​អ្នក​ទៅ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​មាន​ចំនួន​ជិត​១​ម៉ឺន​គ្រឿងក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០

101
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រយៈពេល​៥​ខែ​គិត​ចាប់ពី​ខែមករា​ដល់​ខែឧសភា​ដើមឆ្នាំ​២០២០​នេះ​អ្នក​ដែល​ទៅ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​មាន​ចំនួន​៨.៨១០​គ្រឿង​ដែល​នេះ​ជា​តួលេខ​មួយ​ខ្ពស់​ខណៈ​កាលពី​ឆ្នាំ​២០១៩​មាន​ត្រឹមតែ​ចំនួន​៦.៦៧៨​គ្រឿង​តែប៉ុណ្ណោះ​។​ដូច្នេះ​ម្ចាស់​ឡាន​ចុងក្រោយ​បន្ទាប់ពី​ទិញ​លក់​តៗ​គ្នា​ដែល​រក​ម្ចាស់​ដើម​មិនឃើញ ត្រូវ​រួសរាន់​ទៅ​ផ្ទេរកម្មសិទ្ធិ​ឱ្យបាន​មុន​ដំណាច់ខែ​មិថុនា​ឆ្នាំ​២០២០​។​


មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​អ្នក​ដែលមាន​បំណង​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ត្រូវដាក់​ពាក្យ​ដោយ​ភ្ជាប់​នូវ​សំណុំ​ឯកសារ​ដូចជា​៖​ផ្តិត​ស្នាម​មេដៃ​អ្នកស្នើសុំ​និង​មាន​បិទ​សំណៅ​លេខ​កាល់​តួ​ឬ​សាក់​ស៊ី​ដែល​ចម្លង​ជាក់ស្តែង​ពី​យានយន្ត​ដោយ​ភ្ជាប់​ជាមួយ​បណ្ណ​សម្គាល់​(​ច្បាប់ដើម​)​។​ស្លាក​លេខ​សម្គាល់​យានជំនិះ​(​ករណី​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​-​ខេត្ត​) វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ អត្តសញ្ញាណ​អ្នកលក់ និង​អ្នកទិញ​។​

ក្នុងនោះ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ត្រូវមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់​ចម្លង​ដែលមាន​បញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ជនបរទេស​ត្រូវមាន​លិខិតឆ្លងដែន​និង​ទិដ្ឋាការ​មាន​សុពលភាព​និង​លិខិតបញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​ត្រូវមាន​បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​លិខិត​លក់​ទិញ​កិច្ចសន្យាធានា​ដែលមាន​បញ្ជាក់​ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ។​សម្រាប់​កម្រៃ​ការផ្ទេរកម្មសិទ្ធិ​រថយន្ត​ធុន​តូច​ឬ​ធុន​ស្រាល​ក្នុង​រាជធានី​-​ខេត្ត គឺមាន​តម្លៃ​៤៨.០០០​រៀល​និង​ឆ្លង​រាជធានី​-​ខេត្ត​តម្លៃ​១០១.០០០​រៀល​។​

​ចំពោះ​កម្រៃ​ការផ្ទេរកម្មសិទ្ធិ​សម្រាប់​រថយន្ត​ធុន​ធំ​ឬ​ធុន​ធ្ងន់​ក្នុង​រាជធានី​-​ខេត្ត​មានតម្លៃ​៦៧.០០០​រៀល​និង​ឆ្លង​រាជធានី​-​ខេត្ត​តម្លៃ​១២៥.០០០​រៀល​។​តម្លៃ​នេះ​មិន​រួម​ប​ញ្ជូ​ល​ពន្ធ​ប្រថាប់ត្រា​៤​ភាគរយ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​នោះឡើយ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ