មិនមានបាតុករធ្វើបាតុកម្មនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទេនៅព្រឹកថ្ងៃដំបូងនៃគម្រោង

95
ចែករម្លែក

មន្ត្រីនិងកម្លាំងច្រើនស្អេកស្កះត្រូវពង្រាយ

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ មិនមានបាតុករធ្វើបាតុកម្មនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងទេនៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ ជាថ្ងៃដំបូងនៃគម្រោងធ្វើបាតុកម្មដែលសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជូនដំណឹងនោះ ។

នៅរង្វង់មូលក្បាលស្ពាននិងប្លុកច្រកទ្វារព្រំដែនរហូតដល់ស្ថានីយ៍រថភ្លើងប៉ោយប៉ែតត្រូវបានដាក់បារ៉ាស់ត្រួតពិនិត្យតឹងរឹង ។

ចំណែកមន្ត្រីនិងកម្លាំងចម្រុះរបស់កម្ពុជាយ៉ាងច្រើនស្អេកស្កះត្រូវពង្រាយចំហរនិងសម្ងាត់តាមគោលដៅដែលមានក្នុងផែនការរបស់គណៈបញ្ជាការកងឯកភាពខេតុតបន្ទាយមានជ័យ នៅក្នុងនិងក្រៅនៃជំុវិញបរិវេណតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ។

តំណាលគ្នានោះ នៅខាងច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ខ្លងលឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ វិញនាព្រឹកថ្ងៃទី១ខែមិថុនាដែរ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិងកម្លាំងថៃរាប់រយនាក់ ក៏ពង្រាយចំហរនិងសម្ងាត់ដូចខាងកម្ពុជាដែរ ពោលគឺភាគីទាំង២បាននឹងកំពុងបង្កើនការប្រុងជើងការខ្ពស់បំផុតដូចគ្នា។

ចំណែក រដ្ឋបាលក្រុងប៉ោយប៉ែតបានរំលឹកពីស្មារតីខ្លឹមសារប្រកាសព៍ត៌មានរបស់ខ្លួនដែលច្រានចោលពាក្យចចាមអារាមដែលថាច្រកព្រំដែននេះនឹងបើកនៅថ្ងៃទី១ខែមីថុនាឆ្នាំ២០២០ ។

ក្រុងចាត់ទុកការបំផុសបំផុលនោះជាចេតនាអូសទាញកម្មករអូសរទេះនិងពលករ អាជីវករដែលមានរបររកសុីនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក និងនៅផ្សាររោងក្លឿ មកចូលរួមបាតុកម្ម ឬក៏បង្កើនបរិមាណមនុស្សនៅតំបន់ហាមឃាត់នៃបរិវេណតំបន់ច្រកទ្វារព្រំដែនតែប៉ុណ្ណោះ។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជូនអភិបាលខេត្ត២រូបគឺលោកង៉ោ ម៉េងជ្រួន អភិបាលរងនិងជាប្រធានក្រុមការងារតាមដាន ក្តាប់សភាពការណ៍ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លោកគឹង វណ្ណៈ អនុប្រធាន ទៅសហការនឹងលោកគាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដើម្បីទ្រោលសភាពការណ៍នេះ។ លុះដល់ជិតថ្ងៃត្រង់ លោកអ៊ុ រាត្រី អភិបាលខេត្តក៏អញ្ជើញទៅត្រួតពិនិត្យលើសភាពការណ៍រួមទៀត។

ចំណែកកងកម្លាំងចម្រុះ រួមមាននៅនឹងភូមិសាស្ត្រមាននគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍អុី ចំរើន នាយប៉ុស្តិ៍។

កម្លាំងនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោអាត់ ខែម បានបញ្ជូនលោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងដឹកនាំនិងមានស្នងការរង មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោក លោកអធិការនគរបាលក្រុុងប៉ោយប៉ែត។ ចំពោះកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រីបោន បិន មេបញ្ជាការបានបញ្ជូនលោកវរសេនីយ៍ប៊ុន ណាំអៀង និងនាយកម្លាំងទៅដឹកនាំទ្រោលការងារនេះ។ ជាមួយគ្នានេះដែរ កងទ័ពនៃការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក៏ចូករួមដែរ។

ដោយឡែក ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកមាស ច័ន្ទ​​ពិសិដ្ឋ ព្រះរាជអាជ្ញា បានបញជូនលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងទៅសហការនឹងមន្ត្រូអាជ្ញាធរ កងកម្លាំងដើម្បីអនុវត្តនិតិវិធីលើការងារនេះដែរ។

សូមរំលឹកដែរថា លោកឌិន ពុទ្ធីហៅវុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានជូនដំណឹងពីការដឹកនាំធ្វើបាតុកម្មនៅនឹងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ និងតទៅមុខទៀតដើម្បីបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(សម្រាប់មនុស្សចេញ ចូល) និង(បើមិនបានសម្រេចបំណងនេះទេ ) សូមបិទមិនអោយរថយន្តដឹកទំនិញពីថៃចូលមកកម្ពុជាវិញដែរ ដើម្បីអោយស្មើភាពគ្នា ។

ប៉ុន្តែ លោកអ៊ុ រាត្រី អភិបាលខេត្តបានបញ្ជាក់ក្នុងលិខិតផ្លូវការមួយថា ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យមិនអនុញ្ញាតអោយសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើបាតុកម្មនោះឡើយ ព្រោះច្រកព្រំដែនមិនអាចបើកឡើងវិញនៅឡើយ ត្បិតរាជរដ្ឋាភិបាលកម្ពុជាបន្តបិទប្រទេស (ដូចថៃដែរ) ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩។

ជារួម ស្ថានការណ៍សន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ច្រកទ្វារល្អប្រសើរ ។មន្ត្រីនិងបុគ្គលិក​កាសុីណូ ពលរដ្ឋអាចចេញចូលតំបន់ច្រកទ្វារនិងប្លុកកាសុីណូបាន។ ប៉ុន្តែ​រថយន្តធុនធ្ងន់ដឹកជ ញ្ជូនទំនិញពីប្រទេសថៃមកកម្ពុជា បានផ្អាកសិននៅព្រឹកថ្ងៃទី១ខែមិថុនា៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ