ធនាគារពិភពលោកអនុម័តថវិកា ១៥​លានដុល្លារអាម៉េរិក​ជួយ​បណ្តុះ​បណ្តាលគ្រូពេទ្យមុនពេលចូលបម្រើការងារ

118
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃ៣០ខែឧសភា​បាន​​អនុម័តកញ្ចប់ថវិកាចំនួន១៥លានដុល្លារអាម៉េរិក ដែលជាឥណទានពីសមាគម​អភិវឌ្ឍន៍​អន្តរ​ជាតិ (IDA) ដល់គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យមុនពេលចូល​បម្រើការងារ​ដើម្បី​ជួយប្រទេសកម្ពុជា​ក្នុងការពង្រឹងការបំប៉នជំនាញដល់គ្រូពេទ្យ​មុនចូល​បម្រើ​ការងារក្នុង​គោល​ដៅឈានទៅកែលម្អគុណភាពសេវាថែទាំសុខភាពឱ្យទទួលបានលទ្ធផលកាន់តែប្រសើរ​ឡើង។

យោងតាមធនាគារពិភពលោកបានឱ្យដឹងថា៖ប្រទេសកម្ពុជានៅជួបការខ្វះខាតគ្រូពេទ្យ​​ជំនាញ​មាន​គុណវុឌ្ឍិច្រើនពិសេស​នៅក្នុងផ្នែកសាធារណៈហើយបើគិតជាចំនួនវិញគឺមាន​វេជ្ជ​បណ្ឌិត​ចំនួន ១,៤នាក់ និងគិលានុបដ្ឋាយិកានិង​ឆ្មប៩,៥នាក់ តែប៉ុណ្ណោះ សម្រាប់​មនុស្ស​ ១០ ០០០ នាក់។អត្រាទាំងនេះគឺនៅទាបមែនទែនធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត៩នាក់និង​គិលានុប​ដ្ឋា​កយិកា១៩នាក់សម្រាប់មនុស្ស១០ ០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេស​មានចំណូល​ទាប​ និង​មធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក។

ធនាគារនេះ បានឱ្យដឹងទៀតថានៅប្រទេសកម្ពុជា វេជ្ជបណ្ឌិតច្រើនតែធ្វើការនៅតាម​អគារ​ព្យាបាលជំងឺកម្រិតទីពីរ(មធ្យម) និង ​កម្រិតទីបី (ខ្ពស់) រីឯអាគារថែទាំកម្រិតបឋមវិញ មាន​បុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកា​និង​ឆ្មប ជាអ្នកមើលថែទាំជំងឺ។ភាគច្រើនៃ​វេជ្ជបណ្ឌិត​ជំនាញទូទៅបម្រើការងារ​នៅ​តាម​មន្ទីរពេទ្យខេត្ត (មាន​ ៦៣ភាគរយ)ខណៈដែល​វេជ្ជបណ្ឌិត​ឯកទេសច្រើនលើសលប់ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មាន​ដល់ទៅ ៧៩ភាគរយ)។

ដើម្បីជួយប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមទាំងនេះគម្រោង​នឹង​ជួយ​នាយកដ្ឋា​នអភិ​វឌ្ឍ​ន៍​ធនធានមនុស្សនៃក្រសួង​សុខាភិបាលក្នុងការពង្រឹង​អភិបាល​កិច្ចការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះ​មាន ការពង្រឹងបទប្បញ្ញត្តិ​និង​ការធ្វើ​ស្តង់ដានីយ​កម្មសម្រាប់​ការ​អប់រំបណ្តុះបណ្តាលគ្រូពេទ្យ, ការប្រលងសមត្ថភាពពេទ្យបញ្ចប់ការសិក្សាថ្នាក់ជាតិ,និង​ការផ្តល់​ជំនួយបច្ចេកទេស និង​ការ​ដោះដូរចំណេះដឹងបទពិសោធន៍ស្តីពីការអប់រំគ្រូពេទ្យជំនាញ។

គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យមុនពេលចូលបម្រើការងារនេះនឹងជួយផងដែរដល់ការអភិវឌ្ឍ និង​ការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាពដោយសាកលវិទ្យាល័យ​វិទ្យា​សាស្ត្រសុខាភិបាល និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាលតំបន់ នៅ​ក្នុង​កម្មវិធីគ្រូពេទ្យជំនាញ​ចំនួន​ប្រាំមួយ គឺផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែក​សម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។កម្មវិធីទាំងនេះត្រូវបានកំណត់ជាអាទិភាពនៅក្នុង​យុទ្ធ​សាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះសម្រាប់​ការអប់រំបណ្តុះ​បណ្តាលមុនចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជាសម្រាប់​ឆ្នាំ២០២០-​២០២៥​។​ រាល់ទិដ្ឋភាពយេនឌ័រនិងទិដ្ឋភាព​បរិយាបន្នសង្គមនឹងត្រូវបានបញ្ជ្រាបចូល​ទៅក្នុងការអភវិឌ្ឍ​រៀបចំនិង​ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើ​សមត្ថភាព​ទំាងនេះ នាពេលខាងមុខ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាស​ន៍​ថា៖​«ការវិនិយោគទៅលើការ​កសាងសមត្ថភាពសម្រាប់គ្រូពេទ្យជំនាញ​តាមរយៈការបំប៉ន​ពួកគេ​ឱ្យទទួលបានចំណេះដឹងនិង​ជំនាញកាន់តែប្រសើរដើម្បីផ្តល់សេវាក្នុងស្ថាន​ភាពមាន​គ្រោះ​បន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩និង​ការ​ពង្រឹងអភិបាលកិច្ច​វិស័យសុខាភិបាលគឺ​មានសារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រព័ន្ធផ្តល់សេវាសុខាភិបាលនៃប្រទេសកម្ពុជា»។

លោកស្រីពោលបន្តទៀតថា៖«ធនាគារពិភពលោក​ប្តេជ្ញាចិត្តជួយ​គាំទ្រកម្ពុជាក្នុងកិច្ចខិតខំ​កែ​លម្អសេវាថែទាំសុខភាព​សម្រាប់​ប្រជាជនកម្ពុជាពិសេសសម្រាប់ជនក្រីក្រ និង​ក្រុមជនងាយ​រងគ្រោះបំផុត»៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ