ទីក្រុង​មួយចំនួន​ប្រកាស​បម្រាម​គោចរ​នៅពេល​ការប៉ះទង្គិច​និង​ប្រឆាំង​តវ៉ា​រាលដាល​ពាសពេញ​អាម៉េរិក​

494
ចែករម្លែក

​ការប៉ះទង្គិច​បាន​ផ្ទុះឡើង និង​បណ្តា​ទីក្រុង​ធំៗ​ប្រកាស​បម្រាម​គោចរ​នៅពេល​អាម៉េរិក​បានចាប់ផ្តើម​យប់​ដ៏​ចលាចល​មួយទៀត​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ពួក​បាតុករ​ពោរពេញ​ដោយ​កំហឹង​មិន​អើពើ​នឹង​ការ​​ព្រមាន​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ថា​រដ្ឋាភិបាល​លោក​នឹង​បញ្ឈប់​ការប្រឆាំង​តវ៉ា​ហិង្សា​ជុំវិញ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​។​

​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស អា​ត្លង់​តា និង​ហ្វីឡា​ដែល​ហ្វៀ ស្ថិត​ចំណោម​ទីក្រុង​ធំៗ​ជាច្រើន​ដែល​បញ្ជា​ឲ្យ​មនុស្ស​នៅក្នុង​ផ្ទះ ក្រោយ​មនុស្ស​រាប់ពាន់​នាក់​ចេញ​មក​តវ៉ា​បញ្ចេញ​កំហឹង​តាម​ដងផ្លូវ​នៅ​ទូ​ទាំងប្រ​​ទេស​។​

​បុរស​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក ច​ច ផ្ល​យ ដែល​បាន​ស្លាប់​ក្រោយ​ប៉ូលិស​ច្រត់​ជង្គង់​លើក​យូរ​ដល់​ទៅ​៩​នាទី​រហូតដល់​ថប់ដង្ហើម​ស្លាប់ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការប្រព្រឹត្ត​ព្រៃផ្សៃ​របស់​ប៉ូលិស​អាម៉េរិក​​លើ​ជន​ស្បែក​ខ្មៅ និង​បាន​បង្កចលាចល​ស៊ីវិល​អាក្រក់​បំផុត​ដែល​គេ​មិន​ដែល​ធ្លាប់​ឃើញ​នៅ​អាម៉េរិក​អស់​ពេល​រាប់​សិប​ឆ្នាំ​មកហើយ​។​

​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ប៉ូលិស​បាន​បាញ់​គ្រាប់​ជ័រ​និង​បាញ់​ទឹក​ក្នុងអំឡុងពេល​ប្រឈម​មុខ​គ្នា​ជាមួយ​បាតុករ​ដែល​បាន​ដុត​រថយន្ត​ប៉ូលិស​មួយ​ឲ្យ​ឆេះ​។​ប៉ូលិស​និង​បាតុករ​ក៏បាន​ប៉ះទង្គិច​គ្នា​នៅ​​ក្រុង​ស៊ី​កាហ្គោ ហ្វីឡា​ដែល​ហ្វៀ មី​នី​ប៉ូលិស​និង​ញូវយ៉ក​ផងដែរ​។​

រថយន្ត​ប៉ូលិស​ឆេះ​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ក្រោយ​ត្រូវ​បាតុករ​ដុត​កាលពី​ថ្ងៃ​៣០​ឧសភា

​បាតុករ​ដុត​រថយន្ត​ប៉ូលិស​នៅ​ហ្វី​ឡាដែល​ហ្វៀ​

​លោក​ត្រាំ​បន្ទោស​ក្រុម​ឆ្វេង​ជ្រុល​ថា​ញុះញង់​បង្ក​ហិង្សា រួម​មាន​ការ​លួច​យក​ទំនិញ​ជាទូទៅ និង​ការដុត​បំផ្លាញ​នៅ​ក្រុង​មី​នី​ប៉ូលិស​។​

​ការលើកឡើង​របស់​លោក​ត្រាំ​កើតឡើង​ក្រោយ​ពី​ហ្វូង​មនុស្ស​បាន​ចាប់ផ្តើម​ដើរ​ដង្ហែ​តាម​ដង​វិថី​នៅ​ក្រុង មី​នី​ប៉ូលិស ញូវយ៉ក ស៊ី​កាហ្គោ ម៉ា​យ​អា​មី ហ្វីឡា​ដែល​ហ្វៀ និង​ទីក្រុង​ដទៃទៀត ដោយ​ស្រែក​ពាក្យ​​ស្លោក​ដូចជា «​ពួក​ស្បែក​ខ្មៅ​រស់​នៅ​ដូច​សត្វ​ធាតុ​» និង​«​យើង​មិន​អាច​ដកដង្ហើម​» ។​

​នៅ​ហ្វីឡា​ដែល​ហ្វៀ យ៉ាងហោច​ណាស់​ប៉ូលិស​១៣​នាក់​រងរបួស នៅពេល​បាតុកម្មអហិង្សា​ប្រែជា​ហិង្សា​ភ្លាម​និង​រថយន្ត​ប៉ូលិស​យ៉ាងតិច​៤​ត្រូវ​បាន​ដុត​បំផ្លាញ​។​

​ការប្រឆាំង​តវ៉ា​អហិង្សា​ក៏​បាន​កើតមាន​នៅ​ក្រុង​តូ​រ៉ុន​តូ ប្រទេស​កាណាដា ដោយ​ហួស​ព្រំដែន​អាម៉េរិក​។​

​ចលាចល​ស៊ីវិល​នៅពេល​នេះ​នាំឲ្យ​គេ​នឹកឃើញ​កុបកម្ម​នៅ​ឡូ​ស អ៊ែន​ជើ​ឡេស​កាលពី​ជិត​៣០​ឆ្នាំមុន ក្រោយ​ពួក​ប៉ូលិស​ស្បែក​ស​មួយក្រុម​ត្រូវបាន​តុលាការ​កាត់សេចក្តី​ឲ្យ​រួច​ទោស​ចំពោះ​ការវាយដំ​អ្នក​​បើកបរ​ស្បែក​ខ្មៅ​ម្នាក់​។​ការប្រឆាំង​តវ៉ា​រក​យុត្តិធម៌​ចំពោះ​ការស្លាប់​របស់ ច​ច ផ្ល​យ កំពុង​ផ្ទុះឡើង​នៅ​ទីក្រុង​ជាច្រើន​ក្នុង​សហរដ្ឋ​អាម៉េរិក តែ​ការខូចខាត​បាត់បង់​នៅ​មិនទាន់​ស្មើ​កុបកម្ម​៥​ថ្ងៃ​នៅ​ឡូ​ស​ អ៊ែន​ជើ​ឡេស​កាលពី​ឆ្នាំ​១៩៩២ នៅពេល​មនុស្ស​ជាង​៦០​នាក់​បាន​ស្លាប់ ជាង​២​ពាន់​នាក់​រងរបួស រាប់រយ​នាក់​ត្រូវ​ចាប់ខ្លួន និង​ការខូចខាត​គិត​ជា​ប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ