ប្រមុខ​ការពារជាតិៈ​ក​ម្ពុ​ជា​កំពុង​សហការ​ជាមួយ​អ​.​ស​.​បរក​វិធី​ធ្វើ​មាតុភូមិនិវត្តន៍​សព​នាយ​ទាហាន​​មួក​ខៀវ​កម្ពុជា​

192
ចែករម្លែក
ប្រមុខ​ការពារជាតិៈ​ក​ម្ពុ​ជា​កំពុង​សហការ​ជាមួយ​អ​.​ស​.​បរក​វិធី​ធ្វើ​មាតុភូមិនិវត្តន៍​សព​នាយ​ទាហាន​កង​មួក​ខៀវ​កម្ពុជា​(រូបឯកសារ)

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ថា កងកម្លាំង​មួក​ខៀវ​កម្ពុជា​ម្នាក់​បានទទួល​មរណា​ភាព​ដោយសារតែ​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ការបំពេញ​បេសកកម្ម​ការងារ​មនុស្សធម៌​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​នៅ​ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី​២៩ ខែឧសភា ហើយ​ក្រសួងការពារជាតិ​កម្ពុ​ជា​កំពុងតែ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ខាង​ភាគី​អ​.​ស​.​ប​ដើម្បី​រិះរក​វិធី​ធ្វើ​មាតុភូមិនិវត្តន៍​នូវ​សព​នាយទាហាន​រូបនេះ​។​

កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ទទួលមរណភាព គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី មាន​អាយុ​៦៣​ឆ្នាំ ។​ជា​នាយទាហាន​ថ្នាក់ជាតិ និង​ជា​យោធិន​ដ៏​ឆ្នើម​របស់​កម្ពុជា​ដែល​បានធ្វើ​ពលិកម្ម​ការងារ​មនុស្ស​ធម៌ នៃ​អ​.​ស​.​ប នៅ​សាធារណរដ្ឋ​ម៉ាលី​កាលពី​ទាបភ្លឺ​ថ្ងៃទី​២៩ ខែឧសភា​ម្សិលមិញ​។​


សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្តែង​ការសោកស្តាយ​ដែល​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​ប្រតិបត្តិការ​នៅ​សាធារណរដ្ឋ​ម៉ាលី ដែលជា​កម្លាំង​គាំទ្រ​ថ្នាក់ជាតិ បានទទួល​ការ​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ បាន​បាត់បង់​ជីវី​តម្នាក់​។ ក្រសួងការពារជាតិ​កំពុងតែ​សហការ​ជាមួយ​អង្គការសហប្រជាជាតិ ពីព្រោះ​សព​នេះ មិនមែនជា​សព​ធម្មតា​ទេ ពីព្រោះ​មរណភាព​នេះ ដោយសារ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ។​គឺ​ត្រូវតែ​ពិភាក្សាគ្នា និង​ឯកភាព​ជាមួយ​ខាង​ជំនាញ​នៅ​ទីនោះ ដើម្បី​រិះរក​វិធី​ក្នុង​ការនាំ​សាកសព​មក​កម្ពុជា​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គឺ​ត្រូវតែ​គោរព​ទៅតាម​ការសម្រេច​ខាង​ជំនាញ​នៅ​សាធារណរដ្ឋ​ម៉ាលី តើ​គេ​អនុញ្ញាត​ឲ្យ​នាំ​សាកសព​មក​ដោយ​របៀប​ណា​? ។​
ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា ចំពោះ​កងទ័ព​មួ​កក​ខៀវ​កម្ពុជា​នៅ​សាធារណរដ្ឋ​ម៉ាលី​ចំនួន​៦​នាក់ ដែល​ឆ្លង​ជំងឺ​កូ​វីដ ១៩ គឺ​បានជា​សះស្បើយ​ធម្មតា​ឡើងវិញ​អស់ហើយ គឺ​មានតែ​ម្នាក់​ដែល​ធ្ងន់ធ្ងរ​រហូត​ទទួល​មរណៈ​តែម្តង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម