សមាគមអ្នកចឹញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អ្នកចិញ្ចឹមសត្វ ប្រុងប្រយ័ត្នពីការផ្ទុះជំងឺឆ្លងសត្វឡើងវិញ «យើងភ្លេចជំងឺ តែជំងឺមិនភ្លេចយើងទេ»

112
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ សមាគមអ្នកចឹញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានបើកសិក្ខាសាលា ស្តីពី «ការជំរុញវិស័យចិញ្ចឹមសត្វនៅកម្ពុជា” ដើម្បីស្វែងរកគន្លឹះក្នុងការជំរុញលើកកម្ពស់ ការចឹញ្ចឹមសត្វ និងដើម្បីផ្គង់ផ្គង់ទីផ្សារសាច់សត្វ នៅកម្ពុជាឲ្យបានគ្រប់គ្រាន់។នេះបើតាមប្រពន្ធ័ផ្សព្វផ្សាយតេឡេក្រាមរបស់លោកស៊្រុន ពៅបានអោយដឹងនៅថ្ងៃទី31ខែឧសភានេះ។លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងក្នុងអង្គសិក្ខាសាលាមួយបានធ្វើឡើងក្រោមអធិបតីភាព លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ដោយមានការចូលរួមពីសមាគមអ្នក ចឹញ្ចឹមសត្វកម្ពុជា តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងធនាគារអភិវឌ្ឍន៍ជនបទ កសិករចិញ្ចឹមសត្វចំនួនប្រមាណ១៥០នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗនៅសណ្ឋាគារ រីជេនស៊ី ខេត្តសៀមរាប។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចឹញ្ចឹមសត្វកម្ពុជាបានថ្លែងថា លោកចាប់អារម្មណ៍អំពីគោលបំណងនៃសិក្ខាសាលានេះ ដែលជាឱកាសពិសេស និងជាវេទិកាពិភាក្សាជាមួយអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ សមាគមអ្នកចឹញ្ចឹមសត្វ អ្នកជំនាញផ្សេងៗមានអ្នកជំនាញខាងជំងឺសត្វ អ្នកចឹញ្ចឹមសត្វ និងធនាគារអភិវឌ្ឍន៍ជបបទ ដើម្បីស្វែងរកគន្លឹះក្នុងការជំរុញលើកកម្ពស់ការចឹញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គង់ផ្គង់ទីផ្សារសាច់សត្វនៅកម្ពុជាឲ្យបានគ្រប់គ្រាន់។

លោកបានថ្លែងបន្តថា ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងការរឹតបណ្តឹង និងកាត់បន្ថយការនាំចូលសត្វនោះ គឺលោកប្រធានបានរំលឹកឲ្យប្រជាកសិករប្រុងប្រយ័ត្នអំពីការផ្ទុះជំងឺឆ្លងសត្វឡើងវិញ ដោយលើកឡើងថា «យើងភ្លេចជំងឺ តែជំងឺមិនភ្លេចយើងទេ»។

លោក រស់ សេងហាក់ តំណាងធនាគារអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីទុនពិសេសសម្រាប់ លើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាការចឹញ្ចឹមសត្វ ដោយទុនពិសេសនេះមានលក្ខណៈអនុគ្រោះច្រើន និងងាយស្រួលក្នុងការទទួលបានប្រាក់កម្ចី។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលបានបើកវេទិកាមួយបើកចំហរឲ្យបងប្អូនធ្វើការចោទសួរដោយផ្ទាល់ និងក្រុមអ្នកជំនាញ នូវអ្វីដែលបងប្អូនជួបការលំបាក ដើម្បីស្វែងរកដំណោះស្រាយសមស្រប ក្នុងការជំរុញការចឹញ្ចឹមសត្វ។

លោកបានលើកឡើងបន្តអំពីការកាត់បន្ថយការនាំចូលសត្វជាពិសេសជ្រូក និងមាន់ ស្របតាមអនុសាសន៍របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងតម្លៃសត្វនៅលើទីផ្សារ ឲ្យបានស្ថិរភាពដែលជាគន្លឹះក្នុងការជំរុញការចឹញ្ចឹមសត្វ នៅក្នុងស្រុករបស់ប្រជាកសិករ។

លោកក៏បានធ្វើការសំណេះសំណាលអំពីបទពិសោធន៍ កន្លងមកជាមួយកសិករអំពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ការទប់ស្កាត់ចរាចរជ្រូកខុសច្បាប់ ការលើកកម្ពស់ការចឹញ្ចឹមសត្វ និងការយកចិត្តទុកដាក់ខ្ពស់របស់លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម និងការឆ្លើយឆ្លងជាមួយអង្គសិក្ខាសាលាទាំងមូល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម