មនុស្សរាប់ពាន់នាក់ចូលរួមការតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិក ខណៈត្រាំប្តេជ្ញាបង្ក្រាប

122
ចែករម្លែក

ក្រុមបាតុករប្រឆាំងនឹងការរើសអើងជាតិសាសន៍បានធ្វើដំណើរតាមដងផ្លូវនានាក្នុងទីក្រុងទូទាំងសហរដ្ឋអាម៉េរិកកាលពីថ្ងៃអាទិត្យទី៣១ឧសភា ដើម្បីសម្តែង កំហឹងរបស់ពួកគេចំពោះភាពសាហាវឃោរឃៅរបស់ប៉ូលិស ខណៈរដ្ឋបាលត្រាំ ចាត់ទុកពួកអ្នកញុះញង់ឱ្យមានអំពើកុបកម្មក្នុងស្រុក ៥ យប់ជាប់គ្នាថាជាភេរវករ។

ខណៈដែលមេដឹកនាំក្នុងមូលដ្ឋានបានអំពាវនាវដល់ពលរដ្ឋឱ្យផ្តល់នូវមធ្យោបាយបែបស្ថាបនាចំពោះកំហឹងរបស់ពួកគេអំពីមរណភាពរបស់បុរសស្បែកខ្មៅគ្មានអាវុធម្នាក់ បម្រាមគោចរពេលយប់ត្រូវបានដាក់ចេញម្តងទៀតនៅក្នុងទីក្រុង ដូចជាឡូសអ៊ែនជេឡេស ហូស្តុន និងមីននីប៉ូលីស ដែលជាចំណុចកណ្តាលនៃ ភាពចលាចល។

កងឆ្មាំជាតិរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសក្នុងគោលបំណងស្តារភាពស្ងប់ស្ងាត់មកវិញ ប៉ុន្តែក្រុមអ្នកតវ៉ានិងប៉ូលិសបានចូលរួមនៅក្នុងការ ប្រឈមមុខដាក់គ្នា នៅតាមទីក្រុងជាច្រើន ខណៈមានរបាយការណ៍ថ្មីនៃការលួចប្លន់ ផងដែរ។

ការតវ៉ាដែលគេឃ្លាំមើលយ៉ាងដិតដល់បំផុតគឺនៅទីក្រុងសេនផូលនៃរដ្ឋមីននីសូតា កន្លែងដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ាមុនពេលធ្វើដំណើរទៅផ្លូវហាយវេមួយ។

នាង មូណា អាប់ឌី ជានារីស្បែកខ្មៅអាយុ ៣១ ឆ្នាំ ដែលចូលរួមការតវ៉ា បាននិយាយថា “យើងមានកូនប្រុសខ្មៅ បងប្អូនប្រុសខ្មៅ មិត្តភក្តិខ្មៅ យើងមិនចង់ឱ្យពួកគេស្លាប់ទេ។ យើងធុញទ្រាន់នឹងការកើតឡើងរឿងនេះ ហើយជំនាន់នេះមិនមានវាទេ យើងធុញទ្រាន់នឹងការជិះជាន់”។

សំដៅទៅកូនប្រុសរបស់នាងដែលមានអាយុ ៣ ឆ្នាំ នាងបានបន្ថែមថា “ខ្ញុំចង់ធ្វើឱ្យប្រាកដថាវានៅរស់”។

ប៉ូលិសនិងកងទ័ពឆ្មាំជាតិរាប់រយនាក់ត្រូវបានដាក់ពង្រាយ នៅមុខការតវ៉ា ទោះបីពុំមានសេចក្តីរាយការណ៍អំពីភាពចលាចលភ្លាមៗក៏ដោយ។

មានការតវ៉ាទ្រង់ទ្រាយធំផ្សេងទៀតនៅក្នុងទីក្រុងដូចជាម៉ៃអាមីនិងវ៉ាស៊ីនតោនឌីស៊ី កន្លែងដែលប៉ូលិសប្រឆាំងកុបកម្មតម្រង់ជួរនៅខាងក្រៅសេតវិមាន ខណៈហ្វូងមនុស្សប្រមូលផ្តុំគ្នានៅឧទ្យានក្បែរនោះ៕ ដោយ៖ កញ្ញាដាលីស/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ