រដ្ឋមន្ត្រី​ការបរទេសៈ កម្ពុជា​ត្រៀម​ស្វាគមន៍​ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី​កូរ៉េ​

1422
ចែករម្លែក
លោកទេសរដ្ឋមន្រ្តីប្រាក់សុខុន(ស្តាំ)ក្នុងជំនួបជាមួយទូតកូរ៉េខាងត្បូង

ដោយៈ មុនី​រ័ត្ន​​/ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​លោក​គឹម យុង​ជេ (Kim Young-Chae) ឯកអគ្គរដ្ឋទូត​ថ្មី​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។

ជំនួប​ពិភាក្សា​គ្នានេះ គឺ​​ដើម្បី​ពង្រឹង​និង​ពង្រីក​បន្ថែម​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា លោក​ទេសរដ្ឋមន្ត្រីបាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កូរ៉េ ក្នុងការ​លើកកម្ពស់​ប​ន្ថែ​ម​ទៀត​នៅ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយនិង​កម្ពុជា​។ ចំណែក​ឯកអគ្គរដ្ឋទូត​ថ្មី​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សកម្ម​របស់​កម្ពុជា ក្នុងឋានៈ​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​កិច្ចសន្ទនា​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ក្នុង​រយៈកាល​កន្លងមក​នេះ​។

​លោក​គឹម យុង​ជេ ក៏បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ការគាំទ្រ​កម្ពុជា សម្រាប់​ការលើកស្ទួយ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា​ទំនាក់​តំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ក្របខណ្ឌ​អាស៊ាន​។ ហើយ​លោក​អបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ដែល​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ជាង ១០​ភាគរយ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​ម​មកនេះ​។​

​ឯកអគ្គរដ្ឋទូត​ថ្មី​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​អាស៊ាន​បាន​បញ្ជាក់ថា ជំហរ​របស់​កូរ៉េ​គោរព​នូវ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កម្ពុជា ចំពោះ​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​សំណើ​របស់​ប្រធានាធិបតី​កូរ៉េ ដែល​ចង់​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន កូរ៉េ នៅក្នុង​ឆ្នាំ​២០១៩​។​

​ចំណែកលោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា មានការ​រី​រាយ​នៅពេល​ដែល​​បានទទួល​ដំណឹង​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ចំពោះ​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា សូម​ឲ្យ​កូរ៉េ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ​។​

​លោក​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​កម្ពុជា​ត្រៀម​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​មក​កម្ពុជា​នាពេលខាងមុខ​នេះ​។ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ គឺជារ​បទ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ នៃ​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅលើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម