សាលាផ្តល់ដំណោះស្រាយរហូតដល់ ១០ចំណុច ហើយនៅមិនទាន់ អាចបញ្ចប់ការតវ៉ាបានទៀត តើអ្វីទៅដែលមាតាបិតានៃសិស្សសាលាអន្តរជាតិ CIA First ចង់បានពិតប្រាកដ ?

94
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីណែនាំមួយស្តីពី «ការចាប់ផ្តើមវិស្សមកាលតូច និង ការឈប់ សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន ទូទាំងប្រទេស» ដើម្បីចូលរួមទប់ស្កាត់នៃការ រីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។

ដោយសារបញ្ហាទាំងនេះ ទាំងសាលារដ្ឋនិងសាលាឯកជន ត្រូវគោរពតាម សេចក្តីណែនាំនេះ ពោលគឺ ត្រូវបិទសាលារៀនជាបណ្តោះអាសន្ន ។ ប៉ុន្តែជាជម្រើស គឺ សិស្សានុសិស្សត្រូវបានតម្រូវឲ្យរៀនតាមអនឡាញ ជំនួសវិញ ។

ក្រឡេកមើលបញ្ហាដែលកើតឡើងវិញ ច្បាស់ណាស់ គុណភាពនៃការសិក្សា គឺ មិនអាចដូចអ្វីដែលបានរៀនផ្ទាល់នៅសាលានោះទេ ពោលគឺទាំងសាលារៀនឯកជន និង សិស្សានុសិស្ស ពិតជាមានការខាតបង់ដូចគ្នា តែវាជាជម្រើសតែមួយ ព្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ ។

បាតុភាពមួយដែលបានកើតឡើង គឺ មាតាបិតានិងអ្នកអាណាព្យាបាលនៃ​សិស្សសាលាអន្តរជាតិ CIA First International School ដែលជាសាលាដ៏ធំមួយ​និងកម្រិតស្តង់ដារអន្តរជាតិ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានផ្ទុះការតវ៉ាជាបន្តបន្ទាប់រហូតដល់៣លើក ដោយទាមទារលក្ខខណ្ឌមួយចំនួន ។

អាណាព្យាបាលនៃសិស្សសាលា CIA First គឺ លោក ផល្លា បានថ្លែងប្រាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅក្នុងពេលតវ៉ាលើកទី៣ ថា «នៅសល់តែ២ចំណុចទៀតប៉ុណ្ណោះ ដែលខាងមាតាបិតា ចង់បាន គឺ ចុះថ្លៃសិក្សា៣៥% ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ សម្រាប់ការសិក្សាតាមអនឡាញ ចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ និង ទី២ គឺ ស្នើឲ្យផ្អាករៀនតាមអនឡាញសម្រាប់​មត្តេយ្យ ដោយមិនបង់ប្រាក់ចាប់ពីខែមេសា ឆ្នាំ២០២០ រហូតមានការប្រកាសពី​ក្រសួងអប់រំសាជាថ្មី»។

ដោយឡែក យើងក្រឡេកទៅមើលដំណោះស្រាយរបស់សាលាអន្តរជាតិ CIA First International School វិញ គឺ បានផ្តល់ដំណោះស្រាយរហូតដល់ចំនួន១០ចំណុច និង សាលាចាត់ទុកថាជាដំណោះស្រាយមួយដ៏ល្អប្រសើរ សម្រាប់ខាងមាតាបិតានិងអ្នកអាណាព្យាបាលនៃសិស្ស ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី «ដំណោះស្រាយចុងក្រោយតាមលទ្ធភាព​របស់សាលាអន្តរជាតិ CIA FIRST International School និង សាលាអន្តរជាតិ CIA PP ជូនមាតាបិតានិងអ្នកអាណាព្យាបាលសិស្ស ក្នុងពេលប្រឈមនឹងការ​រីករាលដាលនៃជំងឺកូវីដ-១៩» កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ គឺ ខាងសាលា បានសម្រេចផ្តល់ជូននូវដំណោះស្រាយចុងក្រោយទៅតាមលទ្ធភាព​ដែលខ្លួនអាចធ្វើបានដូចខាងក្រោម ៖
១-សាលាទុកលទ្ធភាពជូនមាតាបិតា អ្នកអាណាព្យាបាលអាចបង់ថ្លៃសិក្សា៥០% ក្នុងរយៈពេល៣ខែ ពីខែមេសារហូតដល់ខែមិថុនា ឆ្នាំ២០២០ ហើយ ៥០% ទៀត អាចបង់រំលស់ក្នុងរយៈពេល១២ខែ ដោយគិតចាប់តាំងពីឆ្នាំសិក្សាថ្មី២០២០-២០២១ ខាងមុខ ដោយគ្មានការប្រាក់ ។
២-សាលាអនុញ្ញាតឲ្យផ្អាកឬព្យួរសម្រាប់កម្រិតមត្តេយ្យសិក្សា ។ សម្រាប់ថវិកា ដែលបានបង់រួច សាលានឹងទុកជាឥណទានសម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២១ ។
៣-មិនបង់ថ្លៃសេវារថយន្តដឹកជញ្ជូនសិស្សានុសិស្ស អំឡុងពេលប្រឈមនឹង​ជំងឺកូវីដ-១៩ ។
៤-លើកលែងថ្លៃសេវាចុះឈ្មោះចូលរៀន (re-enroliment fee) សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ខាងមុខ សម្រាប់សិស្សចាស់ ។
៥-សាលាសុំការយោគយល់និងអធ្យាស្រ័យ ដោយមិនអាចចុះថ្លៃសិក្សាតាមសំណើ​របស់មាតាបិតាបាន (៣៥%លើគ្រប់កម្រិតសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២០ រហូតដល់ពេលចូលរៀនក្នុងថ្នាក់រៀនជាធម្មតាវិញ) ។ សាលាសុំរក្សាជំហរចុះថ្លៃសិក្សា២៥% សម្រាប់មត្តេយ្យ K3 ដល់ K5 និង ១៥%+៥%=២០% សម្រាប់ថ្នាក់ទី១ដល់ថ្នាក់ទី១២ ចាប់ពីដើមខែេមសា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ។
៦-ចំពោះការបង្វែរថវិកាជូនមាតាបិតាវិញ (មាតាបិតាដែលបានបង់ថវិការួចហើយ) សាលាសុំអនុវត្តតាមគោលការណ៍របស់សាលា ដែលមានជាធរមាន ដូចមានចែងក្នុង​វិក្កយបត្របង់ប្រាក់ ។
៧-ចំពោះការវាយតម្លៃការសិក្សានៅក្នុងពេលនៃការរៀនអនឡាញ និង ការសុំឡើងថ្នាក់ដោយស្វ័យប្រវត្តិ សាលានឹងទទួលយកសំណូមពរនេះទៅពិចារណា និង ពិភាក្សាជាមួយគណៈគ្រប់គ្រង និង លោកគ្រួ អ្នកគ្រូ ។
៨-សាលានឹងមិនដំឡើងថ្លៃសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ ខាងមុខ សម្រាប់គ្រប់កម្រិត ។
៩-សាលានឹងរក្សាថ្លៃសេវាផ្សេងៗ ថ្លៃឯកសណ្ឋាន ថ្លៃសម្ភារសិក្សាជាដើម​ឲ្យនៅដដែលដូចឆ្នាំសិក្សា២០១៩-២០២០ សម្រាប់ឆ្នាំ២០២០-២០២១ ខាងមុខនេះ ។
១០-សម្រាប់មាតាបិតា អ្នកអាណាព្យាបាលដែលមានបំណងចង់ផ្ទេរកូនចេញ សាលានឹងសម្រួលការរៀបចំលិខិតស្នាមគ្រប់បែបយ៉ាងទៅតាមគោលការណ៍ដែលមានជាធរមាន ។
ជាមួយគ្នានេះ សាលាអន្តរជាតិ CIA FIRST International School អះអាងថា សាលានឹងបន្តពង្រឹងគុណភាពសម្រាប់ជាឧត្តមប្រយោជន៍ដល់ការសិក្សារបស់សិស្ស ហើយក្នុងកាលៈទេសៈនេះ សាលាសូមការយោគយល់ និង អធ្យាស្រ័យគ្នាប្រកប​ដោយសន្ដានចិត្តអាណិតអាសូរ និង គោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជម្នះ​ឧបសគ្គដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ៕/B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ