ជំនឿ​ងប់​ង​ល់​! បព្វជិត​ហិណ្ឌូ​ម្នាក់ កាត់​ក្បាលមនុស្ស​ក្នុង​ព្រះវិហារ​ឧទ្ទិស​ឱ្យ​ព្រះ

180
ចែករម្លែក

បព្វជិត​ស្រវឹងស្រា​ម្នាក់​អាយុ ៧០​ឆ្នាំ​បាន​កាត់​ក្បាល​បុរស​ម្នាក់​យ៉ាង​ព្រៃផ្សៃ​ដើម្បី​បូជាយញ្ញ ឧទ្ទិស​ដល់​ព្រះអាទិទេព សុំ​ឱ្យជួយ​បញ្ចប់​ការឆ្លង​រាតត្បាត វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។​
​ ​
​ជនល្មើស​ឈ្មោះ សាន​សារី អូ​ចា (Sansari Ojha) មកពី​ព្រះវិហារ Brahmani Devi Temple ដែល​ស្ថិតនៅក្រោម​ប៉ុស្ដិ៍​ប៉ូលិស​ក្នុង​តំបន់​ណា​រ៉ាស៊ី​ពួ (Narasinghpur) ស្រុក​គុត​តាក (Cuttack) រដ្ឋ​អូ​ឌី​សា (Odisha) ប្រទេស​ឥណ្ឌា បាន​កាត់​ក្បាល​ជនរងគ្រោះ​ឈ្មោះ សារ៉ូ​ច កុមារ ប្រា​ដាន (Saroj Kumar Pradhan) វ័យ ៥២ ឆ្នាំ​។​
​ ​
​នៅ​ចំពោះមុខ​សមត្ថកិច្ច បព្វជិត​សាសនា​ហិណ្ឌូ រូបនេះ​សារភាពថា​បានសម្លាប់​ជនរងគ្រោះ នឹង​ពូថៅ​នៅវេលា​ម៉ោង ១ រំលងអធ្រាត្រ​ក្នុង​ព្រះវិហារ​ដើម្បី​បូជា​ដល់​ព្រះអាទិទេព​បន្ទាប់ពី ពួកគេ​ឈ្លោះ​គ្នា​។​

​ប៉ូលិស​ស៊ើបអង្កេត​ឈ្មោះ អាស៊ី​ស កុមារ ស៊ី​ង (Ashish Kumar Singh) និយាយថា​ជនល្មើស មាន​អាកា​រៈ​ស្រវឹង​ជោកជាំ​នៅ​ថ្ងៃកើតហេតុ ហើយ​បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​នៅ​ថ្ងៃ​ដដែល ក្រោយពី​ស្វាង​។​
​ ​
​ជននេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ទេវី (​ព្រះអាទិទេព​ស្រី​) មួយអង្គ​បាន​ចូលក្នុង​សុបិន របស់ខ្លួន ហើយ​បញ្ជា​ឱ្យ​ខ្លួន​បូជាជីវិត​មនុស្ស​ដើម្បី​បញ្ចប់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ​-១៩​។
​ ​
​ចំណែកឯ​ប៉ូលិស​និយាយថា ខ្លួន​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​នេះហើយ ហើយ​អះអាងថា បុរស​ទាំងពីរ​សុទ្ធតែ​ជក់​កញ្ឆា​ដូចគ្នា មុនពេល​ឃាតកម្ម​កើតឡើង​។

​សូមបញ្ជាក់ថា ប្រទេស​ឥណ្ឌា មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​វីដ​-១៩ ចំនួន ៤.៧៩៧ នាក់​គិត​មកទល់នឹង​ថ្ងៃទី​២៨ ខែឧសភា ខណៈ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ឡើងដល់ ១៦៧.៤៤២ នាក់​៕ ប្រែ​សម្រួលៈ ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ