ចិនថាចំណាត់ការរបស់អាម៉េរិកលើហុងកុង “ច្បាស់ជាបរាជ័យ”

119
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកុម្មុយនីស្តចិនបាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាម៉េរិកដើម្បីបញ្ចប់សិទ្ធិពាណិជ្ជកម្មមួយចំនួនសម្រាប់ហុងកុង គឺ “ជ្រៀតជ្រែកយ៉ាងខ្លាំង” នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយច្បាស់ជាត្រូវបរាជ័យ។

បទវិចារណកថារបស់កាសែត People’s Daily កាលពីថ្ងៃសៅរ៍ទី៣០ឧសភាគឺឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ប្រធានាធិបតីដូណាល់ត្រាំបន្ទាប់ពីសភាចិនបានអនុម័តច្បាប់ថ្មីសម្រាប់ហុងកុង ដែលអាចបន្ថយសេរីភាពបញ្ចេញមតិនិងសកម្មភាពនយោបាយរបស់ក្រុមប្រឆាំងនៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តរបស់ចិននេះ។

កាសែតនេះបាននិយាយថាវាគឺជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រជាជនចិនទាំងអស់ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកចូលក្នុងកិច្ចការហុងកុងដោយកម្លាំងខាងក្រៅណាមួយ។

កាសែតនេះនិយាយថា “សកម្មភាពអនុត្តរភាពនៃការប៉ុនប៉ងជ្រៀតជ្រែកក្នុងកិច្ចការហុងកុងនិងការជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិននឹងមិនធ្វើឱ្យប្រជាជនចិនភ័យខ្លាចទេ ហើយច្បាស់ជាត្រូវបរាជ័យ។ ការប៉ុនប៉ងបង្ខំឱ្យចិនធ្វើសម្បទានលើផលប្រយោជន៍ស្នូលរួមទាំងអធិបតេយ្យភាពនិងសន្តិសុខតាមរយៈការសម្លុតកំហែងឬការបង្ខិតបង្ខំ…អាចគ្រាន់តែជាការគិតស្រមើស្រមៃនិងជាក្តីសុបិនប៉ុណ្ណោះ!”។

ចិនបានគំរាមសងសឹកចំពោះចំណាត់ការរបស់សហរដ្ឋអាម៉េរិកដើម្បីលុបចោលនូវសិទ្ធិពាណិជ្ជកម្មពិសេសដែលបានផ្តល់ឱ្យហុងកុងបន្ទាប់ពីការប្រគល់ទឹកដីនេះពីចក្រភពអង់គ្លេសទៅការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ ១៩៩៧ ។

ភាពតានតឹងនៅហុងកុងបានកើនឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះនៅពេលដែលចិនបង្ក្រាបក្រុមបាតុករនិងពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសហុងកុងឈរយាមបាតុករម្នាក់កាលពីថ្ងៃទី២៧ឧសភាកន្លងទៅ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ