស្លាប់​។​

​បាតុករ​នៅ​ក្រៅ​សេត​វិមាន​កាលពី​ថ្ងៃ​២៩​ឧសភា​

​ការចាប់ខ្លួន​ដ៏​ហិង្សា​និង​ការស្លាប់​របស់​ផ្ល​យ​ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ និង​វា​ត្រូវ​បាន​បង្ហោះ​ផ្សាយ​ជាទូទៅ ជាហេតុ​នាំ​អោយ​ផ្ទុះ​កំហឹង​ទូទាំង​អាម៉េរិក​អំពី​ការប្រព្រឹត្ត​មិន​ស្មើភាព​និង​បែប​រើសអើង​​ពូជសាសន៍​។​

​កាលពី​ថ្ងៃ​សុក្រ មាន​សេចក្តីរាយការណ៍​ផងដែរ​អំពី​ការតវ៉ា​ប្រឆាំង​នៅ ក្រុង​ញូវយ៉ក​, ហោ​ស្តុន​, ដេ​ត្រយ​, ឡា​ស វេ​ហ្កាស​, សាន់​ចូល និង​មេ​ម​ហ្វីស​។​

​ជុំវិញ​រឿង​នេះ​ដែរ នាយ​ប៉ូលិស​ក្រុង​មី​នី​ប៉ូលិស ដែល​គេ​ចោទថា​បាន​សម្លាប់​បុរស​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​នោះ ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​កាលពី​ថ្ងៃ​សុក្រ នៅពេល​អាជ្ញាធរ​ព្យាយាម​ស្តារ​សន្តិ​​ភាព​ចំពេល​មាន​ការតវ៉ា​ប្រឆាំង​ហិង្សា ។​

​ដេ​រិក ឆោ​វីន ជា​នាយ​ប៉ូលិស​ម្នាក់​ក្នុងចំណោម​ប៉ូលិស​៤​នាក់​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​ប៉ូលិស ក្រោយ​រូបភាព​គាត់​ចាប់​សង្កត់ក​បុរស​ស្បែក​ខ្មៅ​ត្រូវបាន​ផ្សព្វផ្សាយ​និង​រង​ការ​ថ្កោលទោស​។​

​ការប្រកាស​ចាប់ខ្លួន​និង​ចោទប្រកាន់ដេ​រិក ឆោ​វីន​កើត​ឡើង​បន្ទាប់ពី​ទាហាន​មក​ពី​កង​ឆ្មាំ​ជាតិ​រាប់រយ​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ក្រុង​មី​នី​ប៉ូលិស និង​សេន ផល ក្រោយ​ផ្ទុះ​ការតវ៉ា​ប្រឆាំង​ហិង្សា​រហូត​​ដល់​ដុត​ហាង​ទំនិញ និង​ដុត​ស្ថានីយ​ប៉ូលិស​៕​ប្រែ​សម្រួល​៖​វាសនា​

រូបភាព​ប៉ូលិស​សង្កត់ក​បុរស​ស្បែក​ខ្មៅ​យូរ​ដល់​ស្លាប់ បង្ក​ការតវ៉ា​ប្រឆាំង​ទាមទារ​រក​យុត្តិធម៌​ទូទាំង​អាម៉េរិក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ