វែក​ប្រាក់​ដែល​បន្សល់ទុក​ពី​សម័យ​ខ្មែរក្រហម​

315
ចែករម្លែក
វែក​ប្រាក់ ដែល​បាន​បន្សល់ទុក​ពី​របប​ខ្មែរក្រហម​(​រូបៈ​ហូ ថុ​នា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​នៅក្នុង​របប​ខ្មែរក្រហម​របស់របរ​មានតម្លៃ​របស់​ប្រជាជន រហូតដល់​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅក្នុង​ផ្ទះ​គឺ​ត្រូវបាន​ប្រមូល​យកមក​ដាក់​ជា​របស់​រួម​ទាំងអស់​។ ខ្មែរក្រហម​ហាម​ដាច់ខាត​មិន​ឲ្យ​ប្រជាជន​រក្សាទុក​របស់រ​បរ​ទាំងនេះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឡើយ ប៉ុន្តែ​យាយ​របស់ខ្ញុំ​បាន​លួចលាក់​វែក​បាយ​ដែល​ធ្វើ​អំពី​ប្រាក់​ទុក ហើយ​វែក​នេះ​បាន​នៅសល់​រហូតមកដល់​ស​ព្វ​ថ្ងៃ​។ ​


​យាយទួត​របស់ខ្ញុំ​ឈ្មោះ ស៊ុំ​។ នៅពេល​យោធា​ខ្មែរក្រហម​បាន​ចូលមក​ដល់​ភូមិ​កណ្តាល ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះ​នេត្រ​(​ខេត្តបន្ទាយមានជ័យ​) តំបន់​៥ នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញ និង​បាន​ដុតបំផ្លាញ​ផ្ទះ​របស់​ប្រជាជន​មួយចំនួន រួមទាំង​ផ្ទះ​យាយ​របស់ខ្ញុំ​ដែរ​។​ ​នៅពេលដែល​ភ្លើង​កំពុង​ឆាបឆេះ យាយទួត​របស់ខ្ញុំ​បាន​លួច​ចូល​ទៅយក​បង្វេចខោអាវ និង​វែក​បាយ​ធ្វើ​ពី​ប្រាក់​ដែល​បាន​លាក់ទុក​នៅក្នុង​ផ្ទះ​នោះមក​ជាមួយ​។​ចំណែក​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សេសសល់​ឡើយ​។​
យាយទួត​របស់ខ្ញុំ ម្តាយ​របស់ខ្ញុំ និង​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​កណ្តា​ល​ទាំងអស់​បាន​ទៅ​រស់នៅ​ភ្នំ​កូនដំរី ដែល​ស្ថិតនៅ​កណ្តាល​វាលស្រែ​ល្វឹងល្វើយ​។ រយៈពេល​១៥​ថ្ងៃ​ក្រោយមក ខ្មែរក្រហម​បាន​ជម្លៀស​គាត់​ឲ្យ​ទៅ​រស់នៅ​ភូមិ​ស្រេះ​ខាងកើត​វិញ​។ បន្ទាប់មក ខ្មែរក្រហម​បាន​ដើរ​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ទាំងអស់​មក​ដាក់​ជា​កម្ម​សិទ្ធិ​រួម​។ យាយទួត​របស់ខ្ញុំ​បាន​ដោះ​ក្រវិល​ពី​ត្រចៀក​ម្តាយ​របស់ខ្ញុំ និង​គ្រឿងអលង្ការ​របស់គាត់ ព្រមទាំង​របរ​របរ​ប្រើប្រាស់​មួយចំនួនទៀត​ប្រគល់​ទៅ​ឲ្យ​ខ្មែរក្រហម លើកលែងតែ​វែក​ធ្វើ​អំពី​ប្រាក់​របស់គាត់​។ យាយទួត​របស់ខ្ញុំ​បាន​លាក់​វែក​ប្រាក់​នោះ​នៅក្នុង​បង្វេចខោអាវ​របស់គាត់​បាន​យ៉ាង​ល្អ​។


​មិនយូរប៉ុន្មាន ខ្មែរក្រហម​បាន​ជម្លៀស​គ្រួសារ​យាយទួត និង​ម្តាយ​របស់ខ្ញុំ​ទៅ​រស់នៅ​ភូមិ​ត្រពាំងវែង ដែលជា​ភូមិ​មួយ​បង្កើតឡើង​ដោយ​យោធា​ខ្មែរក្រហម និង​មាន​ចម្ងាយ​មិនសូវ​ឆ្ងាយ​ពី​ភូមិ​កណ្តាល​ឡើយ​។ ភូមិ​ត្រពាំងវែង​នេះ​មានព្រៃ​ដុះ​ព័ទ្ធ​ជុំជិត​។​
​នៅពេលនោះ ខ្មែរក្រហម​បាន​បែងចែក​ការងារ​ឲ្យ​ម្តាយ​របស់ខ្ញុំ​កាប់​ដើម​ទន្ទ្រានខែត្រ និង​រើស​អាចម៍គោ​ដើម្បី​ធ្វើ​ជី​ដាក់​ស្រែ​។ ចំណែក​យាយទួត​របស់​ខ្ញុំ​មាន​តួនាទី​មើលថែ​ក្មេង​តូចៗ ដែល​ឪពុកម្តាយ​របស់​ក្មេងៗ​ទាំងនោះ ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការ​នៅ​វាលស្រែ​ឆ្ងាយ​ពី​ភូមិ​។


​នៅ​អំឡុង​ឆ្នាំ​១៩៧៦ យាយទួត​របស់ខ្ញុំ​ចាប់ផ្តើម​កើត​ជំងឺ​ហើម​ដោយសារ​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​។ យាយ​របស់ខ្ញុំ​បាន​ដើររក​ឫស​ឈើ​មក​ផ្សំ​ធ្វើ​ថ្នាំ ហើយ​ស្រាប់តែ​ពេលនោះ​មាន​ប្រធាន​ចុងភៅ​នៅក្នុង​សហករណ៍​រួម​ឈ្មោះ ឈ្ម​ន់ បាន​តាម​ទាន់ពេល​គាត់​កំពុងតែ​ស្ងោរ​ថ្នាំផឹក​។ ប្រធាន​ចុងភៅ​បាន​យក​ឆ្នាំង​ដែល​កំពុង​ស្ងោរ​ថ្នាំ​នោះ​ទៅ​ចាក់ចោល និង​បាន​ព្រមាន​យាយទួត​របស់ខ្ញុំ​ថា «​អង្គ​ការមិន​អនុញ្ញាត​ឲ្យ​ដាំ​ថ្នាំផឹក​ដោយ​ខ្លួនឯង​ឡើយ​»​។ យាយ​របស់ខ្ញុំ​នៅ​ស្ងៀម​មិន​តបត​ឡើយ ប៉ុន្តែ​គាត់​មិន​ពេញចិត្ត​ទង្វើ​របស់​ប្រធាន​ចុងភៅ​ដែល​ប្រព្រឹត្ត​មកលើ​គាត់ និង​ការដឹកនាំ​របស់​ខ្មែរក្រហម​នៅក្នុង​ភូមិ​ឡើយ​។ ក្រោយមក​ដោយសារ​ជំងឺ​យាយ​របស់ខ្ញុំ​កាន់តែ​ធ្ងន់ធ្ងរ មីង​របស់ខ្ញុំ​ក៏បាន​សម្រេចចិត្ត​យក​មាស​ពីរ​ជី ទៅ​ដោះដូរ​យក​អង្ករ​ពី​ប្រជាជន​ក្នុងភូមិ​មក​ដាំបាយ​ឲ្យ​គាត់​ហូប​។ នៅ​អំឡុង​ពេលនោះ​មាស​ពីរ​ជី​ដូរ​បាន​អង្ករ​តែ​ប្រាំ​កំប៉ុង​ប៉ុណ្ណោះ​។ ប៉ុន្តែ​យាយទួត​របស់ខ្ញុំ​មិន​ព្រម​ហូបបាយ​នោះទេ ដោយ​គាត់​និយាយ​ទៅកាន់​មីង និង​ម្តាយ​របស់ខ្ញុំ​ថា «​យាយ​មិន​ចង់​រស់នៅ​ក្នុងសង្គម​បែបនេះ​តទៅទៀត​ទេ​»​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ យាយទួត​របស់ខ្ញុំ​កាន់តែ​ទ្រុឌទ្រោម ហើយ​បាន​មរណភាព​នៅ​ចុងឆ្នាំ​១៩៧៦​។​


​បន្ទាប់ពី​យាយទួត​របស់ខ្ញុំ​ចែក​ឋាន​ទៅ ម្តាយ​របស់ខ្ញុំ​បាន​យក​វែក​ដែល​គាត់​បាន​លួចលាក់​ទុក​មក​រក្សាទុក​បន្តទៀត​។ ម្តាយ​របស់ខ្ញុំ​បាន​យក​វែក​ប្រាក់​នេះ​លាក់ទុក​នៅក្នុង​បង្វេចខោអាវ​របស់គាត់ ព្រោះ​ខ្លាច​ខ្មែរក្រហម​មក​ឆែកឆេរ​រកឃើញ​។ រហូតដល់​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​ដោយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅ​ឆ្នាំ​១៩៧៩ ទើប​ម្តាយ​របស់ខ្ញុំ​បាន​យក​វែក​នោះមក​ប្រើ​សម្រាប់​ដួស​បាយ​។ មា្ត​យ​របស់ខ្ញុំ​បាន​និយាយប្រាប់​ខ្ញុំ​ថា វែក​ប្រាក់​នេះ​មាន​អាយុកាល​ជាច្រើន​ជំនាន់​មកហើយ​។ យាយទួត​របស់ខ្ញុំ​តែងតែ​យក​វែក​ប្រាក់​នេះ​ដួស​បាយ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​នៅ​វត្ត​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង សម័យ លន់ នល់ ព្រោះ​យាយទួត​របស់ខ្ញុំ​បាន​ប្រណិប័តន៍​ព្រះពុទ្ធសាសនា​យ៉ាង​ខ្ជាប់ខ្ជួន​។
​មកដល់​សព្វថ្ងៃ ម្តាយ​របស់ខ្ញុំ​លែង​ប្រើប្រាស់​វែក​ប្រាក់​នេះ​ទៀតហើយ គឺ​គាត់​ចង់​ថែរ​រក្សា​វែក​នេះ​ទុកជា​កេរ​មរតក​ដែល​បន្សល់ទុក​ពី​យាយទួត​របស់ខ្ញុំ ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​៕សរន

ឆ្នាំងបាយ​ដែល​ទុក​ពីរ​បប​ខ្មែរក្រហម​(​រូបៈ​ហូ ថុ​នា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)