៣០​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ជាង​៤,៣​ម៉ឺន​គ្រឿង

152
ចែករម្លែក

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅក្នុង​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល​៣០​ថ្ងៃ គឺ​គិត​ចាប់ ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ មាន​ចំនួន​ជាង ៤,៣​ម៉ឺន​គ្រឿង​និង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៣០​ថ្ងៃ (១-៣០ ឧសភា​) បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១១២​នាក់ និង​របួស​ចំនួន ៣២៩​នាក់​។


​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល​៣០​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែឧសភា យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៤៣.៥៣០​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៣១.៧៥៥​គ្រឿង និង​រថយន្ត​មាន​ចំនួន ១១.៧៧៥​គ្រឿង​(​រថយន្ត​តូច ១០.០៥៦​គ្រឿង និង​រថយន្ត​ធំ​១.៧១៩​គ្រឿង​)​។​
​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា ដោយឡែក​ការអនុវត្ត​ការ​រឹតបន្តឹង​ការ​ច្បាប់​ច​ចរាចរណ៍​ផ្លូវគោក ថ្ងៃទី​៣០ ខែឧសភា សមត្ថកិច្ច​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​ចំនួន ១.១៥៤​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៨៣៥​គ្រឿង និង​រថយន្ត​មាន​ចំនួន ៣១៩​គ្រឿង (​រថយន្ត​តូច ២៧៩​គ្រឿង និង​រថយន្ត​ធំ ៤០​គ្រឿង​)​។
​បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ បត់​ជែង លើស​ចំណុះ គ្មាន​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​

ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក (រូបឯកសារ)


​លោក​បាន​បន្តទៀតថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​៣០​ថ្ងៃ ពីថ្ងៃ​ទី​១-៣០ ខែឧសភា កើតឡើង ២១២​លើក ស្លាប់ ១១២​នាក់ របួស​ចំនួន ៣២៩​នាក់ ក្នុងនោះ​របួសធ្ងន់ ២០៤​នាក់​។​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៣០​ខែឧសភា ឆ​កើតឡើង ១៤​លើក ស្លាប់ បួន​នាក់ និង​របួស ២៦​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ១៦​នាក់​។​
​គួររំលឹកថា​សម្តេច​ក្រ​ឡា​ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ទៀតថា ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​មិន​ដកថយ​ទេ ប៉ុន្តែ​បញ្ហាសំខាន់​ត្រង់​ថា មន្ត្រី​របស់​យើង​អនុវត្ត​ច្បាប់ គឺ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​សីលធម៌ វិជ្ជាជីវៈ សុភាពរាបសារ ទន់ភ្លន់ ម៉ឹងម៉ាត់ មិនមែន​បាន​ឱកាស​ឆេ​ក​ឆេរ​យកលុយ​ពី​ប្រជាពលរដ្ឋ គឺ​អត់​បានទេ​។​សម្តេច​សង្កត់ធ្ងន់ថា “​មិនត្រូវ​ដាក់​ប៉ា​រាស់​ដើម្បី​ឆេ​ក​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​តាមផ្លូវ​ទាំងអស់​នោះទេ គឺ​យើង​ឃាត់​តែ​អ្នកណា​ដែល​ខុសច្បាប់​។​សូម​ចាំ​ឲ្យ​ច្បាស់​បញ្ហា​នេះ បើ​មិន​ចឹ​ង​វា​ទៅជា​ប៉ាតណាប៉ាតណី ហើយ​វា​ខុសពី​គោលការណ៍​ដែល​យើង​បានកំណត់​។​
​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា ទាក់ទង​ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​សម្តេច​ក៏បាន​ដាក់ពិន័យ​មន្ត្រី​មួយចំនួន ហើយ​បញ្ហា​នេះ​មិនអាច​ដកថយ​បានទេ ត្រូវ​បន្តទៅទៀត​។ សម្តេច​ក្រឡាហោម​មិនបាន​បញ្ជាក់​អំពី​ចំនួន​មន្ត្រី​ដែល​ត្រូវបាន​ដាក់ពិន័យ​នោះទេ​៕សរន

ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក (រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម