យកប្រធានបទ”អភិរក្សជីវចម្រុះដើម្បីយើងទាំងអស់គ្នា”ជាទិវាប្រារព្ធបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥មិថុនា

83
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ឆ្នាំ២០២០នេះ គឺជាលើកទី២៧ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា។ នៅឆ្នាំ២០២០នេះ ប្រធានបទរបស់ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកគឺ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។

ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនាឆ្នាំ២០២០ នេះ ក្រសួងបរិស្ថាន រៀបចំយុទ្ធនាការផ្សព្វផ្សាយជាតាមបណ្តាញអនឡាញ ដែលនៅក្នុងនោះមានសិក្ខាសាលាតាមកម្មវិធីzoom meeting ការផលិតកិច្ចពិភាក្សា ផ្សព្វផ្សាយឯកសារអប់រំ និងផ្ទាំងបដារូបភាពបរិស្ថាន និងការផ្សព្វផ្សាយតាមបណ្តាញវិទ្យុ និងទូរទស្សន៍នានា ក្នុងគោលបំណង លើកទឹកចិត្តឱ្យសាធារណជន នៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត ចូលរួមចលនានៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ប្រព្រឹត្តិទៅយ៉ាងផុសផុលប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ គិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ឆ្នាំ ២០២០ ក៏ជាឆ្នាំដ៏សំខាន់សម្រាប់ការប្តេជ្ញាចិត្តរបស់ប្រជាជាតិ នានាក្នុងការអភិរក្សនិងស្តារជីវៈចម្រុះឡើងវិញ។ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញពីគោលបំណងសំខាន់ៗនៃការប្រារព្ធទិវានេះនៅក្នុងវីដេអូឃ្លីបខាងក្រោម ដើម្បី:
• លើកទឹកចិត្តដល់សាធារណជន អភិវឌ្ឍន៍សកម្មភាពមេត្រីភាពបរិស្ថានរួមគ្នា ដើម្បីទីក្រុងមានសោភ័ណភាព ភូមិដ្ឋានស្អាត មានអនាម័យបរិស្ថានល្អ
• ពង្រឹងការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃ បទល្មើសបំផ្លាញធនធានធម្មជាតិ និង ពង្រឹងការយល់ដឹងពីសារៈសំខាន់ នៃប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ដើម្បីការរស់នៅដោយចីរភាព៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ