​ក្រុមហ៊ុន​ឡុង​ស្រេង​ឆ្លើយតបបាន​នូវ​អ្វីដែល​ក្រសួងកសិកម្ម​ចង់បាន​

126
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​និង​សហការី​បាន​ចុះ​ពិនិត្យ​អំពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​ឡុង​ស្រេង​ដែល​កំពង់ធ្វើការ​អភិវឌ្ឍ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ចេកអំបូង​លឿង មៀន​ប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុ​រ​ការ៉ុត​) ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បឹងកេត​លើ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​។

​លោក​ឧកញ៉ា​ហេង​ឡុង​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​ដាំ​ដុះ​ដំណាំ​ចេក​ចំនួន ១.០០០​ហិកតា ក្រូចថ្លុង​ចំនួន ៧៨​ហិកតា មៀន​ប៉ៃលិន ២៤០​ហិកតា ទុរេន ១៤៥​ហិកតា និង​ខ្នុរ​កា​រុត​១២៥​ហិកតា​។​ចម្ការ​នីមួយៗ​ត្រូវបាន​រៀបចំឡើង​តាម​លក្ខណៈ​បច្ចេក​ទស​មាន​ប្រព័ន្ធ​ស្រោចស្រព​និង​ប្រព័ន្ធ​ប្រមូល​ផល​ចេញពី​ចម្ការ​កន្លែង​វេច​ខ្ចប់​ឃ្លាំង​ស្តុក​ថ្នាល​បណ្តុះ​កូន​អាង​ស្តុក​និង​ប្រព័ន្ធ​ចែកចាយ​ទឹក​។
​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​១០​ដែល​ទទួលបាន​គោលការណ៍​អនុញ្ញាត​នាំ​ផ្លែ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​ក្នុង​រយ​:​ពេល​៥​ខែ​ដើមឆ្នាំ​២០២០​ក្រុមហ៊ុន​បាន​នាំចេញ​ចេកអំបូង​លឿង​ចំនួន ២២.៧៦២​ត ។​

ក្នុងនោះ​ទៅកាន់​ទីផ្សារ​វៀតណាម ១៤.៤១៤​ត និង​ទីផ្សារ​ចិន ៨ .៣៤៨​ត​។​ក្រៅពី​ដំណាំ​ទាំងនេះ​ក្រុមហ៊ុន​បាន​បង្កើត​រោងចក្រ​ផលិត​ជីសរីរាង្គ​ដែលមាន​សមត្ថភាព​ផលិត​ក្នុង​មួយថ្ងៃ​បាន​១៥០​ត​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​(​លាមក​សត្វ​កន្ទក់​សំណល់​ពី​ចម្ការ​ឈើ​ហូប​ផ្លែ កាក​អំពៅ ស្រា​បៀរ​) សម្រាប់​ប្រើប្រាស់​ក្នុង​ចំការ​ផ្ទាល់ និង​លក់​ចែកចាយ​ក្នុងស្រុក​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​រួចមក​លោក​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរសាទរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពុះពារ​និង​ជំនះបាន​នូវ​រាល់​ឧបសគ្គ​នានា​រហូត​សម្រេច​ទទួលបាន​ជោគជ័យ​។​ដែល​ភាពជោគជ័យ​នេះ​ស្តែងចេញ​ឱ្យឃើញ​តាមរយ​:​សមិទ្ធផល​ដូច​យើង​បានឃើញ​នា​ថ្ងៃនេះ​។​លោក​ក៏បាន​សម្តែង​នូវ​អំណរគុណ​ជូន​ចំពោះ​ភាគី​ពាក់ព័ន្ធ​អគ្គនាយកដ្ឋាន​កសិកម្ម​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ដែល​បាន​ចូលរួមចំណែក​ធ្វើឱ្យ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឈាន​មកដល់​ថ្ងៃនេះ​។

​ភ្ជាប់​ទៅនឹង​គម្រោង​វិនិយោគ​នេះ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ស្ថិតក្នុង​បរិបទ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​កា​រ​កែច្នៃ​វេច​ខ្ចប់​និង​នាំចេញ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​។​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ចាប់ពី​ចំណុច A ដល់ Z តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក​ការកែច្នៃ​ប្រកបដោយ​គុណភាព​អនាម័យ​និង​សុវត្ថិភាព​សមស្រប​តាម​ស្តង់ដារ​នៃ​ទីផ្សារ​នាំចេញ​។​
​ដើម្បី​សម្រេច​គោលដៅ​នេះ​លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​បន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ឱ្យ​បានល្អ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​តាម​អភិក្រម​“​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​និង​សហគមន៍​”​ធ្វើយ៉ាងណា​ចូលរួម​គាំទ្រ​និង​ជំរុញ​បរិមាណ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត​។​

​លោក​ក៏បាន​សម្តែង​ការគាំទ្រ​ផង​ដែល​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​បង្កើន​រោងចក្រ​ផលិត​ជីសរីរាង្គ​ព្រោះ​វា​បាន​ចូលរួម​ប្រើប្រាស់​វត្ថុធាតុដើម​និង​ពលកម្ម​ក្នុងស្រុក​កាត់បន្ថយ​ការប្រើ​ជីគីមី​និង​លើកកម្ពស់​គុណភាព​ផលិតផល​សរីរាង្គ​ដែល​កំពុងមាន​ការពេញនិយម​ទាំង​នៅលើ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស​៕S/

​ ​ ​រូប​និង​អត្ថបទ​ដកស្រង់យក​ពី​វេ​ប​សាយ​ក្រសួងកសិកម្ម​។​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ