បាត់បង់​ឋានៈ​ពិសេស​របស់​អាម៉េរិក​មាន​ន័យ​យ៉ាងណា​សំរាប់​ហុងកុង​?

537
ចែករម្លែក

​ការ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ឧសភា​បានប្រកាសថា​ហុងកុង​លែងមាន​ស្វយ័ត​គ្រប់គ្រាន់​ពី​ចិន​វា​គ្រប់គ្រាន់​នឹង​បង្ក​ផលវិបាក​សំរាប់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​។​ការដក​ឋានៈ​​ពិសេស​អាច​នាំ​ដល់​ការរៀបចំ​ឡើង​វិញ​ភ្លាមៗ​នូវ​ទ្រព្យធន​របស់​ទីក្រុង​មួយ​ដែល​អស់​ពេល​រាប់​ទសវត្សរ៍​មក​នេះ​ត្រូវបាន​ប្រើ​ជា​ច្រក​សេដ្ឋកិច្ច​សកល​ទៅកាន់​ចិន​។​

​កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ប្តេជ្ញា​ដក​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​ពី​ហុងកុង ដោយហេតុ​ថា​ចិន​ប៉េកាំង​មាន​ផែនការ​ដាក់​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​។​

​អ្វី​ទៅជា​ឋានៈ​ពិសេស​របស់​ហុងកុង​?

​នៅមុន​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​មកអោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ កិច្ចព្រមព្រៀង​«​ប្រទេស​១ ប្រព័ន្ធ​២» មួយ​ត្រូវ​បាន​សំរេច​ឡើង​ដើម្បី​ទុក​អោយ​ទីក្រុង​នេះ​រក្សា​សេរីភាព​និង​ស្វ័យភាព​៥០​ឆ្នាំ​ទៀត​។​សេរីភាព​ទាំងនោះ រួម​មាន​សេដ្ឋកិច្ច​ផ្សារសេរី ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ សេរីភាព​និយាយស្តី​និង​ស្វ័យភាព​ច្បាប់​។​

​ជា​លទ្ធផល ប្រទេស​ជាច្រើន​រួមមាន អាម៉េរិក នាំចូល​ច្បាប់​ដែល​អនុញ្ញាត​អោយ​ពួកគេ​ចាត់ទុក​ហុងកុង​ជា​អង្គភាព​ពាណិជ្ជកម្ម​ដាច់​ដោយឡែក​មួយ​ពី​ចិនដីគោក​ដែល​មាន​ការ​រឹត​ត្បិត​។​ការរៀបចំ​នេះ​​អនុញ្ញាត​អោយ​ហុងកុង​រីកចំរើន​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​ស្រដៀង​គ្នា​នឹង​ក្រុង​ឡុង​ដ៍​និង​ញូវយ៉ក​។​

​កិច្ចព្រមព្រៀង​មិន​យក​ទិដ្ឋាការ​ទៅវិញទៅមក រូបិយ​បណ្ណ​កំណត់​ថ្លៃ​ទៅតាម​ប្រាក់​ដុល្លារ ផ្សារ​ហ៊ុន​ធំ​បំផុត​ទី​៤​ក្នុង​លោក ព្រម​ទាំង​ច្បាប់​អនុគ្រោះ​ដល់​ធុរកិច្ច ពន្ធ​និង​ការ​គាំពារ​ដោយ​ច្បាប់​សុទ្ធតែ​ជា​គ្រឿង​​ជំរុញ​ពាណិជ្ជកម្ម​។​

​ប្រសិនបើ​អាម៉េរិក​ជ្រើស​យក​វិធានការ​តឹងរឹង វា​នឹង​បង្ក​ហានិភ័យ​«​គ្រប់​ទិដ្ឋភាព​នៃ​ភាព​ប្រទាក់ក្រឡា​គ្នា​ខាង​ហិរញ្ញវត្ថុ​ដែល​ចិន​មាន​សំរាប់​ផ្សារសេរី » នេះ​បើ​តាម​លោក រ៉ូ​ប៊ឺត ស្ប៉ាល​ឌី​ង អ្នកជំនាញការ​​អាម៉េរិក​-​ចិន នៅ​វិទ្យាស្ថាន​ហ៊ុត​សុន​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​Bloomberg News​ថា «​នៅពេល​វា​ទៅ​អស់​ទៅ វា​នឹង​គ្រោះថ្នាក់​»​។​

​អ្វី​នឹង​កើត​ឡើង​បន្ទាប់​?

​ត្រាំ​បានបញ្ជាក់​ច្បាស់​ថា លោក​នឹង​ដាក់​ចេញ​វិធានការ​មាំ​ទាំង​ខ្លះ ដោយ​កាលពី​ថ្ងៃ​សុក្រ​លោក​បាន​ណែនាំ​អោយ​ពួក​មន្ត្រី​ចាប់ផ្តើម​ដំណើរការ​លុបចោល​គោលនយោបាយ​ដែល​ផ្តល់​អោយ​ហុង​ហុង​នូវ​ការ​​ប្រព្រឹត្ត​ពិសេស​ផ្សេង​ជាងគេ​។​បើ​តាម​លោក​ត្រាំ វា​នឹង​ប៉ះពាល់​គ្រប់​កិច្ចព្រមព្រៀង ចាប់ពី​កិច្ច​បត្យាប័ន​ដល់​ការគ្រប់គ្រង​ការនាំចេញ ។​

​ជូ​លៀន គូ អ្នកជំនាញ​ច្បាប់​អន្តរជាតិ​នៅ​សកល​វិទ្យាល័យ​ហូ​ហ្វ​ស្ត្រា បាន​និយាយថា​« ប្រធានាធិបតី​អាម៉េរិក​មាន​ភាពបត់បែន​ច្រើន​។​ខ្ញុំ​រំពឹងថា គាត់​នឹង​ចាត់វិធានការ​ធំៗ​ខ្លះ ដើម្បី​បង្ហាញ​ថា​លោក​​ម៉ឺង​មាត់​ចំពោះ​ចិន តែ​មិន​កែប្រែ​គ្រប់​ច្បាប់​អាម៉េរិក​ចំពោះ​ហុងកុង​ទេ​»​។​

​តើ​វា​កើតឡើង​ដូច​ម្តេចទៅ​?

​ការសំរេច​ដក​ឋានៈ​ពិសេស​របស់​ហុងកុង បង្ក​ឡើង​ពី​ការភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើង​ថា ចិន​ប៉េកាំង​បំបិទ​សេរីភាព​របស់​ទីក្រុង​នេះ​មុន​កាលកំណត់​ត្រូវ​មក​ដល់​។​បារម្ភ​ខ្លាំង​បំផុត​នោះ​គឺ​ច្បាប់​ហាមឃាត់​​វិទ្ធង្សនា និង​អំពើ​បង្ក​គ្រោះថ្នាក់​សន្តិសុខ​ជាតិ ក្រោយ​មាន​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់​ខែ​នៅ​ក្នុង​ទីក្រុង​នេះ​កាលពី​ឆ្នាំមុន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និយាយថា ច្បាប់​នេះ​មាន​ភាព​ចាំបាច់​ដើម្បី​ទប់ស្កាត់​ភេរវកម្ម​និង​អបគមន៍ តែ​ពួក​ប្រឆាំង​ព្រួយបារម្ភ​ខ្លាច​ក្រែង​វា​បិទ​ខ្ទប់​ក្រុមប្រឆាំង​ដូច​នៅ​ចិនដីគោក​៕​ប្រែ​សម្រួល​៖​វាសនា​

​ចំណាត់ការ​របស់​អាម៉េរិក​នឹង​ប៉ះពាល់​ធ្ងន់​លើ​បណ្តា​ក្រុមហ៊ុន​អាម៉េរិក​ប្រមាណ​៣០០​នៅ​ហុងកុង​

ទីតាំងផ្សាយពាណិជ្ជកម្ម