អវកាសយានិកអាម៉េរិកចូលដល់ស្ថានីយអវកាសអន្តរជាតិក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ

309
ចែករម្លែក

អវកាសយានិករបស់អង្គការណាសាបានចូលដល់ស្ថានីយអវកាសអន្តរជាតិកាលពីថ្ងៃអាទិត្យទី៣១ឧសភា បន្ទាប់ពីការធ្វើដំណើររយៈពេល ១៩ ម៉ោងនៅលើយានអវកាសអាម៉េរិកដំបូងគេក្នុងរយៈពេលជិតមួយទសវត្សរ៍ ដែលជាជ័យជម្នះមួយសម្រាប់ក្រុមហ៊ុន SpaceX និងសហគ្រាសឯកជនផងដែរ។

ការមកដល់នេះបានបំពេញនូវជើងទីមួយនៃការធ្វើដំណើរ ដែលរៀបចំឡើងដើម្បីសាកល្បងសមត្ថភាពនៃយាន Crew Dragon។ ប៉ុន្តែបេសកកម្មនេះនឹងត្រូវប្រកាសជោគជ័យនៅពេលអវកាសយានិកវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាពក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

កន្លែងចតយានអវកាសបានបើកនៅម៉ោង ១:០២ នាទីរសៀលម៉ោងភាគខាងកើត នៅពេលដែលលោក បប់ បិញកេន និង លោក ឌូក ហឺលី បានអនុវត្តនីតិវិធីចុងក្រោយមុនពេលឆ្លងចូលស្ថានីយអវកាសអន្តរជាតិនៅប្រហែល ២០ នាទីក្រោយមក។

ស្លៀកពាក់ឈុតប៉ូឡូពណ៌ខ្មៅនិងខោកាគី ពួកគេត្រូវបានស្វាគមន៍ដោយអវកាសយានិកអាម៉េរិក ឈ្មោះ គ្រីស ខាសស៊ីឌី ក៏ដូចជាអវកាសយានិករុស្ស៊ី អាណាតូលី អ៊ីវ៉ានីស៊ីន និង អ៊ីវ៉ាន់ វ៉ាកន័រ ។

បុរសទាំង ៥ នាក់បានថតរូបជុំគ្នា ហើយបន្ទាប់មកអ្នកគ្រប់គ្រងរបស់អង្គការណាសាលោកជីម ប្រាយដិនស្ទីន បាននិយាយទៅកាន់អវកាសយានិកពីមណ្ឌលគ្រប់គ្រងបេសកកម្មនៅទីក្រុងហូស្តុន។

លោកប្រាយដិនស្ទីននិយាយថា “សូមស្វាគមន៍បប់និងឌូក។ ខ្ញុំនឹងប្រាប់អ្នកថាពិភពលោកទាំងមូលបានឃើញបេសកកម្មនេះហើយ ហើយយើងពិតជាមានមោទនភាពចំពោះអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើសម្រាប់ប្រទេសរបស់យើង”។

លោកហឺលីបានឆ្លើយតបថា “វាពិតជាល្អណាស់ដែលនាំសហរដ្ឋអាម៉េរិកត្រឡប់មកធ្វើជំនួញបង្ហោះយានដឹកមនុស្សឡើងវិញ ហើយយើងពិតជារីករាយណាស់ដែលបានចូលរួមនៅលើស្ថានីយដ៏អស្ចារ្យនេះ”។

ប្រធានអវកាសរុស្ស៊ីលោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន ក៏បានផ្តល់ការអបអរសាទរដល់ទាំងអង្គការណាសានិងលោកអេឡុន ម៉ាស ផងដែរ ជាប្រធានក្រុមហ៊ុនអវកាសឯកជន SpaceX ដែលបានបង្កើតយានអវកាស Crew Dragon ។

យាននេះបានចំណាយពេល ១៩ ម៉ោងបើកសំដៅទៅរកស្ថានីយក្នុងល្បឿនរហូតដល់ ២៨.០០០ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលតម្រង់ទៅគោលដៅរបស់វានិងបន្ថយល្បឿនយឺតៗសម្រាប់នីតិវិធីចូលចត ដែលបានធ្វើឡើងនៅលើភាគខាងជើងប្រទេសចិន៕ ដោយ ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ