​ស្ថានីយ​ទឹកស្អាត​១​កន្លែង​សម្ពោធ​ដំណើរការ​ចែកចាយ​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​

158
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ស្ថានីយ​ចែកចាយ​ទឹកស្អាត​មួយកន្លែង​នៅ​តំបន់​ដាច់ស្រយាល​ក្នុងភូមិ​ទួល​ធ្នង់​(​ភូមិ​រណប​)​ឃុំ​តស៊ូ​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយបាន​ចែកចាយ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​។​

​លោក​ម៉ប់​ធី​រិត​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​នាឱកាស​ស​ម្ពោ​ធ​ស្ថានីយ​ទឹកស្អាត​កាលពី​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​បានឱ្យដឹងថា​ក្រោម​ការគាំទ្រ​សម្របសម្រួល​ការងារ​ប​ច្ចេកទេស​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការ​ទស្សន​ពិភពលោក ក៏បាន​សាងសង់​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​នេះ​ឡើង តាម​ស្តង់ដា​បច្ចេកទេស​ខ្ពស់​។​

​លោក ម៉ប់ ធី​រិត បាន​បន្តថា ជាមួយ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​ចែកចាយ​ទឹកស្អាត​នេះ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ក៏​បាននិងកំពុង​ធ្វើ​នោះ​រួមមាន​ការជីក​ស្រះ​ជីក​អណ្តូង​និង​ជួសជុល​កែលម្អ​ផ្លូវ​នៅតាម​ជនបទ​ជាដើម​។​ជាមួយគ្នា​នោះ​លោក​រស់​ហេង​អភិបាលស្រុក​ជ័យ​សែន​បាន​ថ្លែងថា​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​នេះ​បាននិងកំពុង​បម្រើ​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ ៦៧​គ្រួសារ​។​

​លោក​បាន​បន្តថា​នៅ​តំបន់​នេះ​មាន​អណ្តូងទឹក​ចំនួន​១០​រួម​និង​អណ្តូងទឹក​ឯកជន​។​តែ​នៅ​រដូវប្រាំង​ភូមិ​នេះ​រង​ការខ្វះខាត​ទឹក​ដោយ​កន្លែង​ដោយសារ​ភូមិ​នេះ​ស្ថិតក្នុង​ទីទួល​ខ្ពស់​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទៅ​ដង​ទឹកអូរ​ទឹក​ព្រែក​យកមកប្រើ​ប្រាស់​។​ដោយ​ឃើញ​ស្ថាន​ការលំបាក​របស់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ភូមិ​-​ឃុំ​និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ជា​បដិភាគ​សម្រាប់​ការសាងសង់​ស្ថានីយ​ទឹក​មួយ​នេះ​។​

​ក្នុងនោះ​ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​ទស្សន​ពិភពលោក​និង​គាំទ្រ​សម្របសម្រួល​ការងារ​ប​ច្ចេកទេស​ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ដើម្បី​ជួយ​សម្រួល​ល់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​សូមជម្រាបថា ស្ថានីយ​ចែកចាយ​ទឹកស្អាត​នេះ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ និង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០​ដោយ​ចំណាយ​ថវិកា​សរុប ៦២.២១៤.០០០ រៀល​៕S/​