កូរ៉េខាងត្បូងបង្ខំចិត្តបិទសាលាម្តងទៀត ក្រោយមានករណីកូវីដ១៩កើនឡើងខ្ពស់

210
ចែករម្លែក

កូរ៉េខាងត្បូងបានបង្ខំចិត្តបិទសាលារៀនចំនួន ២៥១ ជាថ្មីម្តងទៀត ចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃករណីកូវីដ១៩។

កុមារសរុបចំនួន ២,៣៧ លាននាក់ត្រូវបានអនុញ្ញាតឱ្យចូលរៀនវិញកាលពីថ្ងៃពុធទី២៧ឧសភា បន្ទាប់ពីរៀនតាមអ៊ីនធឺណេតរាប់ខែ ប៉ុន្តែពីរថ្ងៃក្រោយមកសាលារៀន ២៥១ កន្លែងនៅទីក្រុងប៊ូឆឹន ភាគខាងលិចទីក្រុងសេអ៊ូល ត្រូវបង្ខំចិត្តបិទទ្វារម្តងទៀត។

ការបិទសាលាម្តងទៀតនេះកើតឡើងចំពេលមានការផ្ទុះឡើងនូវករណីកូវីដជាច្រើននៅក្នុងឃ្លាំងទំនិញមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំជាងគេបង្អស់របស់កូរ៉េខាងត្បូងឈ្មោះថា Coupang នៅទីក្រុងប៊ូឆឹន។

កូរ៉េខាងត្បូងបានឃើញករណីកូវីដ១៩កើនឡើងចំនួន ៥៦ ក្នុងរយៈពេលតែ ២៤ ម៉ោងបើទោះបីជាអាចរក្សាចំនួនករណីប្រចាំថ្ងៃក្នុងតួលេខតែមួយខ្ទង់បានរហូតមកទល់ពេលនេះក៏ដោយ។

ប្រទេសនេះត្រូវបានគេកោតសរសើរចំពោះការធ្វើអន្តរាគមន៍ពីដំបូងៗដើម្បីទប់ស្កាត់វីរុសដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦៩ នាក់ចាប់តាំងពីការផ្ទុះឡើងនៃមេរោគកូរ៉ូណានៅដើមឆ្នាំនេះ។ គិតមកទល់បច្ចុប្បន្នមានករណីដែលបានបញ្ជាក់ចំនួន ១១.៤០២ នៅក្នុងប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងអប់រំលោកស្រី យូ អ៊ុនហេ បានពន្យារពេលបើកសាលាចំនួន ៥៦១ កន្លែងចំពេលមានការកើនឡើងករណីឆ្លងថ្មីៗ ខណៈកាលពីថ្ងៃព្រហស្បតិ៍មានករណីកូវីដ១៩ចំនួន ៧៩ ត្រូវបានបញ្ជាក់ ពោលជាចំនួនឆ្លងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៨សប្តាហ៍មកនេះ៕ ដោយ៖ កញ្ញាដាលីស

សាលាចំនួន ២៥១ កន្លែងត្រូវបិទទ្វារម្តងទៀតដោយសារផ្ទុះកូវីដជាថ្មី

ទីតាំងផ្សាយពាណិជ្ជកម្ម